
ជនបរទេសឈររង់ចាំធ្វើតេស្តស្វែងរកមេរោគកូវីដ ១៩ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៧៥ នាក់បន្ថែមទៀត ខណៈមានអ្នកព្យាបាលជាសះស្បើយចំនួន ២២ នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ នេះ។
របាយការណ៍បានបញ្ជាក់ថា ករណីឆ្លងថ្មីនេះមានក្នុងរាជធានីភ្នំពេញចំនួន ៥០ នាក់ ខេត្តកណ្តាល ២២ នាក់ ខេត្តព្រៃវែងចំនួន ២ នាក់ និងខេត្តតាកែវម្នាក់។ ចំនួនឆ្លងថ្មីនេះ ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងរហូតដល់ ៩៩០ នាក់។
ក្រសួងបន្តថា នៅថ្ងៃនេះដែរ អ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២២ នាក់ ក្នុងនោះមានអ្នកជំងឺដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២១ នាក់។ ចំនួនសរុបនៃអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍លើកទី៣ នេះត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៣៤០ នាក់ហើយ។
គិតត្រឹមថ្ងៃទី ១៧ ខែមីនានេះ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ ១៩ សរុបចំនួន ១ ៥០៥ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៨៤០ នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦៦២ នាក់ និងអ្នកស្លាប់ម្នាក់៕