សៀមរាបៈ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​រកឃើញ​សិស្ស​ពូកែ​ផ្នែក​អក្សរ​សិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​ចំនួន ៦០ នាក់​​ នៅ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​នេះ បន្ទាប់​ពី​ប្រឡង​នៅ​ក្រុង​សៀមរាប​កាល​ពី​សប្ដាហ៍​មុន​ដោយ​មាន​បេក្ខជន​ប្រកួត ៤៨០ នាក់ ប៉ុន្តែ​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​នេះ​បាន​រំឭក​អ្នក​ធ្លាក់​កុំ​ឲ្យ​បាក់​ទឹកចិត្ដ និង​ត្រូវ​ខំរៀន​បន្ថែម​ដើម្បី​ប្រឡង​លើក​ក្រោយ។

ថ្លែង​នៅក្នុង​ពិធី​បិទ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស និង​ចែក​រង្វាន់​ជយ​លាភី​កាល​ពី​ថ្ងៃ​ទី ២៨ មេសា នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ក្នុង​ខេត្ត​សៀមរាប ទី​ដែល​យក​ធ្វើជា​មណ្ឌល​ប្រឡង លោក ហង់ ជួន​ណារ៉ុន បាន​លើក​ឡើង​ថា៖ «បើ​ក្មួយៗ​បន្ត​ខំរៀន​បន្ថែម​ទៀត ទោះ​មិន​ជាប់​ជយ​លាភី​សិស្ស​ពូកែ ក៏​ក្មួយៗ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​បាន​ដែរ និង​អាច​ទទួល​បាន​និទ្ទេស​ល្អ​ផង​ក៏មាន។ កត្តា​សំខាន់​នោះ គឺ​រៀន​ជាប់​ជានិច្ច ទាំង​អ្នក​ជាប់ និង​អ្នក​មិន​ជាប់​ជយ​លាភី​គឺ​មិន​ត្រូវ​បោះបង់​ការ​សិក្សា​ឡើយ»។

ដោយបាន​លើកឡើង​ពី​លទ្ធផល​នៃ ការរៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​នាពេល​កន្លង​មក លោក​រដ្ឋមន្ដ្រី ក្រសួង​អប់រំ​បាន​ថ្លែង​ថា អតីត​ជយ​លាភី​សិស្ស​ពូកែ​បាន​ផ្តល់​មោទនភាព​ជាតិ ដោយ​បាន​ចូលរួម​ប្រកួត​ប្រជែង​កម្រិត​អន្តរជាតិ​ជា​បន្តបន្ទាប់ និង​បាន​នាំ​មេដាយ និង​ពាន​រង្វាន់​នានា​មក​ជូន​ជាតិ​មាតុភូមិ​ផងដែរ។

លោក​បាន​ថ្លែងថា៖ «ក្មួយៗ ដែល​ទទួលបាន​ជយលាភី​សិស្ស​ពូកែ និង ជា​សិស្ស​ពូកែ​ទាំង​អស់​ត្រូវ​បន្ត​ខិតខំ​កសាង​ខ្លួន​ឱ្យ​ក្លាយជា​យុវជន​ជឿន​លឿន ជា​សសរ​ស្តម្ភ​ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ និង​ស្វែងរក​កិត្តិយស​ថ្មីៗ​ទៀត​ជូន​ជាតិ​មាតុភូមិ»។

ក្រៅពីនោះ លោក​រដ្ឋមន្ដ្រី​ក៏បាន​ជំរុញ​ដល់​គ្រប់​មន្ទីរអប់រំ​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​តាម​ដាន​លើ​ការ​ជ្រើសរើស​ជយ​លាភី​សិស្ស​ពូកែ​ថ្នាក់​រាជធានី-ខេត្ត ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ផងដែរ ពោល​គឺ​ឲ្យ​ចំ​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ពិត​ប្រាកដ​មុន​នឹង​បញ្ជូន​មក​ចូលរួម​ប្រឡង​ប្រជែង​នៅ​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

