ភ្នំពេញៈ ក្រសួងមហាផ្ទៃ​ប្រកាស​ទទួល​ស្គាល់ និង​ចុះឈ្មោះ​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម​ដែល​ទើប​បង្កើត​ថ្មី​ក្នុង​បញ្ជី​របស់​ក្រសួង​ជា​ផ្លូវការ ខណៈ​ប្រធាន​សមាគម លោក ជុំ ហួត បង្ហាញ​ជំហរ​ថា​នឹង​លើកកម្ពស់​ការយល់ដឹង​ពី​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ចាំបាច់​របស់​បរិស្ថាន​នៅ​កម្ពុជា​។

តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​ ៩ កក្កដា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួលបាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​សម្រេច​ចុះឈ្មោះ សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម​ទៅ​​ក្នុង​បញ្ជី​របស់ខ្លួន​ដែល​សមាគម​នេះ​មាន​ស្នាក់ការ​កណ្តាល​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

ជាមួយ​នឹង​ការទទួលស្គាល់​នេះ​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​សមាគម​នេះ​ធ្វើ​សកម្មភាព​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ជាពិសេស​គឺ​ស្របតាម​លក្ខន្តិកៈ​របស់​ខ្លួន​ដោយ​មិន​​រើសអើង ការប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ឬ​សាសនា​ណាមួយ​ឡើយ​។

តាម​លក្ខន្តិកៈ សមាគម​នេះ​ធ្វើ​សកម្មភាព​ស្របតាម​រដ្ឋ​ធម្មនុញ្ញ ដើម្បី​តស៊ូ​មតិ ចូលរួម​ថែរក្សា ការពារ​ធនធាន​ធម្មជាតិ ទន្លេមេគង្គ ទន្លេសាប សមុទ្រ ដោយ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ សហគមន៍ និង​ការអភិរក្ស​ព្រៃឈើ សត្វព្រៃ បរិស្ថាន​ឲ្យ​មាន​និរន្តរភាព​។

លក្ខន្តិកៈ​ដដែល​បាន​បន្តថា​៖ «​ចក្ខុវិស័យ​គឺ​ចង់ឃើញ​សង្គម​មួយ​ដែល​ឱ្យ​តម្លៃ​ទៅលើ​បរិស្ថាន និង​សង្គម​ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​ជា​អ្នកចូលរួម​ថែរក្សា​ការពារ អភិរក្ស​សត្វព្រៃ ព្រៃឈើ ធនធាន​ធម្មជាតិ និង​យុត្តិធម៌​សង្គម​។ បេសកកម្ម​របស់​យើង​គឺ​ធ្វើឱ្យ​យុវជន​ និង​ពលរដ្ឋ​មាន​ទំនុកចិត្ត វិជ្ជាជីវៈ សក្ដានុពល ក្លាយ​ជា​កោសិកា​ល្អ​ក្នុង​សង្គម​ក្នុង​ការរួមចំណែក​ការពារ​ធនធាន​ធម្មជាតិ​​ និង​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព​»​។

លោក ជុំ ហួត ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការដែល​លោក​បង្កើត​សមាគម​នេះ​គឺ​ដើម្បី​បាន​​ធ្វើ​សកម្មភាព​សង្គម​ឲ្យ​បាន​ពេញលេញ ហើយ​ក៏​រំពឹងថា នឹង​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ពិសេស​មន្ត្រី​មូលដ្ឋាន​។

លោក​ថា​៖ «​ដើម្បី​ចៀសវាង​ពី​ការចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ថា​​ពួកយើង​ធ្វើ​សកម្មភាព​ខុសច្បាប់ ពួកយើង​ក៏​សម្រេច​បង្កើត​សមាគម​នេះ​ឡើង​ដើម្បី​បង្ហាញថា សមាគម​យើង​គឺ​ស្របច្បាប់​ហើយ​ធ្វើ​ការងារ​អ្វីមួយ​គឺ​ស្របតាម​ច្បាប់​»​។

