ភ្នំពេញ៖ គិតត្រឹមព្រឹកម៉ោង៧ ថ្ងៃទី១៣ ខែមីនានេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៩នាក់បន្ថែមទៀតដែលសុទ្ធសឹងជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈទាំងអស់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះបានឲ្យដឹងថាក្នុងចំណោមករណីឆ្លងក្នុងសហគមន៍២០កុម្ភៈទាំង៣៩នាក់នេះ មាន២០ករណីនៅភ្នំពេញ ១៣ករណីនៅខេត្តព្រៃវែង ៥ករណីនៅខេត្តកណ្ដាល និង១ករណីនៅខេត្តព្រះសីហនុ។

ក្រៅពីនេះក៏មានករណីជាសះស្បើយចំនួន ៤ នាក់ដែលជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ។

គិតត្រឹមថ្ងៃទី១៣ មីនា កម្ពុជាមានករណីវិជ្ជមានកូវីដ១៩ សរុបទាំងអស់ចំនួន១២៦៤នាក់ ដែលក្នុងចំនួននេះមានអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩ និងស្លាប់ម្នាក់។

ក្នុងចំណោមវិជ្ជមានដែលបានរកឃើញពីមុន ក្រសួងសុខាភិបាលក៏បានរកឃើញមានវីរុសកូវីដ១៩ ចំនួន១២ករណីដែលជាករណីបម្លែងថ្មី។

ក្រសួងសុខាភិបាល ធ្វើការអំពាវនាវសាជាថ្មីម្តងទៀតឲ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ជាពិសេសវីរុសកូវីដ១៩ បម្លែងថ្មីដែលកំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា។

ក្រសួងបញ្ជាក់ថា វីរុសកូវីដ១៩ បម្លែងថ្មីនេះមិនដឹងថា នៅទីណាខ្លះនោះទេ។ ការប្រុងប្រយ័ត្នជាពិសេសនៅរាជធានីភ្នំពេញ ដែលមានការចម្លងបន្តគ្នាលឿន និងឆ្លងបន្តទៅខេត្តមួយចំនួនរួចទៅហើយ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងដូច្នេះថា៖ «ដូច្នេះ ពេលនេះនៅផ្ទះ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពិធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យារពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិបរមា។ ជម្រើសយកការបញ្ឈប់ការជួបជុំ ឬការពន្យារពេលនៃការរៀបចំពិធីនានា ល្អប្រសើរជាងការឆ្លងហើយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ»៕