ភ្នំពេញៈ នៅរដូវវស្សាឆ្នាំនេះបណ្ដាខេត្តមួយចំនួននៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ និង តំបន់ទំនាបកណ្ដាលជាប់ដងទន្លេនានាអាចនឹងមានទឹកជំនន់ក្នុងកម្រិតមធ្យម។ នេះបើតាមការព្យាករកម្ពស់ទឹកជំនន់ទន្លេ មេគង្គ លើកទី ១ ប្រចាំឆ្នាំនេះ របស់ក្រសួងធនធានទឹកនិងឧតុនិយម។
ការព្យាករនេះ បានប្រកាសជូនដំណឹងកាលពីល្ងាចម្សិលមិញ បន្ទាប់ពីក្រុមជំនាញការឧតុនិយម និង ជលសាស្ត្រ បានពិនិត្យឃើញថា កម្ពុជាកំពុងរងនូវឥទ្ធិពលនៃបាតុភូតអន្តរកាល Neutral ៦០ ភាគរយ, បាតុភូត El Nino (ក្ដៅ) ១០ភាគរយ និងបាតុភូត La Nana (ត្រជាក់) ៣០ ភាគរយ។ បាតុភូតនេះធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនរាយប៉ាយគ្របដណ្ដប់នៅទូទាំងប្រទេសកម្ពុជា ខណៈស្ថានភាពនៃកម្រិតកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នាពេលបច្ចុប្បន្ន ខ្ពស់ជាង ឬ ប្រហាក់ប្រហែលមធ្យមភាគកាលពីច្រើនឆ្នាំកន្លងមក។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនោះថា៖ «យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី ១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្រ បាសាក់-ចតុមុខ នាឆ្នាំ ២០២១នេះ ទឹកអាចនឹងមានកម្ពស់ ៩,៣០ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម»។
លោកបានឲ្យដឹងទៀតថា ចាប់ពីខែឧសភា ដល់ខែតុលា នឹងមានភ្លៀងធ្លាក់ច្រើនទាំងនៅក្នុងតំបន់អាងទន្លេមេគង្គនិងក្នុងប្រទេសកម្ពុជាដែលអាចនឹងជំរុញឲ្យមានទឹកជំនន់កើតឡើងនៅពាក់កណ្ដាល ឬ នៅចុងរដូវវស្សាឆ្នាំនេះ។
ជាមួយនឹងការព្យាករអំពីកត្តាដែលនាំឲ្យមានទឹកជំនន់នារដូវវស្សាឆ្នាំនេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម នៅរសៀលថ្ងៃទី៤ ខែឧសភានេះ បានអំពាវនាវដល់ពលរដ្ឋ និង អាជ្ញាធរពាក់ព័ន្ធក្នុងភូមិសាស្ត្រតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គនិងតំបន់វាលទំនាបកណ្ដាលជាប់ដងទន្លេមេគង្គ និង ប្រព័ន្ធដៃទន្លេនានាក្នុងប្រទេសកម្ពុជាឲ្យបង្កើនការប្រុងប្រយ័ត្នដោយត្រៀមបម្រុងទុកជាមុននូវគ្រប់មធ្យោបាយទាំងអស់សម្រាប់ឆ្លើយតបឲ្យបានទាន់ពេលដើម្បីកាត់បន្ថយនូវហានិភ័យនៃគ្រោះទឹកជំនន់ដែលអាចនឹងកើតមាននៅពាក់កណ្ដាល ឬនៅចុងរដូវវស្សាខាងមុខនេះ។
លោកបានថ្លែងថា៖ «ពេលនេះ កម្ពស់ទឹកទន្លេមេគង្គគឺនៅទាបនៅឡើយ ប៉ុន្តែវាអាចនឹងជន់ឡើងលឿននៅក្នុងចន្លោះខែសីហា និងខែកញ្ញា ខាងមុខនេះ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្នដើម្បីឆ្លើយតបនិងកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ដែលនឹងអាចកើតមាននៅឆ្នាំនេះ…»។
ជុំវិញករណីនេះ លោក កែវ វី ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់យន្តការឆ្លើយតបនិងកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមបម្រុងរួចហើយទាំងមធ្យោបាយ សម្ភារ ស្បៀងអាហារ គ្រាប់ពូជ ព្រមទាំងកម្លាំងសម្រាប់ជួយសង្គ្រោះពលរដ្ឋនៅក្នុងមូលដ្ឋានដែលងាយរងគ្រោះពីទឹកជំនន់។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះ ក្រុមការងារយើង កំពុងជួយសាងសង់ផ្ទះ និងផ្ដល់ស្បៀងអាហារដល់គ្រួសារពលរដ្ឋរងគ្រោះដោយករណីខ្យល់កន្ត្រាក់ និង រន្ទះបាញ់ព្រមទាំងគ្រួសារដែលរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩។ ចំណែកយន្តការឆ្លើយតបនឹងគ្រោះទឹកជំនន់ក៏យើងបានត្រៀមរួចរាល់ហើយដែរបើទោះជាពេលនេះនៅមិនទាន់មានគ្រោះទឹកជំនន់កើតឡើងក៏ដោយ»៕