ភ្នំពេញៈ ក្រសួងមហាផ្ទៃបានណែនាំឱ្យអភិបាលរាជធានីខេត្ត ផ្តល់កិច្ចសហការជាមួយក្រសួងអប់រំ និងស្ថាប័ន អង្គភាពជំនាញដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ និង ២០ ខែសីហាខាងមុខ។
លិខិតរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ ខែ កក្កដា ដែលភ្នំពេញប៉ុស្តិ៍បានទទួលកាលពីថ្ងៃទី ២០ កក្កដា បានស្នើឱ្យអភិបាលរាជធានី ខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាពដល់បេក្ខជន និងអាណាព្យាបាលបេក្ខជន រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមណ្ឌលប្រឡង និងសុវត្ថិភាពដឹកជញ្ជូន និងការរក្សាទុកដាក់ហិបវិញ្ញាសា និងដុំកិច្ចការរបស់បេក្ខជន។
ក្រសួងមហាផ្ទៃក៏បានប្រាប់ឱ្យអភិបាលរាជធានីខេត្ត រក្សាទប់ស្កាត់បាតុភាពមិនប្រក្រតីក្នុងការប្រឡង ដូចជាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងអាជីវកម្មថតចម្លងសំណៅឯកសារជាដើម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងអប់រំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងនេះ។ ក្រសួងបន្តស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងទៅដែរ។
លោក សុវាចា បញ្ជាក់ថា៖ «កិច្ចសហការនេះបង្ហាញពីស្មារតីសាមគ្គីគ្នា ដើម្បីបុព្វហេតុរួមសម្រាប់ទ្រទ្រង់គុណភាពមូលធនមនុស្ស»។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងបណ្ណស្នាក់នៅអចិន្រៃ្តយ៍ កាលពីថ្ងៃទី ១៧ កក្កដា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានីខេត្ត និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត បំពេញតាមតួនាទីភារកិច្ចរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅពេលប្រឡងបាក់ឌុបឆ្នាំនេះ។
លោក ស ខេង ថ្លែងថា៖ «ធ្វើម៉េចធ្វើឱ្យការប្រឡងនេះ វាទទួលបានគុណភាព សុវត្ថិភាព ហើយនិងគុណភាព លទ្ធផលល្អប្រសើរ។ ខ្ញុំនឹងធ្វើការណែនាំជាលាយលក្ខណ៍អក្សរបន្ថែមទៀតផ្អែកតាមសំណើរបស់ក្រសួងអប់រំ»។
ក្រសួងអប់រំប្រកាសថា ទោះបីមិនមានអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែក្រសួងអប់រំ យុវជននិងកីឡា នៅតែបន្តសហការជាមួយ ACU ប្រសិនបើមានអំពើពុករលួយកើតឡើង។
ការប្រឡងបាក់ឌុបឆ្នាំ ២០១៩ នេះ មានបេក្ខជនចំនួន ១១៩ ២១៧ នាក់ (ស្រី ៦១ ០៣១ នាក់ និងជនពិការ ៥ នាក់)។ ចំនួនបេក្ខជនមានការកើនឡើងចំនួន ៥ ៨៥២ នាក់សម្រាប់ឆ្នាំ ២០១៩ បើធៀបនឹងការប្រឡងឆ្នាំ ២០១៧ និង ២០១៨។ មណ្ឌលប្រឡងមាន ២០២ កើន ៦ មណ្ឌលបើធៀបនឹងឆ្នាំ ២០១៨។
លោក អុឹម សុធី នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា ថ្លែងពីម្សិលមិញថា វាជាការល្អ ក្នុងការពង្រឹងគុណភាពអប់រំ បើក្រសួងមហាផ្ទៃរៀបចំកិច្ចអន្តរាគមន៍ពីថ្នាក់ខេត្ត និងថ្នាក់ស្រុកចូលរួមត្រួតពិនិត្យកិច្ចការប្រឡងនេះ។ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ គឺក្រែងលោមានតែវិធានការ។ លោកថា បើមានវិធានការហើយក៏ត្រូវចុះទៅត្រួតពិនិត្យមើលថា តើកិច្ចការនេះត្រូវបានអនុវត្តត្រឹមត្រូវហើយឬនៅ?។
លោក សុធី បញ្ជាក់ថា៖ «បើតាមខ្ញុំគិត បើសិនជាយើងទាំងអស់គ្នាខំធ្វើកិច្ចការហ្នឹង ធ្វើម៉េចដើម្បីឱ្យវារីកចម្រើនលើប្រព័ន្ធអប់រំ ខ្ញុំគិតថា វាសំខាន់។ តែបើសិនរដ្ឋាភិបាល ក្រសួងមហាផ្ទៃគាត់ចេញលិខិតហ្នឹងមកហើយ ហើយទាំងអស់គ្នាចេញលិខិតគ្រាន់តែលក្ខណៈមួយចេញឱ្យតែបានៗ គិតថាអាហ្នឹងវាអត់ល្អទេ។ តែបើសិនជាយើងចេញទៅ យើងទាំងអស់គ្នារួមគ្នាធ្វើកិច្ចការទាំងអស់ហ្នឹង ខ្ញុំគិតថាវាល្អ ធ្វើម៉េចឱ្យវិស័យអប់រំមាន ភាពល្អប្រសើរឡើង»៕