ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បញ្ជាក់កាលពីថ្ងៃទី ២៧ កក្កដា ថាក្រសួងនឹងបិទស្ថានីយវិទ្យុណាដែលមិនអនុវត្ដតាមការណែនាំរបស់ក្រសួងជារៀងរហូត បើវិទ្យុនោះនៅតែបន្តការផ្សព្វផ្សាយធ្វើឱ្យឆ្លងរំខានចូល ហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាសក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ដ្រីបានបញ្ជាក់បែបនេះ ក្នុងពិធីចុះហត្ថលេខាលើប្រកាស អន្តរក្រសួងស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូល ហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី ២៧ កក្កដានៅទីស្ដីការក្រសួងព័ត៌មាន ដោយមានទាំង ៣ ស្ថាប័ន គឺក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា ជាគោលការណ៍ បើឃើញភ្លាមៗថា មានស្ថានីយវិទ្យុណាដែលបង្កផលប៉ះពាល់នោះក្រសួងនឹងបញ្ជាឱ្យបិទការផ្សាយភ្លាម ហើយមន្ដ្រីបច្ចេកទេសក្រសួងនឹងចុះទៅពិនិត្យលើបញ្ហាដែលកើតឡើង។ លោកបន្ដថា បច្ចុប្បន្ននេះភាគច្រើនក្រសួងបានដាក់ឧបករណ៍ពិនិត្យលើហ្វ្រេកង់ស៍ផ្សព្វផ្សាយរបស់ស្ថានីយវិទ្យុដើម្បីកុំឱ្យបង្កការឆ្លង។
លោកថ្លែងថា៖ «សំខាន់គឺគាត់ [ស្ថានីយ វិទ្យុ] ត្រូវជួសជុល បើហ្វ្រេកង់ស៍វិទ្យុគាត់ បើនៅតែបង្កបញ្ហាទៀត គឺយើងបិទរហូតតែម្ដង។ អ្វីដែលសំខាន់ ស្ថានីយវិទ្យុ គឺត្រូវកែប្រែឧបករណ៍របស់គាត់ ដែលត្រូវទាមទារឱ្យស្ថានីយរបស់គាត់បិទការផ្សាយមួយរយៈដើម្បីជួសជុល ឬក៏ស្ថានីយវិទ្យុនោះត្រូវប្ដូរឧបករណ៍កុំឱ្យបង្កការឆ្លងរំខានចូល ហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះលោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ស្ថានីយវិទ្យុមួយចំនួនមានអង់តែន ហ្វ្រេកង់ស៍វិទ្យុតែមួយ ប៉ុន្ដែដើម្បីសន្សំថវិកាបានជួលទៅឱ្យស្ថានីយវិទ្យុ ៣-៤ ទៀត និងដាក់អង់តែនស្ថានីយនៅជិតៗដែលករណីបែបនេះ បណ្ដាលឱ្យឆ្លងរំខានចូល ហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស។
លោកបញ្ជាក់ថា៖ «ដូច្នេះបើគាត់មិនស្ដាប់ទេ គឺយើងបិទ។ កន្លងមកគឺយើងបានបិទមួយចំនួនដែរ។ កន្លងមកមានស្ថានីយវិទ្យុ ១០៧ យើងបានធ្វើការផ្អាកមួយរយៈធំហើយក្រោយមកស្ថានីយនេះក៏បានផ្លាស់ប្ដូរម៉ាស៊ីនផ្សាយកុំឱ្យមានការឆ្លងកើតឡើងទៀត។ យើងក៏បានបិទស្ថានីយវិទ្យុ ១០២.