ភ្នំពេញៈ មន្ត្រីជំនាញខាងច្បាប់ នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអង្គភាពពាក់ព័ន្ធបាននិងកំពុងសិក្សាទៅលើសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានដែលមាន ៧ ជំពូកនិង ៤៨ មាត្រា ដើម្បីទប់ស្កាត់ ឧក្រិដ្ឋកម្ម online មួយចំនួនដូចជាការចាប់ជំរិត និងការបោកប្រាស់តាមប្រព័ន្ធអីុនធឺណិត ក្រោយពីបញ្ហានេះបានកើតឡើងជាច្រើននៅក្នុងប្រទេស កម្ពុជា ដែលភាគច្រើនបង្កដោយជនជាតិចិនហើយកម្លាំងនគរបាលបានចាប់បានជាច្រើនរយនាក់ បញ្ជូនត្រឡប់ទៅប្រទេស ចិន វិញ។
មន្ត្រីជំនាញខាងច្បាប់ជាច្រើនរូបបានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះកាលពីរសៀលថ្ងៃពុធ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃក្រោមអធិបតីភាព លោក ប៊ុន ហុន និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា៖ «យើងត្រូវការស្រាវជ្រាវបទពិសោធនៃការអនុវត្តនៅបណ្តាប្រទេសដទៃពីព្រោះសម្រាប់ប្រទេស កម្ពុជា ច្បាប់នេះវាថ្មីដែរ យើងត្រូវសិក្សា រៀនសូត្រពីគេឲ្យបានច្រើន និងដើម្បីឲ្យស្របទៅនឹងបរិបទរបស់កម្ពុជាហើយដោយសារតែការធ្វើច្បាប់នេះវាពាក់ព័ន្ធដល់ច្បាប់ផ្សេងទៀត។ យើងធ្វើម៉េចឲ្យវាស៊ីគ្នានឹងច្បាប់ផ្សេងៗទៀតពិសេសច្បាប់ដែលយើងកំពុងធ្វើ ច្បាប់ស្តីពីការទទួលបានព័ត៌មាន ដើម្បីចេញ កុំឲ្យវាមាន ប្រទ្រូសប្រទ្រាស់គ្នា ច្បាប់ស្តី ពីរបបសារព័ត៌មាន»។
លោក ម៉ាលីន បានឲ្យដឹងទៀតថា៖ «ពីមុនយើងអត់មានទេដោយសារតែប្រព័ន្ធបច្ចេកវិទ្យាវាទំនើប ហើយបណ្តាប្រទេសផ្សេងៗ អភិវឌ្ឍគេមានច្បាប់ហ្នឹងដើម្បីទប់ស្កាត់ ឧក្រិដ្ឋកម្ម online មួយចំនួន ដូចជាការប្លន់ ការឆបោក ការចាប់ជំរិត បោកប្រាស់តាមប្រព័ន្ធអីុនធឺណិត ដូចដែលយើងឃើញកើតនៅប្រទេសកម្ពុជាយើងនាពេលកន្លងមក ដូច្នេះយើងត្រូវតែមានច្បាប់មួយ ដើម្បីទប់ស្កាត់នូវឧក្រិដ្ឋទាំងនេះ»។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៧ ជំពូក ៤៨ មាត្រា ហើយក្រុមការងារបាននិងកំពុងតែប្រមូលធាតុផ្សំផ្សេងដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ។
លោក ផាត សុផានិត ប្រធាននាយកដ្ឋាននៃទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ បានថ្លែងថា រហូតមកដល់ពេលនេះកិច្ចប្រជុំពាក់ព័ន្ធទៅសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានគឺពិនិត្យទៅលើខ្លឹមសារនៃសេចក្តីព្រាងបឋមដំបូងបំផុត ដែលក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃបានរៀបចំឡើង ហើយមន្ត្រីជំនាញខាងច្បាប់នឹងរៀបចំកិច្ចប្រជុំពិភាក្សាបន្តបន្ទាប់ទៀត។
លោក សុផានិត ថ្លែងថា៖ «នឹងមានកិច្ចប្រជុំបន្តបន្ទាប់ទៀតដោយសារទាមទារពេលវេលាដូច្នេះមិនទាន់អាចជម្រាបជូនពីខ្លឹមសារលម្អិតនៃសេចក្តីព្រាងបឋមនេះដែរ ដោយសារយើងមិនចង់ឲ្យមានការបកស្រាយផ្សេងៗដែលនាំឲ្យមានការភាន់ច្រឡំ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានសម្តែងក្តីព្រួយបារម្ភទាក់ទងសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានដោយបានអះអាងថា ច្បាប់អាចនឹងត្រូវរាជរដ្ឋាភិបាលប្រើប្រាស់ដើម្បីរឹតត្បិតសេរីភាពអ្នកដែលមានមតិផ្ទុយជាមួយនឹងរាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «យើងឃើញថាបរិបទក្នុងរយៈពេលចុងក្រោយច្បាប់ហាក់ដូចជាបង្កើតឡើងក្នុងន័យដើម្បីធ្វើការរឹតត្បិត សេរីភាពរបស់ប្រជាពលរដ្ឋ ឬក៏គណបក្សនយោបាយផ្សេងៗឬអង្គការសង្គមស៊ីវិលជាដើម ដូច្នេះហើយយើងព្រួយបារម្ភហើយច្បាប់នេះនឹងមានលក្ខណៈល្អប្រសើរប្រសិនបើច្បាប់នេះត្រូវបានដាក់ឲ្យប្រជាជនចូលរួមផ្តល់យោបល់ទូលំទូលាយពីពលរដ្ឋ»។
របាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញថា ជនជាតិចិនដែលត្រូវបណ្ដេញចេញពីកម្ពុជាក្នុងឆ្នាំ ២០១៨ សរុបចំនួន ៩២៧ នាក់។ ការបណ្ដេញជាទ្រង់ទ្រាយធំចុងក្រោយចេញពីកម្ពុជា គឺកាលខែ ធ្នូ ឆ្នាំ ២០១៨ មានចំនួន ជាង ២៣៥ នាក់ ជាប់ចោទពីបទឧក្រិដ្ឋកម្មចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តតាកែវ។
កាលពីខែមេសា ឆ្នាំ ២០១៩ បានបញ្ជូនចិនចំនួន ១៦៥ នាក់ ទៅកាន់ប្រទេសពួកគេវិញក្រោយនគរបាលខេត្តសៀមរាបចាប់បានកាលពីចុងខែមីនាកន្លងទៅនេះពាក់ព័ន្ធនឹងការលួចបើកទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់នៅក្នុងខេត្តសៀមរាប៕