ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចដាក់វិន័យ ក្រោមរូបភាព “ព្រមានលើកទី១” ចំពោះឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល ដោយមូលហេតុ ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ។ នេះបើយោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន។
ការសម្រេចដាក់វិន័យនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនដែលអះអាងថា ជាមន្ត្រីក្របខ័ណ្ឌនគរបាលខេត្តកណ្ដាលចំនួន ៥០ រូប បានផ្ដិតមេដៃប្តឹងលោក អ៊ាវ ចំរើន ទៅក្រសួងមហាផ្ទៃ ដោយបានចោទមេនគរបាលខេត្តរូបនេះថា ប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយផ្សេងៗ។
លោក ឆាយ គឹមខឿន បញ្ជាក់ថា៖ «គាត់ (លោក អ៊ាវ ចំរើន) មិនមែនអាក្រក់ទាំងអស់ទេ គាត់ក៏មានគុណសម្បត្តិរបស់គាត់ដែរ។ តែដោយសារមានការធ្វេសប្រហែស ធ្វើឲ្យមានបញ្ហាខ្លះក្នុងការបញ្ជាដឹកនាំ ដូច្នេះហើយត្រូវតែពិន័យ និងព្រមានគាត់ខ្លះ»។
ទាក់ទងនឹងបណ្តឹងចោទលោក អ៊ាវ ចំរើន ថាប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយផ្សេងៗ លោក ឆាយ គឹមខឿន បានឆ្លើយថា៖ «បងឆ្លើយមិនរួចទេ បើអូនឯងដឹងពីណាសួរបញ្ជាក់ពីហ្នឹងទៅ។ បន្ទាប់ពីការព្រមានមកយើងតាមអង្កេតមើលថា គាត់កែប្រែ ឬអត់? ហើយបើគាត់មិនកែប្រែ ចូលដំណាក់កាលទី២ ត្រូវដកហូតតំណែង ឬយ៉ាងម៉េចទៅតាមកំហុសរបស់គាត់»។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី ២៥ កក្កដា របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាសែតភ្នំពេញប៉ុស្តិ៍ ទើបទទួលបានកាលពីថ្ងៃទី ១០ សីហា នេះបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើអនុវត្តវិន័យក្រោមរូបភាព “ព្រមានលើកទី១” ចំពោះឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដោយមូលហេតុ “ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ”។
សេចក្តីសម្រេចបញ្ជាក់ថា៖ «សាមីខ្លួនដែលមានឈ្មោះ (អ៊ាវ ចំរើន) ត្រូវកែប្រែនូវកំហុសឆ្គង និងឥរិយាបថដឹកនាំរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះនឹងចាត់វិធានការ តាមវិន័យរបស់កម្លាំងនគរបាលជាតិ»។
នៅពេលទាក់ទងពីម្សិលមិញ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និយាយថា លោកមិនអាចធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងការដាក់វិន័យនេះបានទេ។
កាលពីចុងខែឧសភា ក្រសួងមហាផ្ទៃបានកោះហៅស្នងការរងនគរបាលខេត្តកណ្តាលចំនួន ៦ រូប ឲ្យចូលទៅបំភ្លឺ រួមមានលោក រឿន ណារ៉ា លោក វ៉ែន សុវិន លោក ចាន់ សាវឿន លោក តុប សុវណ្ណ លោក សេង គីមឃន និងលោក ឈឿន សុចិត្ត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកស្នងការរូបនេះ បានប្រើអំណាចផ្ដាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពផ្សេងៗរហូតដល់ ១៦ ករណី។
ពាក្យបណ្តឹងខាងលើបញ្ជាក់ថា៖ «កាត់ប្រាក់បោះឆ្នោតជាតិ ក្រុមប្រឹក្សាឃុំ និងថវិកាអត្តសញ្ញាណប័ណ្ណ កាត់ប្រាក់ការងារអន្តោប្រវេសន៍ (ក្នុងចំនួន ៥០% នៃប្រាក់សរុបរបស់រាជរដ្ឋាភិបាលផ្តល់ឲ្យ)។ រថយន្តទំនើបលួចកោដ្ឋមាស សារីរិកធាតុចំនួន ១ គ្រឿង ដែលសមត្ថកិច្ចបង្ក្រាបបាននៅស្រុកពញាឮ។ រថយន្តហ៊ីយ៉ាន់ដាយដឹកស្រាជីវ៉ាក់ក្លែងក្លាយចំនួន ១ គ្រឿង យកលុយជាថ្នូរនឹងការតែងតាំងតួនាទីពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ យកលុយពីអ្នកលេងឆ្នោតនៅជ្រៃធំ ស្រុកកោះធំក្នុង ១ ខែ ៨០០ ដុល្លារ។ បើកដៃឲ្យលោក លី សុជាតិ នាយការិយាល័យសេដ្ឋកិច្ចដើរដាក់ខែអីវ៉ាន់គេចពន្ធ»៕