ភ្នំពេញៈ ក្រសួងយុត្ដិធម៌ជឿជាក់ថា នឹងអាចបិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តនៅមុនដំណាច់ឆ្នាំនេះក្រោយលទ្ធផល ១០០ ថ្ងៃ នៃការអនុវត្ដយុទ្ធនាការនេះ សម្រេចបាន ៨ ១១៣ សំណុំរឿងដែលបានកកស្ទះកន្លងមក។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ។
លោក ជិន ម៉ាលីន បានថ្លែងថា៖ «នៅក្នុងរយៈពេលនៃការអនុវត្ដយុទ្ធនាការ ១០០ ថ្ងៃនេះក្រុមការងារយើងមិនមានការជួបប្រទះបញ្ហាប្រឈមអ្វីទេ ព្រោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានយល់ច្បាស់ពីគោលបំណង និងវិធានការដែលត្រូវអនុវត្ដនៅក្នុងយុទ្ធនាការនេះ»។
លោកបន្តថា ក្រុមការងារបានអនុវត្ដត្រឹមត្រូវទៅតាមយន្តការ និងវិធានការទៅតាមយុទ្ធនាការដែលបានដាក់ចេញក្នុងនោះមានការចូលរួមសហការល្អ ដោយមានការលះបង់ពីគ្រប់ភាគីពាក់ព័ន្ធ។ ផ្អែកតាមលទ្ធផលនៃការអនុវត្ដយុទ្ធនាការរយៈពេល ១០០ ថ្ងៃនេះរួមនឹងការចូលរួមសហការបានល្អពីគ្រប់ភាគីពាក់ព័ន្ធលោក ម៉ាលីន ជឿជាក់ថា សំណុំរឿងទាំងអស់ដែលនៅកកស្ទះតាមសាលាដំបូងរាជធានី-ខេត្ដ នឹងត្រូវបញ្ចប់ជាអតិបរមា ឬ ១០០ ភាគរយនៅមុនដំណាច់ឆ្នាំនេះ។
ក្នុងនាមប្រធានក្រុមការងារទី ៤ នៃការអនុវត្ដការងារនេះលោក ម៉ាលីន ក៏បានអរគុណដល់សមាជិកក្រុមការងារទាំងអស់ព្រមទាំងសាលាដំបូងទាំង ៥ នៃខេត្តប៉ែកនិរតីប្រទេសដែលបានខិតខំប្រឹងប្រែង និងសហការគ្នាបានយ៉ាងល្អ សម្រេចបានលទ្ធផលគួរជាទីមោទនៈនាំមុខគេ ទូទាំងប្រទេសក្នុងរយៈពេល ១០០ ថ្ងៃ នៃការអនុវត្ដយុទ្ធនាការនេះ។
លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានប្រកាសបើកយុទ្ធនាការនេះ កាលពីថ្ងៃទី ១៨ ខែឧសភា កន្លងទៅ ក្រោយពីរកឃើញមានសំណុំរឿងព្រហ្មទណ្ឌដែលសាលាដំបូងរាជធានី-ខេត្ដកំពុងចាត់ការសរុបចំនួន ៣៩ ១៥២ សំណុំរឿង។ ក្នុងពេលបើកយុទ្ធនាការនេះ លោករដ្ឋមន្ដ្រីរំពឹងថា នឹងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ដបានប្រមាណពី ៥០ ទៅ ៧០ ភាគរយក្នុងរយៈពេល ៦ ខែ។
លោក ម៉ាលីន បញ្ជាក់ថា៖ «ដូច្នេះអ្វីដែលត្រូវធ្វើបន្តលើការងារនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តអនុវត្ដទៅតាមស្មារតីនៃយុទ្ធនាការនេះ និងអនុវត្ដទៅតាមយន្តការ និងវិធានការដែលយុទ្ធនាការនេះបានដាក់ចេញបន្តទៀត។ យើងសង្ឃឹមថា បញ្ចប់អស់នៅមុនដំណាច់ឆ្នាំនេះ»។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក សាទរចំពោះលទ្ធផលដែលសម្រេចបានរបស់ក្រុមការងារក្រសួងយុត្ដិធម៌នេះ។ លោកថាក្នុងនាមសង្គមស៊ីវិល មិនចង់ឃើញត្រឹមតែនីតិវិធីចំពោះការដោះស្រាយការកកស្ទះសំណុំរឿងប៉ុណ្ណោះទេ ប៉ុន្ដែចង់ឱ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌ថែមទៀត។
លោកថ្លែងថា៖ «កំណែទម្រង់ផ្នែកធនធានមនុស្ស និងឯករាជភាពក្នុងប្រព័ន្ធតុលាការជាដើមគឺជាអ្វីដែលអង្គការសង្គមស៊ីវិលយើងចង់ឃើញ។ មានន័យថា កំណែទម្រង់បែបនេះ គឺដើម្បីឱ្យមានទំនុកចិត្ដពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជនដែលរស់នៅក្នុងសង្គមកម្ពុជា»។
តាមរយៈការអនុវត្ដយុទ្ធនាការការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី ខេត្ដនេះលោក កើត រិទ្ធ បានដាក់ចេញនូវអភិក្រមចំនួន ៤ ដើម្បីឱ្យក្រុមការងារទាំងអស់អនុវត្ដ និងប្រកាន់ខ្ជាប់គឺ «លឿន ត្រឹមត្រូវ យុត្ដិធម៌ និងមិនពុករលួយ»៕