ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានពិនិត្យសំណើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញរបស់ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានស្នើកាលពីថ្ងៃទី ១៧ ឧសភា រួចរាលហើយ។ ក្រសួងបាន និងកំពុងរៀបចំសំណុំឯកសារថ្វាយទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្តលេខាផ្តល់នីតិសម្បទាជាផ្លូវការ។
លោក ឈឹម កាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែឧសភាថា លោកកំពុងចាត់ចែងអនុវត្តនីតិវិធី រៀបចំលិខិត ដើម្បីស្នើសុំទៅព្រះមហាក្សត្រ ផ្តល់នីតិសម្បទានយោបាយឡើងវិញដល់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់។
លោក ឈឹម កាន ថ្លែងថា៖ «តាមការពិនិត្យជាក់ស្តែងទាំងលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ពុំមានប្រព្រឹត្តខុសទៅនឹងបម្រាមរបស់តុលាការនោះទេ។ អ៊ីចឹងគាត់អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញបាន»។
ទោះជាយ៉ាងណា លោក ឈឹម កាន មិនបានបញ្ជាក់ថា ពេលណានឹងបញ្ជូនលិខិតស្នើសុំទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្តលេខានោះទេ ប៉ុន្តែលោកថា នឹងផ្ញើទៅឆាប់ៗនេះ។
លោក ផាន់ ច័ន្ទសាក់ ថ្លែងថា ក្រោយពីលោកជាប់បម្រាមរបស់តុលាការកំពូលអស់រយៈពេលជាង ៣ ឆ្នាំនេះ លោកបានគោរពតាមសេចក្តីសម្រេចរបស់សាលក្រមបានយ៉ាងត្រឹមត្រូវ។
លោក ផាន់ ច័ន្ធសាក់ ថ្លែងថា លោកក៏មិនដែលបានចូលរួមសកម្មភាពនយោបាយ ឬក៏ចូលរួមជាសមាជិកនយោបាយនោះទេ ក្រៅពីការរស់នៅជាប្រជាពលរដ្ឋធម្មតា និងប្រកបការងារជាធម្មតា។ ដូច្នេះ បានជាក្រសួងមហាផ្ទៃបានពិនិត្យមើលបុគ្គលិកលក្ខណៈសម្បត្តិរបស់លោកទាំងអស់នេះ ក៏បានសម្រេចផ្តល់ឱ្យនីតិសម្បទានយោបាយឡើងវិញ។
លោក ផាន់ ច័ន្ទសាក់ ថ្លែងថា៖ «ខ្ញុំក៏មិនបានចូលរួមចលនាលើកម្រាម ៩ ឬ ម្រាម ៨ ឯណា ខ្ញុំនៅស្ងៀមស្ងាត់ធម្មតា»។
លោកបញ្ជាក់ថា នៅពេលដែលទទួលនីតិសម្បទានយោបាយវិញហើយ នោះលោកនឹងទៅចូលរួមអាជីពនយោបាយជាមួយលោក អ៊ូ ច័ន្ទរ័ត្ន ដែលបង្កើតគណបក្សថ្មី គឺគណបក្សកែទម្រង់កម្ពុជា៕