​ភ្នំពេញៈ​​ ក្រសួង​សុខាភិ​បាល ​បាន​ព្រ​មាន​​ចាត់​វិធាន​ការ​ចំពោះ​​ការ​ផ្សព្វ​ផ្សាយ​ និង ​ចែក​ចាយ​ផលិត​ផល​ និង ឱសថ​តាម​គណ​នី​ហ្វេ​ក​ប៊ុ​ក ដែល​មិន​​ចុះ​បញ្ជី​ឬក៏​ផ្សព្វ​ផ្សាយ​គ្មា​ន​​កា​រអនុ​ញ្ញាត ​ហើយ​បាន​ស្នើ​សុំ​ឲ្យ​ឈប់​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់​​តទៅ​ទៀត​។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំ​ណឹង​កាល​ពី​ថ្ងៃ​១១មិ​ថុនា​និង​ថ្ងៃ​ម្សិល​មិញ​។

ទន្ទឹម​ការ​ព្រមាន​​នេះ​ក្រសួង​ក៏​បាន​បង្ហោះ​ផលិត​ផល​ប៉ុន្មាន​ប្រ​ភេទ ដូច​ជា ​PLUS FORT GOLD ANT USA និង​ Developped Sex​ រួម​ទាំង​ឈ្មោះ​គណ​នី​ហ្វេ​ក​ប៊ុ​ក​ដែល​បាន​ផ្សព្វ​ផ្សាយ​ផលិត​ផល​ទាំង​នោះ​​ផង​ដែរ​ ដូច​ជា ​Nina Online Shop and Sath Dinna shop ​ជា​ដើម​។​

​ជា​មួយ​គ្នា​នេះ​ក្រសួង​បាន​អំពាវ​នាវ​សា​ធារណ​ជន​ឲ្យ​ឈប់​ប្រើ​ផលិត​ផល​ទាំង​នោះ​ពី​ព្រោះ​វា​មាន​គុណ​វិបត្តិ​ដល់​សុខ​ភាព​។

សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១១ខែ​មិថុនា​បញ្ជាក់​ថា​៖«​ដើម្បី​ចៀស​វាង​ការ​ខាត​បង់​ថវិកា​ ការ​ប៉ះ​ពាល់​សុខ​ភាព​និង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​(​ជំងឺ​គាំង​បេះ​ដូង​)​ក្រសួង​សុខាភិ​បាល​សូម​ជម្រាប​ជូន​ដំណឹង​សា​ធារ​ណ​ជន​ឲ្យ​ឈប់​ប្រើ​ប្រាស់​ផលិត​ផល​ទាំ​ង​នោះ​ជា​បន្ទាន់ ជា​ពិសេស​ផលិត​ផល​ PLUS​ FORT»​។​

ដោយ​ឡែក ​កាល​ពី​ម្សិល​មិញ ​ក្រ​សួង​ក៏​បាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង​ព្រ​មាន​គណ​នី​ហ្វេស​ប៊ុក​ឈ្មោះ Whi​te​ Sk​in Hou​se , Wh​it​e Sk​in Ho​use II និង Gluta​ Wh​ite S​kin H​ouse ផ​ង​ដែរ​ ខណៈ​គណ​នី​ទាំង​នេះ​បាន​ផ្សព្វ​ផ្សព្វ​ឱសថ ​ផលិល​ផល​បំប៉ន​សុខ​ភាព​និង​គ្រឿង​សម្អាង​គ្មាន​ចុះ​បញ្ជិ​កា​និង​គ្មាន​ច្បាប់​។

បើ​តាម​ក្រសួង​​ផលិត​ផល​ទាំង​នោះ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រ​សួង​និង​មិន​បាន​ចុះ​បញ្ជិ​កា​ជា​មួយ​ក្រុមហ៊ុន​ស្រប​ច្បាប់​ទេ​។​ផលិតផល​ដែល​មិន​មាន​ការ​អនុ​ញ្ញាត​ពី​ក្រសួង គ្មាន​អាស​យ​ដ្ឋា​ន គ្មាន​ប្រភព​ក្រុម​ហ៊ុន​នាំ​ចូល ហើយ​ការ​ផ្សព្វ​ផ្សាយ​​បំផ្លើស​ការ​ពិត​។​

តាម​សេច​ក្ដី​ជូន​ដំណឹ​ងទាំងនោះ​​ក្រសួង​​​ក៏​បាន​បញ្ជាក់​ពី​ពាក្យ​ពេច​ន៍​ខ្លះ​ដែល​គេ​ប្រើក្នុ​ង​សារ​ផ្សព្វ​ផ្សាយ​នោះ​ផង​ដែរ​មាន​ដូច​ជា​​៖«​ផលិត​ផល​ដែល​អាច​ជួយ​ឲ្យ​អ្នក​រួម​ភេទ​បាន​ច្រើន​ដង​»​ជា​ដើម​។​

​ទន្ទឹម​នឹង​នេះ​ក្រសួង​ថា​នឹង​ចាត់វិ​ធាន​ការ​ផ្លូវ​ច្បាប់​លើ​ម្ចាស់​គណ​នី​ហ្វេ​ក​ប៊ុ​ក​ទាំងនោះ​​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ស្ដី​អំពី​ការ​គ្រប់​គ្រង​ឱស​ថ​។​

ពៅ ពិសី​ អាយុ​២៤​ឆ្នាំ​ដែល​ជា​ម្ចាស់​គេហ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​«Oun Louk Palet Phol sex, Jouy Tinh oun oat»​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​នាង​បាន​បើក​លក់​ផលិត​ផល​ Dev​elop​ed ​Sex​ តាំង​ពី​ឆ្នាំ ​២០១៦​ នៅ​ពេល​អ្នក​ទិញ​សួររក​ផលិត​ផល​​នោះ​ ប៉ុន្តែ​ នាង​ថា ​ឈប់​​​រក​ស៊ី​ជំនួញ​នោះ​ហើយ​តាំង​ពី​ឆ្នាំ​ ២០១៧ ​មក ​។​

​នាង​បាន​ថ្លែង​ថា​៖«​ឥឡូវ​ខ្ញុំ​ឈប់​លក់​ផលិត​ផល​នោះ​ហើយ​ព្រោះ​ទីផ្សារ​មិន​ធំ​ដូច​ពីមុន​នោះទេ​។

យ៉ាង​ណា​ក្ដី ​ពិសី ថា​នាង​បាន​បង្វែរ​មក​លក់​ផលិត​ផល​ជំនួយ​ផ្លូវ​ភេទ​ផ្សេង​ដែល​ទទួល​ពី​តាម​បណ្ដា​ក្រុម​ហ៊ុន​នានា​។

នាង​បាន​ថ្លែងថា​៖«​ជា​ធម្មតា​ផលិត​អ្វី​ក៏​ដោយ​តែង​តែ​មាន​គុណ​វិ​ប​តិ្ត​របស់​វា​ជា​និច្ច​។​ទោះ​បីជា​យើង​ប្រើប្រាស់​ឡេស​ម្រា​ប់​លាប​ក៏​វា​ប៉ះ​ពាល់​ដល់​សុខ​ភាព​ដែរ​។​សូម្បីតែ​យើង​ញ៉ាំ​ម្ហូប​ចំណី​ផ្សេងៗ​វា​ក៏​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​យើង​ដែរ​ព្រោះ​វា​មាន​ផ្ទុក​សារ​ធាតុ​គីមី​»​។​

អ្នក​នាំ​ពាក្យ​ក្រ​សួង​សុខា​ភិ​បាល​លោក លី សុវណ្ណ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិ​ប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ​៕​