លោក ជុំ ហួត ក៏បាន​បញ្ជាក់​ដែរ​​ថា សមាគម​នេះ​នឹង​រួមចំណែក​លើក​កម្ពស់​ការយល់ដឹង​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ចាំបាច់​របស់​បរិស្ថាន និង​បង្កើន​ការបារម្ភ​ពី​ការបាត់បង់​ធនធាន​ធម្មជាតិ ដើម្បី​បង្ហាញ​លទ្ធផល​ទៅ​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​តាម​នីតិវិធី​សមស្រប​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ផ្នែក​អង្គការ សមាគម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គិត​មកទល់​ពេលនេះ​គឺ​មាន​អង្គការ សមាគម ជិត ៦ ០០០ ​ស្ថាប័ន​ហើយ ដែល​ក្រសួង​ចុះបញ្ជី និង​ផ្តល់​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ និង​លក្ខន្តិកៈ​ដែល​បានកំណត់​។

លោក​បន្តថា ការទទួលស្គាល់​សមាគម​ថ្មី​នេះ​ក៏​មិន​ខុសគ្នា​នឹង​សមាគម ឬ​អង្គការ​ដទៃទៀត​ដែរ ព្រោះ​ឲ្យ​តែ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឃើញ​ថា អ្វីដែល​ពួកគេ​បាន​បំពេញ​គឺ​ស្របតាម​ច្បាប់​ហើយ​គឺ​ក្រសួង​តែងតែ​អនុញ្ញាត​។

លោកប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លើកឡើង​ពី​ម្សិលមិញ​ថា បើ​មើល​លើ​ចំនួន​អង្គការ​ និង​សមាគម​ដែល​បាន​ចុះបញ្ជី គឺ​ពិតជា​មាន​ច្រើន​។ ​ប៉ុន្តែ​បើ​ពិនិត្យ​ពី​សកម្មភាពជាក់ស្តែង និង​គុណភាព​នៃ​អង្គការ​សមាគម​ទាំងនោះ គឺ​ឃើញថា​នៅ​​មាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​ថា​៖ «​ការផ្តល់​សិទ្ធិ​សេរីភាព​​ ឬ​ក៏​លំហូរ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​​ហ្នឹង​ក៏​នៅ​មាន​កម្រិត​...​ហើយ​អាស្រ័យ​​លើ​ស្ថានភាព​នយោបាយ​ដែល​កន្លង​​មក បើ​ស្ថានភាព​នយោបាយ​តានតឹង​នោះ​សិទ្ធិសេរីភាព​ក៏មាន​ការ​រឹតត្បិត សូម្បីតែ​ថ្លែង​សារ ឬ​ការបញ្ចេញមតិ​អ្វី​នោះ​ក៏មាន​ការឃាត់​ឃាំង​ដែរ​»​។

លោក ប៉ា ច័ន្ទរឿន រំពឹង​ថា​អង្គការ​សមាគម​នឹង​ទទួលបាន​សិទ្ធិ​ពេញលេញ​ក្នុង​ការបំពេញ​សកម្មភាព​របស់ខ្លួន ព្រោះ​ស្ថាប័ន​ទាំងនេះ​គឺ​បាន​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គមជាតិ ជាពិសេស​សកម្មភាព​របស់​ស្ថាប័ន​ទាំងនេះ​ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​​កម្ពុជា​ផងដែរ​។

ប៉ុន្តែ​លោក​ ប៊ុន ហុន បាន​បញ្ជាក់ថា​៖ «​ចំពោះ​សកម្មភាព​ជាក់ស្តែង​គឺ​អាស្រ័យ​លើ​សមាគម​នោះ​ថា បាន​ធ្វើ​ត្រឹមត្រូវ​ទេ​។ បើ​គាត់​ធ្វើ​មិន​ស្របច្បាប់ មិន​ស្រប​ជាមួយ​លក្ខន្តិកៈ​ដែល​បានដាក់​មក​ក្រសួង​គឺ​នឹង​មាន​វិធានការ​តាម​ហ្នឹង​»៕