ភ្នំពេញៈ ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​និង​ពិភាក្សា​ជំរុញ​កិច្ច​ដំណើរ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​សម​ស្រប​ទាក់ទង​នឹង​បញ្ហា​ណាមួយ​នៅ​តាម​ព្រំដែន។

សេចក្ដីសម្រេច​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០១៩ ដោយ​មាន​សមាស​ភាព ១០ រូប ក្នុង​នោះ មាន​លោក សុខ ផល រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​លោក ឡាំ ជា រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ ជា​អនុ​ប្រធាន និង ៨ រូប​ទៀត​ជា​សមាជិក។

បើតាម​សេចក្ដីសម្រេច ការបង្កើត​ក្រុមការងារ​នេះ​ឡើង​គឺ​ដើម្បី​សិក្សា និង​ពិភាក្សា ជំរុញ​កិច្ច​ដំណើរការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន និង​ពិភាក្សាជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អំពី​កិច្ច​ដំណើរការ​ក្នុង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​សម្រេច។

សេចក្តីសម្រេច​ដដែល​បាន​ឲ្យ​ដឹងថា៖ «ក្រុមការងារ​នេះ​មាន​ភារកិច្ច​ដូច​ខាង​ក្រោម៖ ចុះ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព​ជាក់​ស្តែង នៃ​ច្រក​ទ្វារ​ព្រំដែន​នីមួយៗ​ដែល​បាន​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​សម​ស្រប។ សម្រប​សម្រួល​ពិភាក្សា និង​ចរចា​ជាមួយ​ភាគី​នៃ​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដើម្បី​ជំរុញ​កិច្ច​ដំណើរការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​ព្រម​ព្រៀង​រវាង​កម្ពុជានិង​បណ្តា​ប្រទេស​ជាប់​ព្រំដែន»។

សេចក្តីសម្រេច​បន្ថែមថា ក្រុមការងារ​នេះ​មាន​ភារកិច្ច​ធ្វើ​របាយការណ៍​អំពី​លទ្ធផល ការងារ និង​សុំ​យោបល់​ថ្នាក់​ដឹកនាំ ផ្ទាល់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការ​ចាំបាច់​ហើយ​ក្រុម​ការងារ​នេះ​មាន​សិទិ្ធ​ប្រើប្រាស់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ដើម្បី​ជួយ​ការងារ​តាម​តម្រូវ​ការ​ចាំបាច់។

លោក សុខ ផល រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ​ដែល​ជា​ប្រធាន​ក្រុម​ការងារ​នេះ​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​ថា ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​សិក្សា ពិភាក្សា និង​ត្រួត​ពិនិត្យ​រាល់​ការងារ​ទាក់​ទង​នឹង​ច្រក​ទ្វារ​ព្រំដែន​ថ្មីៗ នៅ​តាម​បណ្តា​ព្រំដែន​ដូចជា​ព្រំដែន​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​ហើយ​ក្រុម​ការងារ​នេះ​ធ្វើការ​សហការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ទាំង​នោះ​ដើម្បី​សិក្សា​ពី​លទ្ធភាព និង​បញ្ហា​ផ្សេង​ក្នុង​ការ​កសាង​ច្រក​ព្រំដែន​ថ្មី។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​គម្រោង​ថា នៅ​អាទិត្យ​ទី ៣ ឬ​ទី ៤ នៃ​ខែ​នេះ​យើង​នឹង​ប្រជុំ​គណៈ​កម្មការ​ក្រុម​ការងារ​រៀបចំ​ផែនការ​ដើម្បី​លើក​ទិសដៅ​ដើម្បី​ថា យើង​នឹង​ធ្វើ​ការងារ​អ្វីខ្លះ»។

លោក​បន្ថែមថា ក្រុមការងារ​នេះ​មិនមាន​ភារកិច្ច​ពាក់ព័ន្ធ​នឹង​បិទ​ច្រក​របៀង​នានា​នៅ​តាម​បណ្តា​ព្រំដែន​ដើម្បី​ទប់ស្កាត់ ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទប់ស្កាត់​ការនាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​នោះ​ទេ។

យ៉ាង​ណា​ក្ដី ការ​បង្កើត​ក្រុម​ការងារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបាន​បង្គាប់​កាល​ពី​ថ្មីៗ​នេះ​ឱ្យ​អាជ្ញាធរ​អាជ្ញាធរ​បិទ​ច្រក​របៀង​នានា​នៅ​តាម​បណ្តា​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទប់ស្កាត់​ការ​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ ២ មករា ថ្មីៗ​នេះ នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ អនុ​រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ កងទ័ព​ជើង​គោក​បាន​ត្រួត​ពិនិត្យ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​សរុប​បាន ៥១៩៣ ករណី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជាប់​កម្ពុជា។

លោក​ក៏បាន​ប្រៀប​ធៀប​ស្ថានភាព​សន្តិសុខ​នៅ​តាម​ព្រំដែន​ក្នុង​ឆ្នាំ ២០១៨ ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ ២០១៧៕