យោងតាម​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការរៀបចំ​ការប្រឡង​បង្ហាញថា សិស្ស​កម្រិត​ថ្នាក់​ទី ៩ ដែល​ជាប់ជយ​លាភី​ផ្នែក​អក្សរ​សិល្ប៍​ខ្មែរ មាន ១០ នាក់ ផ្នែក​រូបវិទ្យា ១០ នាក់ និង ផ្នែក​គណិតវិទ្យា ១០ នាក់ និង​សិស្ស​កម្រិត​ថ្នាក់​ទី ១២ ដែល​ជាប់​ជយ​លាភី​ផ្នែក​អក្សរ​សិល្ប៍​ខ្មែរ​មាន ១០ នាក់ ផ្នែក​រូបវិទ្យា ១០ នាក់ និង​ផ្នែក​គណិតវិទ្យា ១០ នាក់។

គួរ​បញ្ជាក់ថា គិត​មកទល់​ឆ្នាំនេះ​គឺជា​លើក​ទី ២៦ ហើយ ដែល​ក្រសួង​អប់រំ​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​ជ្រើសរើស​ដណ្តើម​យក​ជយ​លាភី​សិស្ស​ពូកែ​ទូទាំង​ប្រទេស ដោយ​ខេត្ត​សៀមរាប​បាន​ធ្វើ​ម្ចាស់​ផ្ទះ ៦ លើក​មក​ហើយ​គិត​ទាំង​លើក​នេះ​ផង។

បើតាម​សេចក្ដីប្រកាស​គ្រប់​បេក្ខជន​ដែល​ជាប់​ជយលាភី​ទទួលបាន​វិញ្ញា​បនបត្រ​សិស្ស​ពូកែ​ថ្នាក់​ជាតិ ១ សន្លឹក មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ រីឯ​ប្រាក់​រង្វាន់​ចាប់​ពី​លេខ ១ ដល់​លេខ ១០ មាន​ពី ៣,៥ លាន​រៀល មក​ត្រឹម ៨ សែន​រៀល។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​បាន​កំណត់​យក​ជយ​លាភី​សិស្ស​ពូកែ​នៅ​កម្រិត​ថ្នាក់​ទី ៩ ចំនួន ៣០ នាក់ កម្រិត​ថ្នាក់​ទី ១២ ចំនួន ៣០ នាក់​ជា​រៀងរាល់​ឆ្នាំ។

លោក​បាន​បន្តថា៖ «ជា​សរុប​ជា​ប្រចាំ​ឆ្នាំ យើង​ត្រូវ​ជ្រើសរើស​ជយលាភី​សិស្ស​ពូកែ ចំនួន ៦០ នាក់​ ​ជា​រៀងរាល់​ឆ្នាំ។ ចំណែក​បេក្ខជន​ប្រឡង​ចំនួន ៤៨០ នាក់​ ជា​រៀង​រាល់​ឆ្នាំ​នេះ ត្រូវ​បាន​ចែក​ចេញ​ជា ២ គឺ ២៤០ នាក់ សម្រាប់​សិស្ស​ពូកែ​កម្រិត​ថ្នាក់​ទី៩ និង ២៤០ នាក់​ទៀត សម្រាប់​សិស្ស​ពូកែ​កម្រិត​ថ្នាក់​ទី ១២ នៅ​ទូទាំង​ប្រទេស»។

យុវតី លី សុវណ្ណ​ឡេង សិស្ស​ថ្នាក់​ទី ១២ មកពី​វិទ្យាល័យ​អន្ដរជាតិ​យូអេស​អេ​ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង និង​ជា​សិស្ស​ជាប់​ជយ​លាភី​លេខ ៥ ផ្នែក​រូបវិទ្យា​នៅ​ឆ្នាំនេះបាន​ឱ្យដឹង​ថា ទម្រាំ​បាន​ប្រឡង​ជាប់​ជយ​លាភី​នេះ នាង​បាន​ចូលរួម​ការ​ប្រឡង​ជា​ច្រើន​លើក​ទាំង​នៅ​វិទ្យាល័យ​ដែល​កំពុង​រៀន​ផ្ទាល់​រហូត​ដល់​ថ្នាក់​ខេត្ដ​ទើប​ឈាន​ដល់​ការ​ប្រឡង​ថ្នាក់​ជាតិ។