៣ នៅខេត្ដសៀមរាបរយៈពេលជាង ១ ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្នគឺមិនអនុញ្ញាតឱ្យដំណើការផ្សាយឡើងវិញទេ ព្រោះស្ថានីយវិទ្យុនេះបានបំពាក់ស្លាបអង់តែននៅលើបង្គោលអង់តែនដែលមានស្ថានីយវិទ្យុច្រើននាំឱ្យមានការឆ្លងរំខានចូល ហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស»។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ ថ្លែងក្នុងពិធីនេះដែរថា ដោយសារមានការវិវត្ដ ការបំពាក់ឧបករណ៍វិទ្យុផ្សាយសំឡេង ទូរទស្សន៍ ដូច្នេះមានលេខរលកធាតុអាកាសច្រើនធ្វើឱ្យលេខរលកធាតុអាកាសនោះស្ថិតនៅក្បែរៗគ្នា។ លោកថា ទោះបីជាលេខរលកធាតុអាកាសនោះខុសគ្នាពិតមែន ប៉ុន្ដែនៅក្បែរៗគ្នាទើបបណ្ដាលឱ្យមានការឆ្លងរវាងរលកវិទ្យុរបស់អាកាសចរស៊ីវិល និងរលកស្ថានីយវិទ្យុផ្សាយសំឡេង។
លោកថ្លែងថា៖ «កាលណាអ្នកបញ្ជាការហោះហើរពីផ្ទៃដីប្រាប់ទៅអាកាសយានិកបែបណា គឺអាកាសយានិកនឹងធ្វើតាមការណែនាំនោះ។ ប៉ុន្ដែនៅពេលណាអាកាសយានិកមិនអាចទទួលសារពីអ្នកបញ្ជាពីផ្ទៃដី នេះគឺជាបញ្ហាហានិភ័យ»។
លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថាចំណុចហានិភ័យពាក់ព័ន្ធនឹងវិស័យអាកាសចរស៊ីវិលនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដូច្នេះ បន្ទាប់ពីការចុះហត្ថលេខារួមរវាងក្រសួង ស្ថាប័នទាំង ៣ លោកជឿជាក់ថានឹងអនុវត្ដឱ្យមានប្រសិទ្ធភាព ហើយក្ដីបារម្ភរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនឹងអាចកាត់បន្ថយផងដែរ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្លែងថា កន្លងមកក្រសួង ស្ថាប័នទាំង ៣ សហការគ្នាបានល្អ ប៉ុន្ដែជាការសហការគ្នាលក្ខណៈតាមករណីដែលបានកើតឡើងនីមួយៗ។
លោកបានបន្ដថា៖ «បន្ទាប់ពីសេចក្ដីប្រកាសរួមនេះ ក្រសួង ស្ថាប័នយើងទាំង ៣ នឹងរៀបចំនូវគោលការណ៍ ស្ដង់ដា ដើម្បីធ្វើយ៉ាងម៉េចឱ្យការឆ្លងរំខាននេះ នឹងមិនមានកើតឡើងនៅក្នុងតំបន់ហោះហើរក្នុងដែនអាកាសក្នុងប្រទេសកម្ពុជាទេ»។
នាយកប្រតិបត្ដិ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី លើកឡើងថាតាមបទពិសោធរបស់លោកធ្លាប់ធ្វើការងារផ្នែកវិទ្យុជាច្រើនឆ្នាំកន្លងមកទាក់ទងនឹងការគ្រប់គ្រងការផ្សព្វផ្សាយវិទ្យុនេះគឺមានបញ្ហាបច្ចេកទេសច្រើនទាមទារឱ្យក្រសួង ស្ថាប័នទាំង ៣ នេះគ្រប់គ្រងប្រកបដោយតម្លាភាពនៅពេលមានការបើកស្ថានីយវិទ្យុណាមួយ។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រចំពោះការចុះហត្ថលេខាលើការងារបច្ចេកទេសរបស់ក្រសួង និងស្ថាប័នទាំង ៣ នេះ។ ប៉ុន្ដែខ្ញុំជំរុញឱ្យការអនុវត្ដការងារនេះធ្វើឡើងប្រកបដោយតម្លាភាព ព្រោះក្នុងសង្គមយើងនេះមានមន្ដ្រីខិលខូចមួយចំនួនប្រើប្រាស់ឱកាសនេះកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ»៕