ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ព័ត៌មានវិទ្យា សម្រាប់​គ្រប់គ្រង និង​ផ្តល់​សេវា​នៅក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ចាប់ពី​ខែកញ្ញា​ នេះ​តទៅ​ដោយ​កម្មវិធី​នេះ​នឹង​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដើម្បី​តាមដាន​អំពី​ដំណើរ​ការផ្តល់សេវា​ក្នុង​ដំណាក់កាល​នីមួយៗ​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ​។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចុះហត្ថលេខា​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ២៨ ខែសីហា និង​បាន​ដាក់ជូន​អភិបាល​រាជធានី-ខេត្ត ទូទាំង​ប្រទេស​ថា ការដាក់​ដំណើរ​នេះ​គឺ​ដើម្បី​ធ្វើ​ទំនើបកម្ម​ការផ្តល់​សេវា​រដ្ឋបាល​នៅ​តាម​អង្គភាព​ច្រកចេញចូល​តែមួយ រាជធានី-ខេត្ត​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។

ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​កម្មវិធី​ព័ត៌មានវិទ្យា សម្រាប់​គ្រប់គ្រង និង​ផ្តល់​សេវា​នៅក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី-ខេត្ត​ ដែល​កម្មវិធី​នេះ​មាន​អត្ថប្រយោជន៍ សម្រាប់​កត់ត្រា​ទិន្នន័យ​រួមមាន​ចំនួន​សេវា​ចំណូល​សេវា និង​ការតាមដាន​អំពី​ដំណើរ​ការផ្តល់សេវា​របស់​អង្គភាព​ច្រកចេញចូល​តែមួយ​។

ក្រសួង​បញ្ជាក់​ថា​៖ «​ទន្ទឹមនេះ ប្រជាពលរដ្ឋ​ក៏​អាច​ពិនិត្យ​មើល​អំពី​រយៈពេល​នៃ​ការពិនិត្យ​សម្រេច​លើ​សំណើសុំ​សេវា​របស់​ខ្លួន​តាម​ដំណាក់កាល​នីមួយៗ​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ​ផងដែរ​។ បច្ចុប្បន្ន​កម្មវិធី​ព័ត៌មានវិទ្យា​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ចប់សព្វគ្រប់​ និង​ត្រូវបាន​យកមក​បណ្តុះបណ្តាល​ដល់​ថ្នាក់ដឹកនាំ​អង្គភាព និង​អ្នកពាក់ព័ន្ធ​អំពី​របៀប​នៃ​ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​រួចរាល់​ហើយ​»​។

ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់ និង​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ព័ត៌មានវិទ្យា​ខាងលើ​នៅ​តាម​អង្គភាព​ច្រកចេញចូល​តែមួយ រាជធានី-ខេត្ត ក្រសួង​មហាផ្ទៃ​ណែនាំ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ព័ត៌មានវិទ្យា សម្រាប់​គ្រប់គ្រង និង​ផ្តល់​សេវា​នៅក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី-ខេត្ត ​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​កញ្ញា​ឆ្នាំ​ ២០២០ ​នេះ​តទៅ​។

រដ្ឋបាល​រាជធានី-ខេត្ត​ ត្រូវ​ផ្តល់​ការគាំទ្រ​លើ​ការបំពាក់​សម្ភារ និង​បរិក្ខារ​នានា រៀបចំ​បណ្តាញ Network និង​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​រៀបចំ​ឲ្យ​មាន​កុំព្យូទ័រ​ម្នាក់​ ១ ​គ្រឿង​សម្រាប់​បុគ្គលិក​ផ្នែក​ជួរមុខ និង ជួរ​ក្រោយ​តាម​វិស័យ​ជំនាញ​នីមួយៗ​។

លោក ស ខេង ក៏បាន​ណែនាំ​ដែរ​ថា​៖ «​អភិបាល​រាជធានី-ខេត្ត​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កម្មវិធី​ព័ត៌មានវិទ្យា សម្រាប់​គ្រប់គ្រង និង​ផ្តល់​សេវា​នៅក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ រាជធានី-ខេត្ត​ដល់​មន្ទីរ អង្គភាព​ជំនាញ និង​អ្នកពាក់ព័ន្ធ ដើម្បី​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​នេះ​»​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ខេត្ត​របស់​លោក​បាន​ដាក់​ដំណើរការ និង​បាន​ផ្សព្វផ្សាយ​រួចមក​ហើយ ចំពោះ​ការដាក់​ដំណើរការ កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង និង​ផ្តល់​សេវា​នៅក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ​នេះ​។

លោក​បន្តថា ដោយសារ​តែ​កម្មវិធី​នេះ​ថ្មី ក្រុមការងារ​ថ្នាក់​ខេត្ត​ដែល​ទើប​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​មន្ត្រី​ជំនាញ​បាន​បន្ត​បណ្តុះបណ្តាល​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត​បន្ថែមទៀត​រួមទាំង​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បាន​យល់ដឹង​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សំខាន់​ប្រព័ន្ធ​អនឡាញ​គឺមាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​ច្រកចេញចូល​តែមួយ​មក​កាន់​ថ្នាក់ជាតិ​ហើយ​ការបម្រើ​សេវា​គឺ​ធ្វើ​ឡើង​តាម​អនឡាញ​ដែល​ឲ្យ​ប្រជាពលរដ្ឋ​អាច​តាមដាន​ព័ត៌មាន​របស់​គាត់​បាន​គ្រប់ពេល​ និង​លឿន​។ វា​ល្អ បើសិន​ជា​យើង​ដំណើរការ​បាន​ស្រួល​ទៅ​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ជឿជាក់​ថា ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​នេះ​នឹង​ជួយ​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​កន្លងមក​រួមទាំង​ការចំណាយ​ពេលវេលា និង​ថវិកា​។ បន្ថែម​ពីនេះ​លោក​សង្ឃឹមថា ស្រប​ជាមួយ​នឹង​ការដំណើរការ​នេះ ក្រសួង​មហាផ្ទៃ​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែបង្កើត​ការផ្សព្វផ្សាយ និង​បង្កើតជា​វីដេអូ​អប់រំ​ឲ្យ​បាន​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដើម្បី​ឲ្យ​បាន​យល់ដឹង និង​ចេះ​ប្រើប្រាស់​សេវា​ទាំងនេះ​។

លោក​ថា​៖ «​ខ្ញុំ​ឃើញថា ការងាក​មក​ប្រើ​ប្រព័ន្ធ​ឌីជីថល​តាម​ទូរស័ព្ទដៃ​នេះ​មាន​លក្ខណៈ​ផុសផុល​ច្រើន​ជាពិសេស​គឺ​ការទិញដូរ លក់​តាម​អនឡាញ​ ប៉ុន្តែ​បើ​និយាយ​ពី​សុវត្ថិភាព និង​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​នៅតាម​ប្រព័ន្ធ​ទាំងនេះ​នៅក្នុង​ស្រុក​ខ្មែរ​សព្វថ្ងៃ​គឺ​មាន​កម្រិត​ទាប​ណាស់​។ ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ទាំងនេះ​មាន​កម្រិត​ទាប និង​មិនដឹង​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការថែរក្សា​ទ្រព្យសម្បត្តិ​របស់​គាត់​ឲ្យ​បាន​ដិតដល់​នៅ​ឡើយ​ដែល​ទាមទារ​ឲ្យ​មាន​ការលើក​កម្ពស់​ការយល់ដឹង​របស់​ពលរដ្ឋ​បន្ថែម​ទៀត​»៕