ភ្នំពេញៈ ក្រសួង​ព័ត៌មាន​បានដាក់​លិខិត ១ ច្បាប់​ជូន​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព​ដាក់​សារ​ព្រមាន​លើ​សម្បក​កំប៉ុង​​ និង​សម្បក​ដប​ផលិតផល​គ្រឿង​ស្រវឹង​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ពី​ផលិតផល​នេះ​ស្រប​ពេល​ដែល​ក្រសួង​ហាម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​បុណ្យ ផងដែរ​កាលពី​ថ្ងៃទី ២៥ មេសា គណៈប្រតិភូ​ក្រសួង​ព័ត៌មាន​បាន​ប្រជុំ​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ដើម្បី​ពិនិត្យ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​និង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​បាត់បង់​អាយុ​ជីវិត​ពលរដ្ឋ។

តាម​លិខិត​ចុះហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី ៣០ មេសា បាន​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ខាង​លើ​និង​ដើម្បី​ការពារ​អាយុ​ជីវិត​ពលរដ្ឋ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង​ក្នុង​ស្រុក​ដាក់​សារ​ព្រមាន​លើ​សម្បក​កំប៉ុង​និង​សម្បក ដប​ផលិតផល​គ្រឿង​ស្រវឹង «ពិសា​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ»។

លិខិត​ដដែល​បាន​បន្តថា៖ «ពិសា​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ ដែល​ជួយ​ពញ្ញាក់​អារម្មណ៍​អ្នក​សេព​គ្រឿង​ស្រវឹង​ឲ្យ​ទទួល​ទាន​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ ចៀស​វាង​ការ​ទទួល​ទាន​ហួស​ប្រមាណ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អាយុ​ជីវិត និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍»។

លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្មបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា លិខិត​នេះ​បាន​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រួច​រាល់​ហើយ​និង​រង់ចាំ​ការ​ណែនាំ​និង​ពិភាក្សា​បន្ត​បន្ទាប់​ពី​មាន​ការ​សម្រេច​ពី​រដ្ឋមន្ត្រី លោក ចម ប្រសិទ្ធ។

លោកបញ្ជាក់ថា៖ «ការដាក់​សារ​នេះ វា​មិនបាន​ជួយ ១០០ ភាគរយ​ទេ ប៉ុន្តែ​វា​បាន​រួម​ចំណែក​ប្រសើរ​ជាង​ការ​មិន​ដាក់ ព្រោះ​វា​បាន​ជួយ​ពញ្ញាក់​ស្មារតី ដើម្បី​ឲ្យ​ម្នាក់ៗ​គិត​មុន​លូកដៃ​យក​របស់​ហ្នឹង​មក​ទទួល​ទាន ឬក៏​ទិញ គឺ​យើង​ឃើញ​សារ​ហ្នឹង»។

ទន្ទឹមនឹង​នេះដែរ លោក ខៀវ កាញារីទ្ធ ក៏បាន​ចេញ​លិខិត​ដាច់ដោយ​ឡែក ១ ច្បាប់​ទៀត ដើម្បី​ហាម​ប្រាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​បុណ្យ​វិសាខ​បូជា និង​មាឃ​បូជា ជា​រៀងរាល់​ឆ្នាំ​ផងដែរ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ក្នុង​លិខិត​នោះ​ថា ជា​រៀងរាល់ឆ្នាំ កម្ពុជាតែង​ប្រារព្ធ​ពិធី​នេះ​ ​និង​បាន​កំណត់​ថា​គឺជា​ថ្ងៃ​បុណ្យ​ជាតិ​ដើម្បិ​រំឭក​ដល់​ព្រឹត្តិការណ៍​ពិសេស​របស់​ព្រះសម្មា​សម្ពុទ្ធ​ហើយ​ការ​ហាម​ឃាត់​នេះ​គឺ​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។

