ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​ពន្យល់​ទៅ​អ្នករាយការណ៍​ពិសេស​ ២ ​រូប​របស់​អង្គការ​សហប្រជាជាតិ​ថា ការណែនាំ និង​វិធានការ​ជាច្រើន​ត្រូវ​បាន​ដាក់ចេញ និង​អនុវត្ត​នៅតាម​ពន្ធនាគារ​ទូទាំង​ប្រទេស​ក្នុង​ពេល​ដែល​ជំងឺ​កូវីដ​-១៩​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​ដែល​កិច្ចការ​ទាំងនេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​។

លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​លោកស្រី Tlaleng Mofokeng អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​គ្រប់រូប​ក្នុង​ការទទួល​បាន​នូវ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ក្នុង​កម្រិតស្តង់ដា​មួយ​ខ្ពស់បំផុត​ដែល​អាច​ធ្វើបាន​កាលពី​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ ២០២០ បាន​សរសេរ​លិខិត​មួយ​មក​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​យន្តការ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។

លិខិត​បានស្នើ​សុំ​ការពន្យល់​របស់​រដ្ឋាភិបាល​កម្ពុជា​អំពី​វិធានការ​ដែល​ដាក់ចេញ​នៅតាម​ពន្ធនាគារ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ឆ្លង​កូវីដ​១៩​នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច ២៨ វិច្ឆិកា​។ អ្នករាយការណ៍​ពិសេស​ថ្លែងថា ភាពចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​នៅ​កម្ពុជា​គឺជា​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ​១៩​។

លិខិត​របស់​អ្នករាយការណ៍​ពិសេស​សរសេរ​ថា​៖ «​យើង​មាន​ការបារម្ភ​អំពី​ហានិភ័យ​ដែលថា បើសិន​ជាមាន​ករណី​កូវីដ​១៩​នៅក្នុង​ពន្ធនាគារ វា​នឹង​ឆ្លង​យ៉ាង​លឿន និង​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​។ ការបង្ការ​ទប់ស្កាត់​ការឆ្លង​កូវីដ​១៩​នៅ​ពន្ធនាគារ​គឺជា​បញ្ហា​សុខភាព​សាធារណៈ ហើយ​វា​ជា​ប្រយោជន៍​មិនមែន​សម្រាប់តែ​អ្នក​ដែល​បាត់បង់​សេរីភាព​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ប្រយោជន៍​សម្រាប់​បុគ្គលិក​នៅ​ពន្ធនាគារ និង​សាធារណជន​»​។

អ្នករាយការណ៍​ពិសេស​ទាំង​ ២ បាន​ស្នើឱ្យ​រដ្ឋាភិបាល ផ្ដល់ព័ត៌មាន​អំពី​វិធាន​ការដែល​បានដាក់​ចេញ និង​អនុវត្ត ដែល​ធានាបាន​ថា រាល់​អ្នក​ជាប់ឃុំ​ទាំងអស់ នៅក្នុង​ពន្ធនាគារ​ដែល​ចង្អៀត​នេះ អាច​ទទួល​បាន​ការធ្វើ​តេស្ត​។ ពួកគេ​ក៏​សួរ​អំពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​ថវិកា និង​ធនធានមនុស្ស ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​នេះ​។

លិខិត​ដដែល​បន្តថា​៖ «​សូម​ផ្ដល់ព័ត៌មាន​អំពី​វិធានការ​ដែល​រដ្ឋាភិបាល​របស់​ឯកឧត្តម​នឹងធ្វើ​ដើម្បី​ធានាបាន​នូវ​សុខុមាលភាព​ជា​ចាំបាច់​របស់​អ្នក​ជាប់ឃុំ នៅក្នុង​ករណី​ដែល​ពួកគេ​បាន​ឆ្លង​កូវីដ​១៩ និង​វិធាន​ការបង្ការ ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​វីរុស​នេះ​»​។

កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នករាយការណ៍​ពិសេស ដោយ​ភ្ជាប់​ជាមួយនឹង​លិខិត​បំភ្លឺ​របស់​ក្រសួងមហាផ្ទៃ​។ នៅក្នុង​លិខិត​នោះ ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បានដាក់​ចេញ​នូវ​ការណែនាំ​ជាច្រើន​ក្នុង​កិច្ចប្រឹងប្រែង​ទប់ស្កាត់ និង​អន្តរាគមន៍​។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​កំពុងតែ​ធ្វើការ​ជាមួយ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ (CDC) ដៃគូ​អភិវឌ្ឍន៍​នានា រួមមាន​គណៈកម្មការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម (ICRC) អង្គការ​សុខភាព​ពិភពលោក (WHO) និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​។

លិខិត​របស់​ក្រសួងមហាផ្ទៃ​សរសេរ​ថា​៖ «​អ្នក​ជាប់ឃុំ​ក៏​ត្រូវបាន​បណ្ដុះបណ្ដាល​អំពី​របៀប​នៃ​ការតាមដាន​អាការ ការការពារ ការរាយការណ៍ និង​ការឆ្លើយតប​។ បុគ្គលិក​ពន្ធនាគារ​ត្រូវ​បាន​បណ្ដុះបណ្ដាល​ទាក់ទង​នឹង​ការធ្វើតេស្ត​បន្ទាន់ ការវេចខ្ចប់​សំណាក​បញ្ជូន​ទៅ​មន្ទីរពិសោធន៍ និង​ការឆ្លើយតប​បន្ទាន់​»​។

ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ប្រភេទ chlorite ត្រូវបាន​ធ្វើឡើង​រៀងរាល់​សប្ដាហ៍ នៅក្នុង​អគារ​ពន្ធនាគារ បន្ទប់​ឃុំឃាំង ឡាន​ដឹក​អ្នក​ជាប់ឃុំ ប៉ុស្តិ៍​សុខភាព និង​នៅ​ទីតាំង​រួម និង​បន្ទប់​រដ្ឋបាល​ស្រប​ទៅ​តាម​គោលការណ៍​ណែនាំ​របស់ WHO និង​ក្រសួង​សុខាភិបាល​។ នេះ​បើ​យោងតាម​លិខិត​ដដែល​។

ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ទៀតថា​៖ «​ជា​ភ័ស្តុតាង​ជាក់ស្ដែង សំណាក​ជាង​ ១០០ ​ត្រូវបាន​យក​ពី​អ្នក​ជាប់ឃុំ​ដោយសារ​តែ​មាន​ការ​សង្ស័យ​ថា ពួកគេ​មាន​រោគសញ្ញា​ប្រហាក់ប្រហែល​នឹង​រោគសញ្ញា​ជំងឺ​កូវីដ​១៩ ហើយ​សំណាក​ទាំងនោះ​ត្រូវ​បាន​ធ្វើ​តេស្ត ប៉ុន្តែ​មិនមាន​អ្នក​ជាប់ឃុំ​ណា​ម្នាក់ នៅក្នុង​ពន្ធនាគារ​កម្ពុជា​មាន​ជំងឺ​កូវីដ​១៩​ទេ​»​។

ក្រសួង​មហាផ្ទៃ​ក៏បាន​រៀបរាប់​ប្រាប់ទៀតថា ក្រៅពីនេះ​ក៏មាន​ការដំឡើង​ទុយោ និង​ស្នូក​ទឹក​នៅ​ទីធ្លា​រួម​សម្រាប់​លាងដៃ ព្រមទាំង​បាន​ចែកចាយ​នូវ​សម្ភារ​អនាម័យ​បន្ថែម​ទៀត​។ ការផ្គត់ផ្គង់​ទឹកស្អាត និង​ទឹក​មាន​សុវត្ថិភាព ក៏ត្រូវ​បាន​ពង្រីក​បន្ថែម​នៅ​ខេត្ត​ជាក់លាក់​មួយចំនួន​ដែលមាន​កង្វះ​ប្រភពទឹក​ផងដែរ​៕