ភ្នំពេញៈ ក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកទំព័រថ្មីលើកិច្ចសហប្រតិបត្តិការគ្នាក្នុងវិស័យការងារចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព បរិយាប័ន្ន និងឆាប់រហ័ស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំង ២។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ការចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ប្រចាំកម្ពុជាព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នទាំង ២ ចំនួន ៣០ រូបទៀត។
សេចក្ដីប្រកាសបញ្ជាក់ថា៖ «ពិធីចុះអនុស្សរណៈនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ ក្នុងការចូលរួមកែទម្រង់រដ្ឋបាលសាធារណៈ និងពិសេសជំរុញនវានុវត្តន៍ និងបរិយាប័ន្នក្នុងវិស័យសាធារណៈ តាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីលើផ្នែកនវានុវត្តន៍ ការបង្កើតយន្តការស្ថាប័នសម្រាប់មន្ត្រីសាធារណៈក្នុងការសាកល្បងគំនិតច្នៃប្រឌិត ដើម្បីកែលម្អសេវាកម្មសាធារណៈ និងការជំរុញទំនើបកម្មនៃការផ្តល់សេវាសាធារណៈ»។
លោក ព្រុំ សុខា ថ្លែងក្នុងពេលចុះអនុស្សរណៈនេះថា៖ «កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ ធ្វើឡើងក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលដៅរួមគឺការពង្រឹងអភិបាលកិច្ចល្អ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចប្រទេសនៅជុំវិញពិភពលោកកំពុងរងផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃជំងឺកូវីដ១៩»។
លោក Nick Beresford បានលើកឡើងថា៖ «នវានុវត្តន៍ក្នុងវិស័យសាធារណៈអាចកើតឡើងបាន មិនមែនពឹងផ្អែកតែទៅលើឧបករណ៍ ឬវិធីសាស្ត្រថ្មីៗនោះទេ។ យើងចាំបាច់ត្រូវយល់ច្បាស់អំពីសារៈសំខាន់នៃការបង្កើតបរិយាកាសសមស្របក៏ដូចជាសារៈសំខាន់នៃជំនាញ និងផ្នត់គំនិតដែលជំរុញដល់នវានុវត្តន៍»។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ភាគីទាំង ២ បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការលើវិស័យការងារចំនួន ៤ គឺទី ១- ការបង្កើត និងការអនុវត្តមូលនិធិនវានុវត្តន៍ក្នុងវិស័យសាធារណៈ។ ទី ២- ការរៀបចំកម្មវិធីសិក្សាស្តីពីនវានុវត្តន៍ក្នុងវិស័យសាធារណៈសម្រាប់សាលាភូមិន្ទរដ្ឋបាល។ ទី ៣- ការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថល និងនវានុវត្តន៍ប្រកបដោយបរិយាប័ន្ននៅក្នុងរដ្ឋបាលសាធារណៈ និងទី ៤- ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈអាទិភាពមួយចំនួន។
តាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើលោក ព្រុំ សុខា និង លោក Nick Beresford បានប្តេជ្ញាពូនជ្រំទំនាក់ទំនងស្ថាប័នទាំង ២ ឱ្យកាន់តែល្អប្រសើរឡើងព្រមទាំងផ្តល់ការគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំង ២ បំពេញការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានេះឱ្យបានសម្រេចជាផ្លែផ្កាជូនប្រជាជន និងសង្គមកម្ពុជា។
សេចក្ដីប្រកាសនេះបញ្ជាក់ថា UNDP ធ្លាប់បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ តាំងពីការចាប់ផ្តើមរៀបចំ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដំបូងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែទំនាក់ទំនងនោះត្រូវបានបញ្ចប់នៅឆ្នាំ ២០០៦ តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះនាពេលនោះ៕