លោក​បាន​បញ្ជាក់ថា៖ «ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​លើសលប់​ជា​ពុទ្ធសាស​និកជន​នឹង​រំឭក​ដល់​ព្រឹត្តិការណ៍​នេះ ខ្ញុំ​សូម​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ផ្អាក​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​វិសាខ​បូជា​និង​មាឃ​បូជា រៀងរាល់​ឆ្នាំ តាម​កាល​បរិច្ឆេទ​ជាក់ស្តែង​ក្នុង​ឆ្នាំ​នីមួយៗ» ។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​លើក​ឡើង​ថា​វិធានការ​នេះ​គឺជា​ការ​ចាប់ផ្តើម​ល្អ​ដែល​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ ប៉ុន្តែ​លោក​ថា​វិធានការ​ទាំង​នេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ​ព្រោះ​បម្រាម​ផ្សាយ​គ្រឿង​ស្រវឹង​ធ្វើ​តែ​ក្នុង​ថ្ងៃ​បុណ្យ​សាសនា​ដែល ១ ឆ្នាំ​មាន​តែ​ប៉ុន្មាន​ថ្ងៃ។ ម្យ៉ាង​ទៀត លោក​ថា សារ​ព្រមាន​លើ​សម្បក​កំប៉ុង​ និង​សម្បក​ដប​ បើ​គ្រាន់​តែ​មាន​លក្ខណៈ​ស្រាលៗ​ក៏​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ដែរ។

លោក​បញ្ជាក់ថា៖ «ជាល​ទ្ធផល​ការផ្សព្វផ្សាយ​យ៉ាង​អនា​ធិបតេយ្យ​នៅ​តែ​ជា​កត្តា​ទាក់​ទាញ​ខ្លាំង​ដល់​កុមារ​និង​យុវជន​ហើយ​សំខាន់​ខ្លឹមសារ​មានន័យ​ដូច្នេះ?​បើ​គ្រាន់​តែ​ដាក់​ថា សារ​ស្រាលៗ​បើកបរ​កុំ​សេព​គ្រឿង​ស្រវឹង​សារ​ទាំង​នោះ​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​រឭក​នោះ​ទេ»។

តំណាង​ចែកចាយ​ស្រា​បៀរ​ប្រចាំខេត្ត​កំពង់ចាម ១ រូប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វិធានការ​ទាំង​នេះ​គឺជា​ច្បាប់ ១ ដែល​ត្រូវ​តែ​គោរព តែ​វា​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន​ធំៗ​ដែល​ជា អ្នក​ផលិត​នូវ​ផលិតផល​គ្រឿង​ស្រវឹង​ទាំង​នេះ។

លោក​បាន​បញ្ជាក់ថា៖ «ច្បាប់​ដែល​ចេញមក​គឺ​ត្រូវតែ​គោរព​តាមច្បាប់​ហ្នឹងហើយ​វា​មិន​មាន​បញ្ហា​អ្វី​ផង​ព្រោះ​ពួក​ខ្ញុំ គ្រាន់​តែ​ជា​តំណាង​ចែក​ចាយ​ទាក់ទង​នឹង​សម្បក​កំប៉ុង​ហ្នឹង​គឺជា​រឿង​របស់​រោងចក្រ​ផ្ទាល់​បើ​គេ​គោរព​តាម​ពួក​ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ។ដូចជា​បារី​អ៊ីចឹង បើ​ទោះ​ជា​ដាក់​សារ​ព្រមាន​ក៏ដោយ ក៏​នៅ​មាន​អ្នក​ទិញ ប៉ុន្តែ​ក៏​សារ​នេះ​វា​បាន​ចូលរួម​ជួយ​សង្គម​ដែរ»។

តាម​របាយការណ៍​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ​កាល​ពី​ឆ្នាំ ២០១៥ បាន​រក​ឃើញ​ថា គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​គឺជា​បញ្ហា​ដ៏​ធំ​របស់​យុវជន​កម្ពុជា។ លើស​ពី​នេះ​មូលនិធិ​អាស៊ី កាលពី​ឆ្នាំ ២០១៧ ក៏​រក​ឃើញ​ដែរ​ថា​គ្រឿង​ស្រវឹង​គឺជា​កត្តា​រួម​ចំណែក​សំខាន់​ក្នុង​អំពើ​ហិង្សា​ប្ដី​ប្រពន្ធ​ឬ​ដៃគូ​ស្និទ្ធ​ស្នាល ហើយ​ស្រដៀង​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) កាល​ពី​ឆ្នាំ ២០១៦ បាន​ចាត់​ទុក​គ្រឿង​ស្រវឹង​ជា​ទំនិញ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​សង្គម៕