បាត់ដំបងៈ ក្រសួង​បរិស្ថាន បាន​យកខេត្ដ​បាត់​ដំបង ​ដើម្បី​បើក​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​លើក​ដំបូ​ង​​រួច​បន្ដ​ទៅខេត្ដ​សៀមរាប និង​ព្រះសីហនុ ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ខណៈ​ ដែល​មន្ត្រី​របស់​ក្រសួង​នេះ ​អះអាង​ថា ការ​គ្រប់​គ្រង​សំរាម​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

លោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិការនិង​ជា​អ្នក​នាំពាក្យ​ក្រសួ​ង​​បរិស្ថាន ​បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​​​ម្សិល​មិញ​ថា​៖ «​ក្រសួង​បរិ​ស្ថាន​ លើក​ទឹក​ចិត្ត​ ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​កាត់​​បន្ថយ​សំណល់​ប្លាស្ទិក​ តាម​រយៈ​គោល​ការណ៍ 3R គឺការ​កាត់​បន្ថយ ការ​កែច្នៃ និង​ការប្រើ​ប្រាស់​ឡើង​វិញ​។ ការ​ប្រើ​ប្រាស់​ថង់​បរិស្ថាន ឬ​ថង់​រួម​សម្រាប់​វេច​ខ្ចប់​ទំនិញ»។

លោក នេត្រ ភក្រ្តា បាន​បញ្ជាក់​ថា​៖ «ក្រសួ​ង​​បរិស្ថាន​ក៏លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កែច្នៃ​សំរាម​ឡើង​វិញ​ឱ្យ​បាន​ច្រើន​ ដើម្បី​កាត់​បន្ថយ​អាត្រា​សំរាម​ទៅ​ចាក់​ចោល​នៅ​ទីលាន​ ព្រោះ​​សំរាម​ក៏បាន​ផ្តល់​ផល​សេដ្ឋកិច្ច​ដែរ»។

លោក​ស្រី ងិន លី​ណា អគ្គ​​នា​​​យិកា​នៃ​អគ្គ​នាយក​ដ្ឋាន​ចំណេះ​ដឹង និង​ព័ត៌​មាន​បរិស្ថា​ន នៃ​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ក្នុង​ពេល​បើក​យុទ្ធនា​ការ «ការកាត់បន្ថយ​នូវ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនិង​ផ្សព្វ​​ផ្សាយ​ពី​កន្ត្រក​បរិស្ថាន​»​ ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃ​អង្គារថា កាកសំណល់​ថង់​ប្លា​ស្ទិក​ គឺជា​បញ្ហា​មួយ ​ដែល​ពិបាក​ដោះ​ស្រាយ ​និង​វា​ថែម​ទាំង​បាន​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន សុខុមាល​ភាព​ប្រ​ជា​ពល​រដ្ឋ អនា​ម័យ សោ​ភណ​ភាព​ទីក្រុង និង​មុខ​មាត់​របស់​ប្រទេស​កម្ពុជា​ទាំង​មូល​ទៀត​ផង។

លោក​ស្រី​ថ្លែង​ថា៖ «នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈ​សំខាន់ ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ គ្រប់​ទិស​ទីជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ទីប្រ​ជុំជន​ក្រុង​បាត់​ដំបង បាន​យល់​ដឹង និង​ចូល​រួម ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក និង​យល់​ដឹង​ចំពោះ​ផល​ប៉ះ​ពាល់​នៃ​សំណល់​ប្លាស្ទិក ​បង្កើន​ប្រ​សិទ្ឋភាព​កាត់​បន្ថយ​ការនាំ​ចូល​ ការផលិត​ការចែក​ចាយ និង​ការ​ប្រើ​ប្រាស់​ថង់​​ប្លាស្ទិក គឺ​សំដៅ​ធានា​ឲ្យ​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធា​រណៈ​បរិស្ថាន និង​សោភណ ភាព​​នៅ​តាម​ទីប្រជុំជន»។

លោក អ៊ុយ សុធាវី អភិ​បាលរង​ខេត្ត​បាត់​ដំបង​ លើក​ឡើង​ក្នុង​យុទ្ធនាការ​នោះ​​ថា យុទ្ធ​នាការ​ថ្ងៃ​នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​ក្នុង​គោល​បំណង​ ផ្តោត​សំខាន់​លើ​ការ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នូវ​ចលនា​ទូលំ​ទូលាយ​កាត់​បន្ថយ​សំណល់​ប្លាស្ទិក​នៅ​កម្ពុជា។

លោក​បន្ត​ថា​៖ «តាម​គោល​ការណ៍ស្ម័គ្រចិត្ត ក៏ដូចជា​ជំរុញ​ការអនុវត្ត​អនុក្រឹត្យ របស់​រាជ រដ្ឋាភិបាល «ស្ដីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក» ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ ការផ្ដល់​ថង់​ប្លា​ស្ទិ​ក ដោយ​មិន​គិតថ្លៃ​ជូន​ដល់​អតិថិជន និង​ចូល​រួម​ចំណែក​ លើក​ស្ទួយ​ជីវភាព​រស់​នៅរបស់​ប្រជា​ជន នៅតាម​សហគមន៍​ផលិត​កន្ត្រក ​កញ្ឆេ​ផងដែរ»។

