ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សម្រេចបង្កើតក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបានជ្រើសរើសបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ ២០២១ ចំនួន ៣ ពាន់នាក់ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
សេចក្ដីសម្រេចរបស់លោក ព្រុំ សុខា ស្ដីពីការបង្កើតក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនចុះហត្ថលេខានៅថ្ងៃទី ១០ ខែឧសភា គឺយោងសេចក្ដីសម្រេចចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្ដល់ក្របខ័ណ្ឌបន្ថែមជាករណីពិសេសដល់ក្រសួងសុខាភិបាល សម្រាប់ឆ្នាំ ២០២១ ចំនួន ៣ ០០០ នាក់ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
យោងចំណារយល់ព្រមចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២១ របស់លោកនាយករដ្ឋមន្រ្តីលើលិខិតលេខ ២២៤ ចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២១ របស់ក្រសួងសុខាភិបាល និងយោងលិខិតលេខ ១១៩ ចុះថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ របស់ក្រសួងសុខាភិបាលស្ដីពីសំណើសុំជ្រើសរើសមន្ត្រីចំនួន ៣ ០០០ នាក់ ដែលកំពុងបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បញ្ចូលក្នុងក្របខ័ណ្ឌសុខាភិបាលយោងតាមការចាំបាច់របស់ក្រសួង។
ដោយយោងសេចក្ដីសម្រេចខាងលើលោក ព្រុំ សុខា បានសម្រេចបង្កើតក្រុមការងារ ពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបានជ្រើសរើសបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ ២០២១ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយបានសម្រេចឱ្យ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈជាប្រធានក្រុមការងារ និងអនុរដ្ឋលេខាធិការ ទីប្រឹក្សាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ដ ចំនួន ២៧ រូបទៀតជា អនុប្រធាន និងជាសមាជិក។
យោងសេចក្ដីសម្រចក្រុមកាងារនេះ មានភារកិច្ចត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សំណុំលិខិតបេក្ខជនម្នាក់ៗ ដែលផ្ដល់ដោយក្រសួងសុខាភិបាល ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវសមស្របតាមលក្ខខណ្ឌ និងនីតិវិធីនៃការជ្រើសរើសបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។
ពិនិត្យលើការកំណត់ប្រភេទក្របខ័ណ្ឌឱ្យបានសមស្របតាមលក្ខណៈវិនិច្ឆ័យអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ពិនិត្យ និងរៀបចំ បញ្ចូលមន្ត្រីសុខាភិបាល ដែលបានជ្រើសរើសទៅតាមប្រភេទក្របខ័ណ្ឌនីមួយៗ។
សហការជាមួយក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដើម្បីសុំការគាំទ្រ និងជួយសម្រួលភារកិច្ច។ រៀបចំសំណុំឯកសាររបស់បេក្ខជនដែលបានជ្រើសរើស ដើម្បីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈពិនិត្យសម្រេចបញ្ចូលក្របខ័ណ្ឌ។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រុមការងារត្រូវរៀបចំយន្តការការងារ និងបែងចែកការទទួលខុសត្រូវកិច្ចការអាទិភាពតាមផ្នែកនីមួយៗ ដើម្បីបង្កលក្ខណៈឱ្យការអនុវត្តភារកិច្ចខាងលើ សម្រេចបានឆាប់រហ័ស។
ក្រៅពីសមាសភាពក្រុមការងារដែលមានចែងខាងលើ ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីដទៃទៀត ដើម្បីបំពេញការងារតាមការចាំបាច់។ ក្រុមការងារត្រូវធ្វើរបាយការណ៍ជាប្រចាំ និងសុំយោបល់សម្រេចពីរដ្ឋមន្ត្រីលើបញ្ហាចាំបាច់បន្ទាន់។
លោក យក់ ប៊ុនណា បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នាថ្ងៃនេះថា បច្ចុប្បន្នក្រុមការងារកំពុងពន្លឿនដោះស្រាយ ព្រោះក្រុមការងារមន្រ្ដីសុខាភិបាលជួរមុខដែលជាបេក្ខជនត្រូវជ្រើសរើសចូលក្នុងក្របខ័ណ្ឌមន្រ្ដីរាជការនៃក្រសួងសុខាភិបាលនេះ គឺមានឈ្មោះច្រើន។
លោកបានថ្លែងថា៖ «មន្ត្រីដែលកំពុងបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលត្រូវជ្រើសរើសបញ្ចូលក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល គឺអាចមានចំនួនកើនឡើងលើស ៣ ពាន់នាក់ ដែលបានស្នើសុំនេះទៅទៀត»។
លោក យក់ ប៊ុនណា បានឱ្យដឹងថា តាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី គឺក្រុមបេក្ខជនដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គឺជាគោលការមានការគិតគូរក្នុងការដាក់បញ្ចូលជាមន្រ្ដីក្នុងវិស័យសុខាភិបាល និងវិស័យដែលពាក់ព័ន្ធ។
លោកបានបញ្ជាក់ថា៖ «យើងកំពុងប្រឹងប្រែងធ្វើកិច្ចការងារនេះជាបន្ទាន់។ ក្រសួងមុខងារសាធារណៈបានរៀបចំក្រុមការងាររួចហើយ ដូច្នេះយើងនឹងបន្តធ្វើកិច្ចការងារនេះ ជាមួយក្រសួងសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធ»។
លោកបានឱ្យដឹងថា ក្រុមការងារនឹងប្រឹងប្រែងធ្វើការងារបញ្ចូលក្របខ័ណ្ឌ បេក្ខជនទាំងនេះ ឱ្យបានមុនបំណាច់ឆ្នាំ ២០២១ ដើម្បីអាចឱ្យបេក្ខជនទទួលបានបៀវត្សរ៍តាមក្របខ័ណ្ឌច្បាប់។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា គាំទ្រចំពោះការទទួលយកបេក្ខជនដែលជាគ្រូពេទ្យជួរមុខ បានចូលរួមការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាមន្រ្ដីក្របខ័ណ្ឌពេញសិទ្ធិ ស្របពេលដែលមន្រ្ដីក្នុងវិស័យសុខាភិបាលកម្ពុជា បច្ចុប្បន្នមានចំនួនខ្វះខាតនៅឡើយ។
លោកបានថ្លែងថា៖ «អ្វីដែលយើងចង់លើកទឹកចិត្ដ និងចង់ឃើញបន្ថែម គឺគួរតែផ្ដល់ឱកាសឱ្យស្មើភាពគ្នាទៅបេក្ខជន ដែលមានសមត្ថភាពក្នុងការជ្រើសរើសបេក្ខជនចូលជាមន្រ្ដីក្របខ័ណ្ឌនាពេលនេះ»៕