ភ្នំពេញៈ ក្រសួងទេសចរណ៍ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ទេសចរណ៍​គ្រប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ណា​ដែល​មិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ ពី​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល​ឬ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

តាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ដែល​ចុះហត្ថលេខា ដោយ​លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី១១ ខែមករា ដែល​ទើប​ឃើញ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹងថា៖ «ក្រសួងទេសចរណ៍​នឹង​សម្រេច​ដកហូត​មកវិញ​នូវ​អាជ្ញាប័ណ្ណ​ទេសចរណ៍ ប្រសិន បើ​ពិនិត្យឃើញថា មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​នោះ ពុំបាន​អនុវត្ដ​ត្រឹមត្រូវ​តាម​បទដ្ឋា​ន​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ» ។

ជាមួយគ្នានេះ​ក្រសួង​បានលើកឡើង​ពី​ច្បាប់​ស្ដីពី​ទេសចរណ៍​ថា៖ «គ្មាន​បុគ្គល​ណា​ម្នាក់ អាច​ប្រកប​អាជីវក​ម្មទេសចរណ៍​បានទេ ប្រសិនបើ​បុគ្គល​នោះ មិន​បានទទួល​ការផ្ដល់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ពី​ក្រសួងទេសចរណ៍ ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ...» ។

សារាចរ​ដដែល​បាន​ឲ្យ​ដឹងថា នៅមាន​អាជីវកម្ម​ភោជនីយដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ទេសច-រណ៍​មួយចំនួន មិនទាន់បាន​អនុវត្ត​កាតព្វកិច្ច​ស្នើសុំ​អាជ្ញាប័ណ្ណ​ទេសចរណ៍ ក៏ដូចជា​ការអនុវត្ត​ឱ្យបាន​នូវ​ការស្នើសុំ​វិ​ញ្ញាប​នប​ត្រ​បញ្ជាក់​អនាម័យ​ពី​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅឡើយ។

លោក ទិ​ត ចន្ថា អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មិនអាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​បានទេ​កាលពី​ថ្ងៃ​អង្គារ។

លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុ បាន​ថ្លែងថា នៅ​ខេត្ដ​ព្រះសីហនុ រមណីយដ្ឋាន អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋា​នធំៗ មានការ​គោរព​ទៅតាម​លក្ខខណ្ឌ​ណែនាំ​របស់​ក្រសួង និង​មន្ទីរ​បានល្អ ចំពោះ​ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ​នេះ។

លោក​បាន​បន្ដថា៖ «យើង​ឃើញថា ពួកគាត់​ចាប់ផ្ដើម​យល់ និង​ចូលរួម​ចំពោះ​ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ និង​អនាម័យ ប៉ុន្ដែ​វា​មិន​ទាំងអស់​ទេ ព្រោះ​ក៏មាន​អ្នកមួយ​ចំនួន គាត់​ក៏​មិនទាន់បាន​ចូលរួម តែ​យើង​ចាប់ផ្ដើម​ពង្រឹង សំខាន់​ពី​កម្រិត ភោជណីយដ្ឋា​ន មធ្យម និង​បង្គួរ​ដោយឡែក​កម្រិត​ទាប​នោះ​យើង​រាង​ពិបាក​បន្តិច»។

កញ្ញា ស៊ុន សុខ កញ្ញា អ្នកគ្រប់គ្រង​ទូទៅ រមណីយដ្ឋាន​សួន​ទឹក​សុភមង្គល ភូមិស្រ​ឡា​បាលាត់ សង្កាត់​អ៊ូ​ម៉ា​ល់ ខេត្ដ​បាត់ដំបង ដែល​ផ្ដោត​សំខាន់​លើ​ការលក់​ចំណីអាហារ​បែប​ខ្មែរ​នោះបាន​ឲ្យ​ដឹងថា រមណីយដ្ឋា​ន​របស់​នាង បាន​បង្កើតឡើង​ដោយ​គោរព​ទៅតាម​ច្បាប់​ត្រឹមត្រូវ ដោយបាន​សុំ​ការអនុញ្ញាត​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ​មុននឹង​បើក​ដំណើរ​ការរួម​នឹង​ការគោរព​តាម​ស្ដង់ដារ​ចំណីអាហារ ដែល​ក្រសួង​បាន​ណែនាំ ពិសេស​ផ្នែកអនាម័យ។

កញ្ញា​បន្តថា៖ «ចំពោះ​សុវត្ថិភាព​ចំណីអាហារ នៅ​កន្លែង​យើង គឺ​យើង​បាន​ពង្រឹង​ទៅតាម​ការណែនាំ​ដែល​ខាង​មន្ទីរ​ទេសចរណ៍​ចុះមក​ណែនាំ​ចំពោះ​អនាម័យ និង​កន្លែង​លក់ ដូរ​របស់​យើង​អីហ្នឹង»៕