ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានស្នើឲ្យរដ្ឋបាល រាជធានី ខេត្ត ក្រុង កំណត់ថ្ងៃជួបជាមួយអង្គការសង្គមស៊ីវិល និងសមាគមនានា តាមការណែនាំដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ ២០១៨ ខណៈដែលអង្គការសង្គមស៊ីវិលអះអាងថា បច្ចុប្បន្ន ខ្លួនត្រូវបានអាជ្ញាធរមូលដ្ឋាន រារាំងនៅពេលចុះបំពេញការងារ។
តាមលិខិតរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះថ្ងៃទី ១៤ មីនា ម្សិលមិញ បានឲ្យដឹងថា ក្រសួងបានដាក់ចេញនូវសេចក្តីណែនាំមួយ កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ដោយបានកំណត់ឲ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវសម្របសម្រួលរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានានៅមូលដ្ឋាន។ វេទិកានេះ ត្រូវធ្វើឡើងឲ្យបានទៀងទាត់រាល់ឆមាស ឬតាមការចាំបាច់។
ដោយផ្អែកលើការណែនាំខាងលើ ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាល រាជធានីខេត្ត ធ្វើការកំណត់ឲ្យបានជាក់លាក់នូវកាលបរិច្ឆេទនៃការរៀបចំវេទិកាពិគ្រោះយោបល់ សម្រាប់ឆ្នាំ ២០១៩ ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានា។ បន្ទាប់មកកាលបរិច្ឆេទនេះ ត្រូវផ្ញើទៅក្រសួងមហាផ្ទៃ។
លិខិតក្រសួងបន្តថា៖ «បន្ទាប់ពីបញ្ចប់វេទិកា រដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរស្ដីពីលទ្ធផល សំណើ សំណូមពរសំខាន់ៗ រួមទាំងបញ្ហានានា ដែលមិនអាចដោះស្រាយបាននៅក្នុងសមត្ថកិច្ចរបស់ខ្លួន ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បើស្នើសុំការសម្របសម្រួល និងជួយគាំទ្រក្នុងការដោះស្រាយ»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកមិនទាន់បានកំណត់ពេលជួបជាមួយអង្គការសង្គមស៊ីវិលនៅឡើយ ប៉ុន្តែលោកនឹងរៀបចំកាលបរិច្ឆេទជួបជាមួយអង្គការសង្គមស៊ិវីល ដោយលោកចាត់ទុកថា អង្គការសង្គមស៊ីវិល ជាដៃគូក្នុងការអភិវឌ្ឍ។
ប៉ុន្តែលោក ថេង សាវឿន អគ្គលេខាធិការ សម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងថា ការយឺតយ៉ាវក្នុងការកំណត់ថ្ងៃជួបជាមួយអង្គការសង្គមស៊ីវិលនេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានមួយចំនួន រារាំងដល់សកម្មភាពការងាររបស់អង្គការសង្គមស៊ីវិលក្នុងនោះក៏មានអង្គការលោកផ្ទាល់ផងដែរ។
លោកថា ការរារាំងចុងក្រោយគឺកាលពីថ្ងៃទី ៨ មីនាកន្លងទៅ ដោយអាជ្ញាធរ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំមិនឲ្យពលរដ្ឋក្នុងសហគមន៍ ជួបជុំគ្នាប្រារព្ធទិវានារីអន្តរជាតិ ដោយឲ្យសហគមន៍មូលដ្ឋានទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
លោកថា ការរារាំងលើកទី ២ គឺកាលពីថ្ងៃពុធ ទី ១៣ ខែមីនា ដោយអាជ្ញាធរឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរារាំងមិនឲ្យមានការប្រជុំការចងក្រងការងារសហគមន៍ ដោយអាជ្ញាធរមូលដ្ឋានឲ្យទៅសុំច្បាប់ពីខេត្ត។
លោកថ្លែងថា៖ «នេះជាការអនុវត្តផ្ទុយទៅនឹងស្មារតីពិគ្រោះយោបល់រវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល កាលពីថ្ងៃទី ១៧ ខែមករាកន្លងទៅ»។
លោកឲ្យដឹងថា លោកក៏បានជូនដំណឹងនេះដោយផ្ទាល់មាត់ទៅលោកប៊ុន ហុន រួចហើយដែរ។ លោកសង្ឃឹមថា វេទិការវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរថ្នាក់ក្រោមជាតិ នឹងជួយឲ្យការងាររបស់អង្គការសង្គមស៊ីវិល ប្រព្រឹត្តទៅដោយរលូន៕