
ទណ្ឌិតត្រូវបានដឹកបញ្ជូនទៅពន្ធនាគារព្រៃស នាពេលកន្លងមក។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងយុត្តិធម៌នឹងបើកកិច្ចប្រជុំនៅថ្ងៃទី ៣១ ខែមីនា ស្អែកនេះ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ខណៈឈ្មោះទាំងនោះមានចំនួន ៥៤២ នាក់។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា នៅព្រហស្បត្តិ៍ ទី ៣១ មីនា វេលាម៉ោង ២ និង ៣០ នាទី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិនេះតាមប្រព័ន្ធអេឡេត្រូនិក (ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលត្រូវបានស្នើសុំបន្ធូរ បន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២១។
លោកឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន ២៣ (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង ៤) ដែលសរុបទណ្ឌិតមានចំនួន ៥៤២ នាក់ (ស្រី ៦៨ នាក់) ក្នុងនោះស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ៩ នាក់) និងស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)។
យោងតាមព្រះរាជក្រឹត្យដែលមាន ៦ ជំពូក និង ១៩ មាត្រា ឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសចំពោះទណ្ឌិតត្រូវបានកំណត់ ៥ ដង ក្នុង ១ ឆ្នាំ។ ក្នុងនោះមានដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ព្រះរាជក្រឹត្យបញ្ជាក់ថា «ការបន្ធូរបន្ថយទោសនិងការលើកលែងទោសចំពោះទណ្ឌិតក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌ហើយអាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រមឬសាលដីកាស្ថាពរប៉ុណ្ណោះ»៕