ភ្នំពេញៈ ក្រសួង​យុត្តិធម៌​បានសម្រេច​ដាក់​ឲ្យ​ដំណើរការ​សាលសវនាការ​ថ្មី​ចំនួន​ ៤ បន្ថែម​ទៀត​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការពន្លឿន​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ដោយហេតុ​នៅ​សាលាដំបូង​នេះ​គ្រាន់តែ​សំណុំរឿង​សល់​មិនទាន់​ដោះស្រាយ​កាលពី​ឆ្នាំ​ ២០១៩ មាន ១២ ០០០ សំណុំរឿង ហើយ​សំណុំរឿង​ថ្មី​មាន​ជា​មធ្យម ៧​ ៨០០ រឿង​ ក្នុង ១ ​ថ្ងៃ​។

ក្រសួង​យុត្ដិធម៌​បញ្ជាក់ថា បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បែប​នេះ​ធ្វើឲ្យ​ស្ថានភាព​ក្នុង​ពេល​បច្ចុប្បន្ន សាលាដំបូង​មិនអាច​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​បាន​ដោយ​ខ្លួនឯង​នោះទេ ហើយ​សាលា​ដំបូង​មួយចំនួន​ទៀត​នៅតាម​បណ្ដា​ខេត្ដ​ក៏​ជួប​បញ្ហា​ប្រឈម​ដូចគ្នា​នេះ​ដែរ​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​តំណាង​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា កាលពី​មុន​សាលសវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​ចំនួន ៥ ឥឡូវ ក្រសួង​យុត្តិធម៌​បាន​សម្រេច​ដាក់​ដំណើរការ​សាលសវនាការ​ថ្មី​ចំនួន ៤ បន្ថែម​សរុប​មាន​ចំនួន ៩ សាលសវនាការ​ហើយ​។

លោក គឹមឡុង បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ការសម្រេច​ដាក់​ដំណើរការ​សាលសវនាការ​ថ្មី​នេះ​គឺជា​ការរៀបចំ​ឡើង​ដោយ​ក្រសួង​យុត្ដិធម៌​។ កាល​មុន​យើង​មាន​សាល​សវនាការ​ចំនួន ៥ ឥឡូវ​ដាក់​ដំណើរការ​ថ្មី​ចំនួន ៤ ទៀត​»​។

លោក គឹម សន្តិភាព ប្រធាន​ក្រុមការងារ​ទី​ ១ នៃ​គណៈកម្មការ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត (​គ.យ.ក.ស​) នៃ​ក្រសួង​យុត្ដិធម៌​ទទួលបន្ទុក​ការអនុវត្ដ​យុទ្ធនាការ​នេះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្ដ​កណ្ដាល ព្រៃវែង និង​ខេត្ដ​ស្វាយរៀង កាលពី​ថ្ងៃ​អង្គារ​ទី​ ២៦ ខែឧសភា កន្លង​មក​នេះ​បាន​ចុះ​ពិនិត្យ​សាល​សវនាការ​ថ្មី​ទាំង ៤ នេះ​ផងដែរ​។ ក្រសួង​យុត្ដិធម៌​បញ្ជាក់ថា​៖ «​សាលសវនាការ​ថ្មី​ចំនួន ៤ បន្ថែម​ដែល​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជម្រះក្តី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​នេះ​ជា​មធ្យោបាយ​មួយ​ក្នុង​ការពន្លឿន​សំណុំរឿង​នៅក្នុង​ដំណាក់កាល​ជម្រះ​»​។

ដើម្បី​ដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ដ​នេះ​លោក កើត រិទ្ធ រដ្ឋមន្ដ្រី ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា បាន​ប្រកាស​បើកយុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ដំបូង​រាជធានី-ខេត្ត​ផងដែរ ខណៈ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កំពុង​ចាត់ការ​សរុប​មាន​ចំនួន​ជិត ៤ ម៉ឺន​សំណុំរឿង​។ តាមរយៈ​យុទ្ធនាការ​នេះ ក្រសួង​យុត្តិធម៌​រំពឹង​ថា អាច​នឹង​កាត់បន្ថយ​ការកកស្ទះ​សំណុំ​រឿង​បាន​ប្រមាណ​ពី ៥០ ទៅ ៧០ ភាគរយ​ក្នុង​ការអនុវត្ដ​យុទ្ធនាការ​រយៈពេល ៦ ខែ​ខាងមុខ​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​៖ «​តុលាការ​ទូទាំង​ប្រទេស​កំពុង​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំ​រឿងនេះ​។ ចំណែកឯ​លទ្ធផល​នឹង​ធ្វើការ​បូកសរុប​​ប្រកាស​នៅពេល​ក្រោយ​»​។

ក្រសួង​យុត្ដិធម៌​បាន​បញ្ជាក់ថា ដើម្បី​ធានា​ដល់​ការអនុវត្ដ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ដ ជាពិសេស​ដើម្បី​ជួយ​ដល់​សាលាដំបូង​ឲ្យ​អនុវត្ដ​យុទ្ធនាការ​បាន​ជោគជ័យ និង​ត្រឹមត្រូវ ក្រសួង​យុត្ដិធម៌​បាន​សម្រេច​បង្កើត​យន្តការ​មួយ​ហៅថា «​គណៈកម្មការ​ដឹកនាំ​យុទ្ធនារ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​»​។ គណៈកម្មការ​នេះ​មាន​ក្រុម​ការងារ​ចំនួន​ ៤ ​ជា​សេនាធិការ​ដឹកនាំ​អនុវត្ដ​យុទ្ធនាការ​នៅតាម​តំបន់​ទទួល​ខុសត្រូវ​នីមួយៗ​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​៕