
លោក ខៀវ កាញារីទ្ធ ក្នុងកិច្ចប្រជុំការងាររៀបចំសៀវភៅពីថ្ងៃ ១៨ ឧសភា។ រូបថត AKP
ភ្នំពេញៈ ក្រសួងព័ត៌មានកំពុងរៀបចំចងក្រងសៀវភៅស្ដីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ សម្រាប់ជាឯកសារប្រវត្ដិសាស្ដ្រថ្មីមួយរបស់កម្ពុជា។
សៀវភៅនោះនឹងបង្ហាញពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការចូលរួមរបស់ក្រសួងព័ត៌មាន តាមរយៈការផ្សាយព័ត៌មានពិត សកម្មភាពក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានផងដែរ។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងព័ត៌មានកំពុងប្រមូលផ្តុំចងក្រងសកម្មភាពទាំងអស់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានទាំងអស់ រួមទាំងការចូលរួមពីវិស័យឯកជនក្នុងការផ្សាយព័ត៌មានពិតលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីចងក្រងជាសៀវភៅ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «យើងបង្ហាញពីភាពប្រឹងប្រែងរបស់អ្នកសារព័ត៌មាន ដែលយើងអាចនិយាយបានថា ក្រៅពីទាហានអាវស ជាគ្រូពេទ្យហ្នឹង អ្នកសារព័ត៌មានគឺជាចំណែកមួយដ៏សំខាន់ដែរក្នុងការចូលរួមជួយទប់ស្កាត់ជំងឺកូវីដ ១៩ ដែលឯកឧត្តមរដ្ឋមន្ត្រីគាត់ចង់លើកទឹកចិត្ត ហើយចង់បង្ហាញជាស្នាដៃឱ្យអ្នកជំនាន់ក្រោយបានដឹង»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា សៀវភៅនេះក៏បង្ហាញពីយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋផងដែរ។ ក្រុមបំពុលសង្គមបានបំផុសកុំឱ្យពលរដ្ឋទៅចាក់ និងបានចោទរាជរដ្ឋាភិបាលថា មិនចាក់វ៉ាក់សាំងឱ្យពលរដ្ឋក៏ដាក់បញ្ចូលចងក្រងទុកក្នុងសៀវភៅនេះដែរ។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មានថ្ងៃទី ១៨ ខែឧសភា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការចងក្រងសៀវភៅនេះក៏បានសិក្សាស្រាវជ្រាវពីការចំណាយថវិការបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ ១៩ ការផ្តល់ជាស្បៀងអាហារ និងថវិកាជូនដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ រួមទាំងការចូលរួមជួយពីសប្បុរសជន និងមន្ត្រីរាជការផងដែរ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានសាទរចំពោះគម្រោងចងក្រងបង្កើតសៀវភៅនេះ ប៉ុន្តែលោកថា ដើម្បីឱ្យសៀវភៅនោះ មានតម្លៃជាឯកសារសម្រាប់សិក្សាឈ្វេងយល់ជាប្រវត្តិសាស្ត្រ ការចងក្រងនេះ គួរតែមានវិធីសាស្ត្រឱ្យបានត្រឹមត្រូវ ជាពិសេសបញ្ចូលសំឡេងភាគីពាក់ព័ន្ធឱ្យបានច្រើន។
លោកថ្លែងថា៖ «ការបញ្ចូលសំឡេងភាគីពាក់ព័ន្ធរហូតដល់ប្រជាពលរដ្ឋធម្មតាឱ្យបានច្រើន ដើម្បីឆ្លុះបញ្ជាំងអំពីទិដ្ឋភាពគ្រប់ជ្រុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមទាំងការដកស្រង់នូវចំណុចប្រឈម និងចំណុចខ្វះខាតនៃការអនុវត្តវិធានការកន្លងមក ដើម្បីទុកជាមេរៀនល្អ និងមិនល្អសម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រផងដែរ» ។
ក្រៅពីសៀវភៅស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្រសួងព័ត៌មានក៏បានកំពុងចងក្រងបោះពុម្ពសៀវភៅចំនួន ២ ក្បាលផ្សេងទៀតផងដែរ ក្នុងនោះ ទី១ គឺសៀវភៅកម្ពុជា ២០២១ ដែលសៀវភៅនេះរៀបចំឡើង ដើម្បីដាក់បង្ហាញក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបឆ្នាំ ២០២១ ដោយគ្រោងបោះពុម្ពចេញជា ៤ ភាសា មានភាសាខ្មែរ អង់គ្លេស បារាំង និងភាសាចិន និងមានប្រមាណ ១១០ ទំព័រ។ នេះបើតាមលោក ផុសសុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោកថ្លែងថា៖ «យើងធ្វើសៀវភៅហ្នឹងតម្រូវគ្នានឹងគណៈប្រតិភូមកពីបណ្តាប្រទេសធំផ្សេងៗដែលយើងអាចធ្វើការលក់ ឬធ្វើជាវត្ថុអនុស្សាវរីយ៍ខ្លះ សម្រាប់ឱ្យអន្តរជាតិអាចស្វែងយល់ពីកម្ពុជាយើងបន្ថែមទៀត។ និយាយរួម ខ្លឹមសារក្នុងសៀវភៅហ្នឹង ភាគច្រើនជាសៀវភៅរូបថតដែលបង្ហាញតំបន់លេចធ្លោ និងតំបន់ពិសេសៗរបស់កម្ពុជាយើង»។
មួយវិញទៀតក្រសួងព័ត៌មានគ្រោងរៀបចំបោះពុម្ពសៀវភៅកំណាព្យដែលបានតែងនិពន្ធតាំងពីអំឡុងឆ្នាំ ១៩៨០ រហូតដល់ឆ្នាំ ១៩៨៣ និងធ្លាប់បានចុះផ្សាយក្នុងកាសែតកម្ពុជាក្នុងសម័យកាលនោះត្រូវបានលោក ខៀវ ណាវី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតអ្នកកាសែតកម្ពុជាបានប្រមូលទុកដល់បច្ចុប្បន្នមាន ៩៨ កំណាព្យ មានលក្ខណៈជាការអប់រំ ការបំផុសឱ្យប្រជាជនចូលរួមបង្កបង្កើនផល និងការការពារប្រទេសក្នុងដំណាក់កាលនោះ។
លោកថ្លែងថា៖ «យើងប្រមូលផ្តុំចងក្រងឡើងវិញនូវស្នាដៃកំណាព្យរបស់អ្នកសារព័ត៌មានជំនាន់ចាស់ដែលគាត់បានបង្ហាញពីគំនិតយោបល់របស់គាត់ ក្រោយពេលងើបពីសង្គ្រាមឡើងវិញភ្លាមៗ កំណាព្យទាំងនោះបានចុះផ្សាយរួចហើយនៅក្នុងកាសែតកម្ពុជាតាំងពីទសវត្សរ៍ ៨០» ៕