ភ្នំពេញៈ ក្រសួងយុត្តិធម៌បានធ្វើកំណែទម្រង់ ៣+១ ដែលជាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ,កំណែទម្រង់រដ្ឋបាលសាធារណៈរួមគ្នាជាមួយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីឈានទៅរកយុទ្ធសាស្ត្ររួមសម្រាប់អនុវត្តតាមកំណែទម្រង់កម្មវិធីទាំង ៤ របស់រដ្ឋាភិបាល។
កាលពីរសៀលថ្ងៃទី ៤ ឧសភា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានដឹកនាំក្រុមការងារលេខាធិកាដ្ឋានកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ចូលរួមកិច្ចប្រជុំក្រុមការងារកែទម្រង់ ៣+១ នេះ តាមរយៈ Video Conference។ កិច្ចប្រជុំនេះដើម្បីពិភាក្សាអំពីការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលយន្តការកែទម្រង់ ៣+១ និងការរៀបចំទស្សនាទានស្តីពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររួមនៃកម្មវិធីកែទម្រង់ ៣+១។
លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា កន្លងទៅរាជរដ្ឋាភិបាលមានកម្មវិធីកែទម្រង់ចំនួន ៤ ធំៗទៅលើវិស័យទាំង ៤ នេះដោយវាបានដើរទៅមុខរៀងៗខ្លួនដាច់ពីគ្នា។ ដូច្នេះ កំណែទម្រង់ទាំង ៤ នេះគឺអាចមានការជាប់ពាក់ព័ន្ធ ឬទំនាក់ទំនងគ្នាទៅវិញទៅមកដែលជាហេតុនាំឲ្យក្រសួងយុត្តិធម៌ត្រូវពិចារណាពិនិត្យលើលទ្ធភាពនៃការកែសម្រួលយន្តការកែទម្រង់ ៣+១ នេះ។
លោកបញ្ជាក់ថា៖ «ដើម្បីឲ្យអាចមានភាពស៊ីគ្នាអាចគាំទ្រគ្នាទៅវិញទៅមកបាន គំនិតផ្តួចផ្តើមនេះក៏មានយន្តការសម្របសម្រួលការងារកំណែទម្រង់ទាំង ៤ នេះដោយប្រើពាក្យ ៣+១ ដោយសារតែកំណែទម្រង់ចំនួន ៣ គឺមានភាពស៊ីគ្នាច្រើនពាក់ព័ន្ធនឹងសេវាសាធារណៈ។ ក៏ប៉ុន្តែកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺខុសគេ ដែលពិបាកនឹងបន្ស៊ីគ្នា ព្រោះទាក់ទងនឹងសេវាយុត្តិធម៌ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ដែលខុសប្លែកពីគេបន្តិច»។
យ៉ាងណា លោក ជិន ម៉ាលីន បានអះអាងថា បើទោះវិស័យទាំង ៣ មានភាពខុសគ្នាខ្លះជាមួយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ប៉ុន្តែក៏មានផ្នែកខ្លះអាចសហការគ្នាបានដោយលោកបញ្ជាក់ថា កិច្ចប្រជុំនេះនឹងរៀបចំយន្តការ ដើម្បីសហការគ្នារវាងកំណែទម្រង់ទាំង ៤ ក្នុងការផ្លាស់ប្តូរព័ត៌មាន បទពិសោធ ក៏ដូចជាឯកសារក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីឈានទៅរកយុទ្ធសាស្ត្ររួមសម្រាប់អនុវត្តនាពេលឆាប់ៗខាងមុខនេះ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានសាទរចំពោះកំណែទម្រង់ ៣+១ របស់ក្រសួងយុត្តិធម៌ដែលជាដំណើរការមួយទៅមុខល្អ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់អភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា តាមរយៈយុទ្ធសាស្ត្រលម្អិតរបស់រដ្ឋាភិបាល ដែលបានដាក់ចេញក្នុងពេលកន្លងមកនេះគឺបានដំណើរការទៅមុខបានយ៉ាងល្អប្រសើរ។ ប៉ុន្តែក៏នៅមានចំណុចមួយចំនួន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែម ដើម្បីឲ្យមានភាពច្បាស់លាស់ជាងមុន ដូចជាជំរុញឲ្យមានការត្រួតពិនិត្យ តាមដាន ការគ្រប់គ្រងថវិកាជាតិ និងស្ថាប័នឯករាជ្យនានា ដែលមានតួនាទីក្នុងការតាមដានសកម្មភាពទាំងអស់នៃកំណែទម្រង់របស់រដ្ឋាភិបាលនេះ។
លោក ប៉ិច ពិសី បានបញ្ជាក់ថា៖ «ចំណុចស្នូលដែលជាយុទ្ធសាស្ត្រកំណែទម្រង់គ្រប់វិស័យនេះ គឺការរៀបចំយុទ្ធសាស្ត្រ និងការងារជាក់លាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការស៊ីសំណូកសូកប៉ាន់នៅតាមវិស័យទាំងអស់នេះ»។
លោកបានបន្ថែមថា៖ «វាគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីអាចសន្សំថវិកាជាតិផង និងប្រើប្រាស់ថវិកាជាតិឲ្យចំគោលដៅ ព្រោះថវិកាជាតិមានតិចស្រាប់ ហើយអាចបង្កើនសេវាសាធារណៈឲ្យប្រសើរដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍឲ្យបានលឿន»៕