
សារព័ត៌មានមួយតាម Live កងកម្លាំងនៅលើស្ពានស្ទឹងមានជ័យ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងព័ត៌មាន ណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពផ្សាយផ្ទាល់ ដេញតាមរថយន្តសង្គ្រោះបន្ទាន់ ជាពិសេសផ្សាយផ្ទាល់នៅតំបន់ក្រហម ដែលជាតំបន់ហាមឃាត់។
សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ស្តីពីការចូលយកព័ត៌មាន និង ការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់ ចុះថ្ងៃទី៤ ឧសភា ឱ្យដឹងថា កន្លងមកក្រសួងសង្កេតឃើញថា សា្ថប័នសារព័ត៌មាន និងបងប្អូន អ្នកសារព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងការផ្សាយព័ត៌មានជូនប្រជាពលរដ្ឋបានយ៉ាងទូលំទូលាយអំពីសកម្មភាព និងវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាព និងវិធានការសុវត្ថិភាព របស់ ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ទន្ទឹមនឹងនេះ ក៏មានអ្នកសារព័ត៌មានមួយចំនួន បានធ្វើការឡាយផ្ទាល់ដេញតាមរថយន្តសង្រ្គោះបន្ទាន់ និងធ្វើអត្ថាធិប្បាយដោយពុំទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលនាំឱ្យមតិសាធារណៈមានការភាន់ច្រឡំ។
ក្រសួងបន្តថា៖«កន្លងមកមានអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសមួយចំនួនបានចុះយកព័ត៌មាន និងធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ជាពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យរដ្ឋ និង ឯកជន»។
ក្រសួងបន្ថែមថា៖«ព្រមទាំងធ្វើ សកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយផ្ទាល់ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋាន វាយតម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំបង្កភាពជ្រួលច្របល់នៅក្នុងសង្គម និងប្រឈមទៅនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរទៅៗ»។
ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ ទៅក្នុងសហគមន៍ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពឡាយផ្ទាល់ជាបន្ទាន់។
ក្រសួងបន្តថា៖«ក្នុងករណីអ្នកសារព័ត៌មាន នៅតែបំពានល្មើសនឹងការណែនាំនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន»។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក.) លោក ហ៊ុយ វណ្ណៈ ថ្លែងថា ក្នុងកាលៈទេសៈនេះ អ្នកសារព័ត៌មាន គួរចូលរួមជាមួយវិធានការនានា ដែលដាក់ចេញដោយអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីសុវត្ថិភាពខ្លួនឯង និងសន្តិសុខក្នុងសង្គម។
លោកថា៖ «ខ្ញុំមើលឃើញបំណងរបស់ក្រសួង មាន ២ចំណុច ទី១ ការការពារអ្នកសារព័ត៌មាន កុំឱ្យចូលទៅតំបន់ក្រហម ព្រោះអាចត្រូវបានអាជ្ញាធរចាប់យកសំណាក ឬធ្វើចត្តាឡីស័ក។ ទី២ តំបន់ក្រហម ជាតំបន់ហាមឃាត់ដែលជាជំនាញរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច»។
លោកបន្តថា៖«ខ្ញុំមើលឃើញមួយទៀត ការជូនដំណឹងនេះ បន្ទាប់ពីកាសែត ABC អូស្រ្តាលី គាត់បានចុះផ្សាយព័ត៌មានមួយ មានចំណងជើងថា បើចេញត្រូវគេវ៉ៃ បើនៅត្រូវដាច់ស្បៀង។ ករណីព័ត៌មាននេះដូចជាលើសបន្តិច រហូតដល់ម៉ោងនេះគ្មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងទេ តែបើស្លាប់ដោយសារកូវីដយើងមាន»។
ទាក់ទិនអ្នកសារព័ត៌មានដែលបានធ្វើការឡាយផ្ទាល់ដោយដេញតាមរថយន្តសង្គ្រោះបន្ទាន់វិញ លោកក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបន្តគោរពវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់សាធារណជន។
លោកថា៖«ខ្ញុំធ្វើកាសែតដែរ ប៉ុន្តែខ្ញុំមិនដែលធ្វើអ៊ីចឹងទេ។ ព្រោះព័ត៌មានអត់ទាន់ផ្លូវការ យើងទៅផ្សាយផ្ទាល់ដើម្បីទាក់ទាញអ្នកទស្សនា។ ដូចនេះខ្ញុំគ្រាន់តែអំពាវនាវទេ មិនគួរឡាយផ្ទាល់ទេ។ បើអនុវត្តបានយើងអនុវត្តទាំងអស់គ្នាហើយត្រូវគិតពីវិជ្ជាជីវៈឡើងវិញ»។
ប៉ុន្តែ នាយកប្រតិបត្តិសម្ព័ន្ធសមាគមអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី យល់ឃើញថា ក្រសួងពុំគួរហាមឃាត់អ្នកសារព័ត៌មានចុះយកព័ត៌មាននៅតំបន់ក្រហមនោះទេ ខណៈពលរដ្ឋជាច្រើន ក៏ដូចជារដ្ឋាភិបាលចង់ឮ និងចង់ដឹង អំពីស្ថានភាពប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។
លោកថ្លែងថា៖ «ជារួម ក្នុងករណីហាមឃាត់អ្នកសារព័ត៌មានត្រឹមតែលក្ខណៈការផ្សាយផ្ទាល់ដេញតាមរថយន្តសង្គ្រោះបន្ទាន់ យើងមើលទៅដូចពិបាកភ្នែក អាចកាត់បន្ថយខ្លះ។ ប៉ុន្តែបើសិនជាការហាមឃាត់ក្តោបទៅលើអ្នកសារព័ត៌មានទាំងអស់គ្នា ខ្ញុំគិតថាមិនគួរទេ»។
លោកបញ្ជាក់ថា៖ «ព្រោះក្នុងស្ថានភាពពេលបិទខ្ទប់នេះ ព័ត៌មានជាច្រើនដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលចង់ដឹងអំពីស្ថានភាពនៃការរស់នៅ និងបញ្ហាជួបប្រទះសម្រាប់បងប្អូនដែលនៅតំបន់បិទខ្ទប់»៕