បើតាម​លោក​ នេត្រ ភក្ត្រា ការ​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វ​ផ្សាយ​ពី​កន្ត្រក​បរិស្ថាននេះគ្រោង​រៀប​ចំ​នៅ​ក្នុង​ខេត្ត​ចំនួន ​៣ ដោយ​ចាប់​ផ្តើម​នៅ​ខេត្ត​បាត់​ដំបង បន្ទាប់​មក​បន្ដ​ទៅ​ខេត្ត​សៀមរាប​ ខេត្ត​ព្រះ​សីហនុ​ ជា​បន្ដ​បន្ទាប់​ទៀត។

លោក​​ឱ្យ​ដឹង​ថា តាម​ការប៉ាន់​ប្រមាណ​នៅ​ទូទាំ​ង​​ប្រទេស​កម្ពុជា​ សំរាម​សំណល់​រឹង​នៅ​តាម​ទី​ប្រជុំ​ជន​ ដែល​បាន​​បង្កើត​ គឺ​មាន​​ប្រមាណ​ជាង ១ ម៉ឺនតោន​ក្នុង​ ១ ថ្ងៃ ដែល​នៅ​ក្នុង​នោះ នៅ​រាជ​ធានី​ភ្នំពេ​ញ មាន​ប្រមាណ​ជិត​ ៣ ពាន់ តោន​​ក្នុង​ ១ ថ្ងៃ នៅ​ក្រុង​សៀម​រាប​ សំរាម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​មានប្រមាណ​ជិត ៣៥០ ទៅ ៤០០ តោននៅ​ក្នុង​ ១ ​ថ្ងៃ និង​នៅ​ក្រុង​ព្រះ​សីហនុ មាន​ប្រមាណពី ​៦០០ ទៅ ៦៥០ តោន​ក្នុង ១ ថ្ងៃ។

លោក​បន្ត​ថា​៖ «បច្ចុប្បន្ន​នេះ​ការ​គ្រប់​គ្រង​សំរាម​សំណល់​រឹង​នៅ​តាម​ទីប្រជុំ​ជ​ន​នៅ​ទូទាំង​ប្រទេស​មាន​ភាព​ល្អ​ប្រសើរ​ជា​ង​មុន ប៉ុន្តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​បរិមាណ​សំណល់​ដែ​ល​​បាន​បង្កើត​ឡើង​និង​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃ​នេះ​ទេជា​ពិសេ​ស​ការ​ប្រមូល​ ដឹក​ជញ្ជូន​ និង​ការ​ទុក​ដាក់​ចុង​ក្រោយ»។

ដោយ​ឡែក​ប្រជា​ពល​រដ្ឋ​ម្នា​ក់​នៅ​រាជធានី​ភ្នំពេញ ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ប្រមាណ ១០ ថង់​ក្នុង ១ ថ្ងៃហើយ​មាន​ថង់​ប្លា​ស្ទិ​ក ប្រមា​ណ​ជា ១០ លាន​ថង់​បាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ។ នេះ​បើតាម​ការ​បញ្ជាក់​ពីក្រសួង​បរិស្ថាន។

ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ ​កាល​ពីថ្ងៃ​ទី ២៩ ខែ មេសា នៅ​ទីស្តីការ​ក្រ​សួង​បរិស្ថាន លោ​ក សៅ សុភាព រដ្ឋ​លេខាធិ​ការ​ក្រសួង​បរិស្ថាន​ បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី «ការ​បង្កើ​ត​គំរូ​អាជីវកម្ម​សម្រាប់​ខ្សែ​សង្វា​ក់​ផ្គត់​ផ្គង់​ប្រកបដោយ​ចីរភាព​សម្រាប់​សំណល់​ដែល​អាច​កែច្នៃ​ឡើងវិញ ​នៅ​ខេត្ត​បាត់​ដំបង​ដោយ​ផ្តោត​សំខាន់​លើ​សំណល់​ប្លា​ស្ទិ​ក​និង​សរីរាង្គ​» រវាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល (GGGI) និង ​អង្គ​ការ​អភិវឌ្ឍន៍​ឧស្សា​ហកម្ម​សហ​ប្រជាជាតិ (UNIDO) ជា​កិច្ច​ព្រមព្រៀង​សហ​ប្រតិ​បត្តិការ​បច្ចេក​ទេស​រវាង​ស្ថាប័ន​ទាំង ២។

កិច្ច​ព្រម​ព្រៀង​នេះ ​រួមបញ្ចូល​គ្នា​រវាង​គោលដៅ​គម្រោង​របស់​វិទ្យាស្ថាន GGGI ដែល​ផ្តោត​លើ​ការ​កែលម្អ​ម៉ូ​ដែ​ល​អាជីវកម្ម​នៅ​ក្នុង​ការកែច្នៃ​សំរាម និង​គោល​ដៅ​គម្រោង​របស់​អង្គការ UNIDO ដែល​ផ្តោត​លើ​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

វិទ្យា​ស្ថាន GGGI ជា​អ្នកធ្វើ​ការសិក្សា​ស្រាវជ្រាវនិង​អង្គការ UNIDO ជា​អ្នក​ធ្វើការ​ផ្សព្វផ្សាយ​ ដើម្បី​លើកកម្ពស់​ការយល់ដឹង​នៅ​​ក្នុង​ក្រុង​បាត់ដំបង ហើយ​អង្គការ UNIDO នឹង​អនុវត្ត​ជា​ទ្រង់ទ្រាយ​ធំ​នូវ​កម្មវិធី​បង្កើតឡើង​ដោយ GGGI សម្រាប់​ការញែក​សំរាម​ដែល​អាច​កែច្នៃ​បាន​នៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ៕