ភ្នំពេញៈ ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញលិខិតព្រមានដល់លោកវេជ្ជបណ្ឌិត ហម ឡុង ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺលើករណីដែលបានពិនិត្យ និងព្យាបាល ជំងឺគ្រុនឈាមដែលបានឲ្យអ្នកជំងឺដេកសម្រាកព្យាបាលដែលជាករណីខុសទៅនឹងលិខិតអនុញ្ញាត ដែលមិនអនុញ្ញាតឲ្យមានគ្រែសម្រាប់អ្នកជំងឺដេកសម្រាកព្យាបាលលើសពី ២៤ ម៉ោងឡើយ។
លិខិតព្រមានដែលមានហត្ថលេខានិងត្រាលោក ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា៖ «លោកវេជ្ជបណ្ឌិត ហម ឡុង ត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងសុខាភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតនិងមិនត្រូវឲ្យមានករណីនេះកើតឡើងទៀតឡើយ។ ក្នុងករណីមិនគោរពតាមការណែនាំ ក្រសួងសុខាភិបាលនឹងបិទបន្ទប់ពិគ្រោះព្យាបាលជំងឺឈ្មោះ ហម ឡុង ព្រមទាំងលោកវេជ្ជបណ្ឌិត ហម ឡុង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
លោក ហម ឡុង កាលពីម្សិលមិញបដិសេធធ្វើអត្ថាធិប្បាយទៅលើករណីដែលរងការព្រមាននេះ។ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយឃ្លីបវីដេអូមួយ កាលពីព្រឹក ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ស្ដីពីភាពចម្រូងចម្រាសមួយរវាងម្ចាស់បន្ទប់ព្យាបាលជំងឺ ហម ឡុង និង ឪពុកម្ដាយរបស់កុមារ ២ នាក់ ដែលមានជំងឺ គ្រុនឈាម ពាក់ព័ន្ធនឹងករណីថ្លៃព្យាបាលដ៏ខ្ពស់បំផុត និងមិនធ្លាប់មាននៅកម្ពុជា គឺ សម្រាកព្យាបាល ៩ ថ្ងៃថ្លៃ ៥,២០០ ដុល្លារ ដែលតម្លៃនេះត្រូវបានមហាជនទូទៅចាត់ទុកថាជាការព្យាបាលដើម្បី «ជំរិតទារប្រាក់» ពីពលរដ្ឋ។
យោងតាមឃ្លីបវីដេអូរមួយ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយពេញបណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ឪពុកម្ដាយក្មេង ២ នាក់ ដែលកើតជំងឺគ្រុនឈាម បាននិយាយទាំងអស់សង្ឃឹមថា គាត់គ្មានលទ្ធភាពក្នុងការបង់ថ្លៃព្យាបាលជំងឺឲ្យកូននោះទេ បើថ្លៃព្យាបាលរហូតដល់ ៥,២០០ ដុល្លារ ក្នុងរយៈពេលតែ ៩ ថ្ងៃ។ ប៉ុន្តែម្ចាស់បន្ទប់ព្យាបាលនោះ បាននិយាយថា គាត់បានប្រើថ្នាំល្អៗ និងថ្លៃៗ ដើម្បីជួយព្យាបាលនិងសង្គ្រោះជីវិតក្មេងទាំង ២ នោះ ពីជំងឺ គ្រុនឈាម។
យ៉ាងណាក៏ដោយករណីនោះ ត្រូវបានសម្របសម្រួលរកដំណោះស្រាយរួចរាល់ហើយ បន្ទាប់ពីក្រសួងសុខាភិបាល បានចាត់មន្ត្រីជំនាញឲ្យចុះមកពិនិត្យអង្កេតភ្លាមៗដល់ទីកន្លែង ដោយគូភាគីទាំង ២ (ម្ចាស់បន្ទប់ព្យាបាលនិងឪពុកម្ដាយអ្នកជំងឺ) បានព្រមព្រៀងគ្នាក្នុងតម្លៃត្រឹម ២,០០០ ដុល្លារ។
ទោះជាបែបណាក្ដី កាលពីម្សិលមិញ លោក រិន សារ៉ុម អាយុ ៤០ ឆ្នាំ ជាឪពុកក្មេងកើតជំងឺគ្រុនឈាម ២ នាក់ ដែលមានលំនៅភូមិពានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីពិនិត្យឃើញកូនគាត់ទាំង ២ ដែល កូនស្រីឈ្មោះ រិន រីណា អាយុ ១៥ ឆ្នាំ និង កូនប្រុសឈ្មោះ រិន សុធារា អាយុ ១១ ឆ្នាំ បានគ្រុនក្ដៅខ្លាំង ចំនួន ៣ ថ្ងៃជាប់គ្នា គាត់និងប្រពន្ធបាននាំកូនមកបន្ទប់ព្យាបាល ហម ឡុង ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីព្យាបាល។
