ភ្នំពេញៈ មនុស្ស​ចំនួន ៤៧៧ នាក់​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ១៩ ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង នោះ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ច្រើនជាងគេ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​​សុខាភិបាល​ចេញ​នៅ​ថ្ងៃ​សៅរ៍​ទី ១០ ខែ​មេសា ឆ្នាំ ២០២១ នេះ។

ក្រសួង​បានប្រកាស​ថា ចំនួន​អ្នក​ឆ្លង​ទាំងនេះ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤៥៤ ខេត្ត​ព្រះសីហនុ​ចំនួន ៦ នាក់ ខេត្តកណ្តាល តាកែវ និង​ស្វាយរៀង​ចំនួន ៤ នាក់​ដូចគ្នា ខេត្តព្រៃវែង​មាន​ចំនួន ៣ នាក់ ខណៈ​ដែល​ខេត្តកំពង់ធំ ​និង​សៀមរាប​មាន​ឆ្លង​ចំនួន ០១ នាក់​ដូចគ្នា។

ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ បាន​ធ្វើឱ្យ​ចំនួន​នៃ​អ្នក​ឆ្លង​សរុប​មាន​ចំនួន​ដល់ ៣៥៤៩ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ២០៩០ នាក់។ នៅថ្ងៃនេះ ក្រសួង​សុខាភិបាល​ក៏បាន​ប្រកាស​ពី​ការព្យាបាល​ជាសះស្បើយ​នូវ​អ្នកជំងឺ​កូវីដ​ដែល​សុទ្ធតែ​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​គឺមាន​ចំនួន ៩៦ នាក់​ផងដែរ។

ទន្ទឹម​នឹង​នេះដែរ ក្រសួង​បាន​ប្រកាស​ពី​ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៥៩ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ១៩ កាលពី​ព្រឹក​ថ្ងៃទី០៩ ខែមេសា ម្សិលមិញ​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ១៩​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ២៦ នាក់។

បើតាម​របាយការណ៍​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បានឱ្យ​ដឹងថា បុរស​រូបនេះ​រស់នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​បាន​ស្លាប់​បាត់បង់​ជីវិត​រួចហើយ​មុនពេល​ចូលដល់​មន្ទីរពេទ្យ​នេះ ប៉ុន្តែ​ដោយ​ការសង្ស័យ​សព​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ ដើម្បី​ពិនិត្យមើល ហើយ​បាន​ទទួល​លទ្ធផល​វិជ្ជមាន​កូវីដ១៩។

ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ បុរស​រូបនេះ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ (Mourant entrant avec Covid-19)។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១០ ខែ​មេសា ឆ្នាំ ២០២១ នេះ ក្រសួង​បាន​រក​អ្នកមាន​វីរុស​វិជ្ជមាន​សរុប​ទូទាំង​ប្រទេស​ចំនួន ៤០៨១ នាក់​ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ចំនួន ២០៨០ នាក់ អ្នក​កំពុង​ព្យាបាល ១៩៧០ នាក់ និង​អ្នកស្លាប់​ចំនួន ២៦ នាក់៕