យុវតី​វ័យ ១៨ ឆ្នាំ​រូបនេះ​បាន​បន្តថា៖ «ខ្ញុំ​កំពុងតែ​រៀប​គម្រោង​រៀន​បន្ថែមទៀត​សម្រាប់​ការ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ពេល​ខាង​មុខ ព្រោះ​នៅ​សល់​ពេល​តែ​ជាង ១១០ ថ្ងៃ​ទៀត​ទេ នឹង​ដល់​ការ​ប្រឡង​ហើយ អ៊ីចឹង​ត្រូវ​ខិតខំ​រៀន​មែន​ទែន ដើម្បី​យក​បាន​និទ្ទេស​ល្អ»។

សុវណ្ណ​ឡេង បានឱ្យដឹងថា ពេលរៀន​នៅ​សាលា នាង​ជា​សិស្ស​ម្នាក់​ដែល​តែង​រៀន​ជាប់​ចំណាត់​ថ្នាក់​ល្អ​ក្នុង​រង្វង់​ពី​លេខ ១ ដល់​លេខ ៣ និង​ជា​សិស្ស​ពូកែ​ផ្នែក​រូបវិទ្យា​នេះ​តាំង​ពី​ថ្នាក់​ទី ៩ រហូត​មក​ម្ល៉េះ។

លោក ឡេង សាវុធ នាយក​វិទ្យាល័យមេសាង ស្ថិតក្នុង​ស្រុក​មេសាង ខេត្ដ​ព្រៃវែង បាន​ឱ្យ​ដឹង​ថា សិស្ស​ក្នុង​វិទ្យាល័យ​លោក​បាន​ជាប់​ជយ​លាភី​ផ្នែក​រូបវិទ្យា​មាន​ចំនួន ២ នាក់ ដោយ​ម្នាក់​ជាប់​នៅ​កម្រិត​ថ្នាក់​ទី ៩ និង​ម្នាក់​ទៀត​កម្រិត​ថ្នាក់​ទី ១២។

លោក​បាន​ថ្លែងថា តាមរយៈ​កំណែទម្រង់​វិស័យ​អប់រំ​របស់ លោក​រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ការ​រៀន និង​ការ​បង្រៀន​នៅ​វិទ្យាល័យ​របស់​លោក​មាន​ការ​រីក​ចម្រើន​ច្រើន ដោយ​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A និង​សិស្ស​ពូកែ​ថ្នាក់​ជាតិ​ថែម​ទៀត​ផង។

លោក​បន្តថា៖ «កិច្ចការងារ​នេះ ក៏​កើតឡើង​ដោយ​កត្ដា​រួមផ្សំ​ទាំងអស់គ្នា​ដែរ តាមរយៈ​លោកគ្រូ​អ្នក​គ្រូ​ខិតខំ​ប្រឹងប្រែង​បង្រៀន និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្ស​ខ្លួន​ឯង​ទើប​ពួកគាត់​ទទួល​បាន​ជោគជ័យ​បែបនេះ។

ក្រោយពី​មាន​កំណែទម្រង់​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​ចំពោះ​ការប្រឡង ២ ដង​តាំង​ពី​ឆ្នាំ ២០១៤ មក សិស្ស​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ខ្លាំង​មែនទែន។ សិស្ស​បាន​ដាក់​ចិត្ត​រៀនសូត្រ រៀន​ទាំង​នៅ​សាលា​រដ្ឋ និង​រៀន​គួរ​បន្ថែម​ផងដែរ»៕