លោកថ្លែងថា៖ «លោកគ្រូពេទ្យ ហម ឡុង បានពិនិត្យអាការជំងឺរបស់កូនខ្ញុំទាំង ២ រួច ប្រាប់ថា ពួកគេមានជំងឺគ្រុនឈាម ត្រូវការសម្រាកព្យាបាលច្រើនថ្ងៃ។ មុនសម្រេចចិត្តទុកកូនទាំង ២ ឲ្យគាត់ព្យាបាល ខ្ញុំបានស៊ើបសួរតម្លៃពីអ្នកជំងឺផ្សេងទៀត ដឹងថា ថ្លៃព្យាបាលមានតម្លៃសមរម្យគឺក្នុងអ្នកជំងឺម្នាក់អស់ច្រើនបំផុតត្រឹមតែ ១,០០០ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែក្រោយការសម្រាកព្យាបាលរយៈពេល ៩ ថ្ងៃ បានជាសះស្បើយ ស្រាប់តែវិក្កយបត្រព្យាបាលគាត់ចេញឲ្យរហូតដល់ ៥,២០០ ដុល្លារ»។
បើតាមសម្ដី លោក សារ៉ុម ក្រោយទទួលបានវិក្កយបត្រថ្លៃព្យាបាលនោះ គាត់និងប្រពន្ធរបស់គាត់ បាននាំគ្នាអង្វរលោកគ្រូពេទ្យ សុំបញ្ចុះថ្លៃមកនៅត្រឹម ៣,៥០០ ដុល្លារ ប៉ុន្តែលោកគ្រូពេទ្យមិនព្រម ហើយថែមទាំងស្ដីបន្ទោសមកពួកគាត់ថា កាលពីកូនឈឺធ្ងន់មកសុំឲ្យពេទ្យជួយសង្គ្រោះព្យាបាលកូនដោយនិយាយថាអស់ប៉ុន្មានអស់ទៅឲ្យតែកូនជា ឥឡូវក្រឡាស់សម្ដី។
យ៉ាងណាក៏ដោយ លោក សារ៉ុម បានទទួលស្គាល់ថា ពួកគាត់ពិតជាបានអង្វរលោកគ្រូពេទ្យបែបនោះមែន ក្នុងនាមពួកគាត់ជាឪពុកម្ដាយរបស់កុមារ ដែលមានជំងឺគ្រុនឈាមទាំង ២ នោះ ព្រោះពួកគាត់ពិតជាមិនចង់បាត់បង់កូនៗរបស់ខ្លួននោះទេ ប៉ុន្តែ ពួកគាត់ពិតជាគ្មានលទ្ធភាពរកប្រាក់ច្រើនបែបនោះមកបង់ថ្លៃព្យាបាលឲ្យកូនគ្រប់ចំនួនដែរ។
លោកបានបន្តថា៖ «ក្រោយការអង្វររបស់ពួកខ្ញុំ គាត់[គ្រូពេទ្យ ឡុង]បានចុះថ្លៃ ១០០ ដុល្លារដែរ គឺពី ៥,២០០ ដុល្លារ មកនៅត្រឹម ៥,១០០ ដុល្លារ តែពួកខ្ញុំនៅតែសុំគាត់ត្រឹម ៣,៥០០ ដុល្លារ។ បន្ទាប់មកក៏មានមន្ត្រីពីក្រសួង និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះមកជួយសម្របសម្រួល ដោយមន្ត្រីម្នាក់ដែលខ្ញុំមិនស្គាល់ឈ្មោះ បានសួរខ្ញុំថា តើប្អូនមានលុយជាប់ខ្លួនប៉ុន្មាន? និងអាចបង់ថ្លៃព្យាបាលគេប៉ុន្មាន? ខ្ញុំបានប្រាប់មន្ត្រីនោះដោយត្រង់ថា ខ្ញុំមានលុយជាប់មកជាមួយសរុប ២,៥០០ ដុល្លារ ប៉ុន្តែខ្ញុំអាចពឹងពាក់បងប្អូនឲ្យរកខ្ចីអ្នកជិតខាងមកបង្គ្រប់ ប្រសិនបើខាងលោកគ្រូពេទ្យយល់ព្រមចុះថ្លៃត្រឹម ៣,៥០០ ដុល្លារ។ ស្រាប់តែមន្ត្រីនោះប្រាប់ទៅគ្រូពេទ្យ ឡុង ថា សូមលោកគ្រូពេទ្យមេត្តាពួកគាត់យកត្រឹមតែ ២,០០០ ដុល្លារ បានហើយ ទុក ៥០០ ដុល្លារឲ្យពួកគាត់ធ្វើសោហ៊ុយនាំកូនទៅផ្ទះវិញ ព្រោះពួកគាត់គ្មានលុយនោះទេ ហើយលោកគ្រូពេទ្យនោះ បានយល់ព្រម»។
លោក សារ៉ុម បានបញ្ជាក់ទៀតថា៖ «បន្ទាប់មក មន្ត្រីរូបនោះបានធ្វើកិច្ចព្រមព្រៀងមួយ ដោយឲ្យពួកខ្ញុំជាឪពុកម្ដាយ និងលោកគ្រូពេទ្យ ហម ឡុង ផ្ដិតមេដៃព្រមព្រៀងក្នុងតម្លៃ ២,០០០ ដុល្លារ និងមិនមាន ការប្ដឹងផ្ដល់អ្វីឡើយ»។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃចន្ទម្សិលមិញនេះ បានអំពាវនាវសាជាថ្មី ដល់ម្ចាស់គ្លីនិក និងបន្ទប់ពិនិត្យព្យាបាលជំងឺតូចធំទាំងអស់ ឲ្យបញ្ឈប់ការព្យាបាលអ្នកជំងឺទាំងឡាយណា ដែលមានផ្ទុកវីរុសជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺឆ្កែឆ្កួត។
លោក មានហេង ថ្លែងថា៖ «ដើម្បីទប់ស្កាត់នូវករណីខាងលើនេះ និងដើម្បីពង្រឹងការគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺឆ្កែឆ្កួត ក៏ដូចជាជំងឺឆ្លងដទៃទៀត គ្រប់គ្លីនិកនិងបន្ទប់ព្យាបាលឯកជនទាំងអស់ ត្រូវបញ្ឈប់ការព្យាបាលអ្នកជំងឺដូចដែលបានរៀបរាប់ខាងលើ និងសូមរាយការណ៍ និងបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យរដ្ឋ ដើម្បីឲ្យគ្រូពេទ្យជំនាញនៅក្នុងមន្ទីរពេទ្យរដ្ឋ ពិនិត្យព្យាបាល»៕