ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះក្រុមហ៊ុនសន្ដិសុខឯកជនចំនួន ៣៣ ចេញពីការអនុញ្ញាតឲ្យផ្ដល់សេវាសន្ដិសុខឯកជនក្នុងចំណោមក្រុមហ៊ុនសន្តិសុខឯកជនទាំងអស់ចំនួន ២៥៤ ក្រោយពីក្រុមហ៊ុនទាំងនោះ បង្កើតឡើងតែគ្មានសកម្មភាព និងប្រកាសក្ស័យធន។
លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញថា ក្រសួងមហាផ្ទៃ ប្រកាសលុបឈ្មោះក្រុមហ៊ុនសន្ដិសុខឯកជនចំនួន ៣៣ នេះចេញ ព្រោះក្រុមហ៊ុនទាំងនេះបង្កើតឡើងមិនមានសកម្មភាព និងក្រុមហ៊ុនមួយចំនួនប្រកាសក្ស័យធនលើអាជីវកម្មរបស់ខ្លួន។
លោកថ្លែងថា៖ «ព្រោះអនុក្រឹត្យ (ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន) បានកំណត់ថា ការបង្កើតក្រុមហ៊ុនសន្ដិសុខឯកជន គឺដើម្បីជួយបម្រើសន្ដិសុខសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពសង្គម។ ពេលពួកគាត់គ្មានសកម្មភាពបែបនេះ ទើបយើងលុបឈ្មោះចេញ»។
លោក សុខារស្មី ឲ្យដឹងថា ភាគច្រើនក្រោយការបង្កើតក្រុមហ៊ុនសន្តិសុខឯកជន និងសហគ្រាសនានាដែលផ្ដល់សេវាជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន គឺក្រុមហ៊ុនមួយចំនួនបានដើរតួនាទីយ៉ាងសំខាន់ ជួយការពារសន្ដិសុខសណ្ដាប់ធ្នាប់ អាយុជីវិតប្រជាពលរដ្ឋ។ «ក្រុមហ៊ុនដែលយើងលុបចេញនេះភាគច្រើនជាក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងស្រុក មិនមែនជាក្រុមហ៊ុនអន្ដរជាតិទេ»។
លោក សុខារស្មី បានចាត់ទុកក្រុមហ៊ុនសន្ដិសុខឯកជនជាកម្លាំងជំនួយមួយរបស់សមត្ថកិច្ចរបស់នគរបាលជាតិក្នុងការចូលរួមទប់ស្កាត់បទល្មើស និងលើកកម្ពស់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ លោកឲ្យដឹងថា សព្វថ្ងៃនេះក្រសួងមហាផ្ទៃ ក៏បានចូលរួមក្នុងការបណ្ដុះបណ្ដាលដល់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីឲ្យយល់ដឹងពីតួនាទី ភារកិច្ច កាតព្វកិច្ចរបស់ពួកគេ។
លោកបញ្ជាក់ថា៖ «យើងក៏បានប្រាប់ពីកាតព្វកិច្ចរបស់ពួកគាត់ កម្រិតការងាររបស់ពួកគាត់ដែលអាចធ្វើបានឲ្យគាត់ដឹងថាគាត់មិនមែនជាសមត្ថកិច្ចទេគឺគ្រាន់តែជាភ្នាក់ងារសន្ដិសុខឯកជន ពេលពួកគាត់ ឃាត់ ឬចាប់ជនល្មើសគឺត្រូវសហការជាមួយសមត្ថកិច្ច និងប្រគល់ជនល្មើសជូនសមត្ថកិច្ច»។
បើតាមលោក សុខារស្មី បច្ចុប្បន្នប្រទេស កម្ពុជា មានក្រុមហ៊ុនសន្តិសុខឯកជនចំនួន ២៥៤ និងមានសន្ដិសុខនៅក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខជិត ៣ ម៉ឺននាក់ រួមនឹងសន្ដិសុខ តាមក្រុមហ៊ុន សហគ្រាសនានា និងតាមផ្ទះប្រជាពលរដ្ឋមានចំនួនជាង ១ ម៉ឺននាក់ថែមទៀត។
បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនផ្ញើទៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១១ ខែ កក្កដា បញ្ជាក់ថា ក្រសួងមហាផ្ទៃបានពិនិត្យ ស្រាវជ្រាវលើក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនចំនួន ៣៣ ដែលបង្កើតភ្នាក់ងារសន្ដិសុខឯកជន ធ្វើសេវាកម្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពធ្វើសេវាកម្ម ដែលមិនស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជនរបស់ក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនសន្ដិសុខឯកជនទាំង ៣៣ ដែលត្រូវលុបឈ្មោះចេញនោះរួមមាន ក្រុមហ៊ុន អឌ្ឍមាស ខបភើរេសិន គ្រុប ខូអិលធីឌី (Athameas Coporation Group Co., LTD) ក្រុមហ៊ុន អេចស្ពឺត ខេមបូឌា ស៊ីឃ្យូរីធី (Expert Cambodia Security Co,. Ltd) ក្រុមហ៊ុន ខេមរៈ ប្រឹហ្វេសស្យូណល ប្រឹថិចធឺ ស៊ីឃ្យូរីធី ខូអិលធីឌី (Khemarak Professional Protector Security Co,.LTD) ជាដើម។
ក្រុមហ៊ុនសន្ដិសុខឯកជនដែលក្រសួងមហាផ្ទៃ បានលុបឈ្មោះចេញនេះ មិនអាចសុំការបកស្រាយបានទេ ដោយលេខទូរស័ព្ទក្រុមហ៊ុនភាគច្រើន ត្រូវបានបិទ និងមួយចំនួនប្ដូរម្ចាស់ប្រើប្រាស់។
លោក ហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុនសន្តិសុខឯកជន លីប្រា (Libra Private Security) បានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុនសន្ដិសុខលីប្រា បានគោរពទៅតាមអ្វីដែលជាច្បាប់ដាក់ចេញរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ ដែលបានតម្រូវ ដើម្បីជាកិច្ចសហប្រតិបត្តិការ និងរក្សាសុខសុវត្ថិភាពសម្រាប់សង្គមខ្មែរ។
លោកថ្លែងថា៖ «ដូចជាក្រសួងមហាផ្ទៃតម្រូវឲ្យបញ្ចូនបុគ្គលិកទៅបណ្ដុះបណ្ដាល គឺក្រុមហ៊ុនយើងតែងតែបញ្ជូនទៅជាបន្ដបន្ទាប់ដើម្បីឲ្យភ្នាក់ងារសន្ដិសុខបានយល់ដឹងពីច្បាប់ ឲ្យបានកាន់តែច្បាស់បន្ថែមទៀត»។
លោក ម៉េងហូ បានលើកឡើងពីផលលំបាកមួយចំនួន ជុំវិញការបង្កើតភ្នាក់ងារសន្ដិសុខឯកជននេះផងដែរ ចំពោះសមត្ថភាពរបស់សន្ដិសុខដែលតម្រូវឲ្យមានការបណ្ដុះបណ្ដាលខ្លាំង ទើបទទួលបានលទ្ធផលល្អប្រសើរ ហើយត្រង់ចំណុចនេះ គឺត្រូវទាមទារឲ្យមានការចំណាយធនធានច្រើនទៅលើការបណ្ដុះបណ្ដាល៕