ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ​នឹង​បើក​កិច្ច​ប្រជុំ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​លើក​ទី៦ នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ ​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ខណៈ​សង្គម​ស៊ីវិល​រំពឹង​ថា អ្វី​ដែល​ពួក​គេ​បាន​លើក​ឡើង​កន្លង​មក នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី ៣០ ខែ​មិថុនា បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​រដ្ឋាភិបាល ​ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើ និង​សំណូម​ពរ​របស់​អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​ដំណើរការ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី៦ ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃទី ៦ ខែ​កក្កដា នា​សាលប្រជុំ​ក្រសួង​មហាផ្ទៃ។​ កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​ពិភាក្សា​ លើ​ខ្លឹមសារ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​សង្គម​ស៊ីវិល។

ក្រសួង​មហាផ្ទៃ​ថ្លែង​ថា៖ «ដើម្បី​ចូលរួម​អនុវត្ត​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ របស់​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ ក្រសួង​មហា​ផ្ទៃ នឹង​អ​ញ្ជើញ​តែ​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ធ្លាប់​បាន​ចូលរួម​កិច្ច​ប្រជុំ​កាល​ពី​លើក​មុន ដើម្បី​ចូល​រួម​តែ​ប៉ុណ្ណោះ​»។

លោក សឿង សារឿន នាយក​ប្រតិបត្តិ​​អង្គការ CCC ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាមរយៈ​កិច្ច​ប្រជុំ​នាពេល​កន្លង​មក សង្គម​ស៊ីវិល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​ធ្វើ​ការ​កែប្រែ​នូវ​ខ្លឹមសារ​ចំនួន ១០ មាត្រា ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​ចុះ​បញ្ចី​របស់​អង្គការ សមាគម រួម​ទាំង​កែប្រែ​នូវ​ពាក្យ​ពេចន៍​មួយ​ចំនួន​ឲ្យ​បាន​ច្បាស់លាស់។ បន្ថែម​ពី​នេះ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​លុប​ចោល​នូវ​មាត្រា​មួយ​ចំនួន ដែល​មាន​លក្ខណៈ រឹត​ត្បិត​សិទ្ធិ​សេរីភាព និង​ការ​ធ្វើ​សកម្មភាព​នានា របស់​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖ «ការ​រំពឹង​របស់​អង្គការ​ស៊ីវិល​យើង ​គឺ​ចង់​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់ ព្រោះ​ច្បាប់​បច្ចុប្បន្ន​ មាន​ចំណុច​ឆក​ល្វែង​ច្រើន នៅ​ពេល​យក​ទៅ​អនុវត្ត​ទៅ​មាន​ការ​ស្មុគស្មាញ មាន​កម្រិត​ថ្នាក់​ក្រសួង​ជា​ពិសេស​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង ដែល​ខុសៗ​គ្នា ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ហ្នឹង លោក​ពិបាក​ធ្វើ​កិច្ច​ការងារ»។

លោក សារឿន សង្ឃឹម​ថា ច្បាប់​ដែល​នឹង​ធ្វើ​វិសោធនកម្ម​ក្នុង​ពេល​ខ្លី​ខាង​មុខ​ហ្នឹង នឹង​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ជាក់​ស្តែង ហើយ​ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​សង្គម​ស៊ីវិល​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន។

លោក ឈឹម កាន អគ្គនាយករង​ទទួល​បន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា តាម​គម្រោង​របស់​ក្រសួង​មហាផ្ទៃ​នឹង​ពន្លឿន​កិច្ច​ពិភាក្សា​នេះ ឲ្យ​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​​ទៅ​បាន ​ដើម្បី​ឈាន​ទៅ​ដល់​ដំណាក់កាល​នៃ​ការ​ធ្វើ​វិសោធនកម្ម​ក្នុង​ពេល​ខាង​មុខ។

លោក​​អះអាង​ថា ចំពោះ​សំណើ​ទាំង​អស់ ដែល​ក្រុម​សង្គម​ស៊ីវិល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ ក្រសួង​នឹង​យក​មក​ពិចារណា​ដើម្បី​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ប៉ុន្តែ​ទទួល​យក​ក្នុង​កម្រិតណា​នោះ​ មិន​ទាន់​អាច​បញ្ជាក់​បាន​នោះ​ទេ។

លោក​​ថា៖ «យើង​ទទួល​យក​ទាំង​​អស់​ពាក់ព័ន្ធ​ទៅ​នឹង​សំណើ​របស់​ពួក​គេ ឲ្យ​តែ​មាន​ការ​ស្នើ។ គ្រាន់​តែ​ការ​សម្រេច បែប​ណា​នោះ គឺ​ចុង​ក្រោយ​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​​ដាក់​បញ្ចូល ឬ​កែប្រែ​ចំណុច​ណា​នោះ។ ក្រុម​ការងារ​នៅ​ពេលនេះ គឺ​នឹង​ប្រមូល​ធាតុ​ចូល​មក​ទាំង​អស់ ព្រោះ​យើង​មិន​ទាន់​ហ៊ាន​សម្រេច​អ្វី​​ទាំង​អស់ គ្រាន់​តែ​យើង​ពិភាក្សា​ពី​ហេតុផល មូលហេតុ​ដែល​ពួក​គាត់​ស្នើសុំ ដោយ​ផ្អែក​លើ​កត្តា​អ្វីខ្លះ»។

ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​វិសោធនកម្ម​ចុង​ក្រោយ​បំផុត ត្រូវ​បាន​អនុម័ត​កាល​​ពី​ឆ្នាំ ២០១៥ ដោយ​មាន ៩ ជំពូក និង ៣៩ មាត្រា ដែល​កន្លង​ទៅ​ច្បាប់​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តជាតិ​រិះគន់​ថា មាន​លក្ខណៈ​រឹត​ត្បិត​សិទ្ធិ​សេរីភាព និង​ការ​បំពេញ​ការងារ​របស់​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល៕