
ភ្លុកដំរី ដែលសមត្ថកិច្ចបានរឹបអូស កាលពីអំឡុងឆ្នាំ ២០១៨។ សហការី
ភ្នំពេញៈ ក្រសួងបរិស្ថាន កំពុងពិចារណារកទីតាំងសុវត្ថិភាព ដើម្បីរក្សាទុកភ្លុកដំរី និងសំណាកសត្វកម្រឱ្យសាធារណជនទស្សនា និងសិក្សាស្រាវជ្រាវវិញ ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្លាប់ស្នើរដ្ឋាភិបាលដុតកម្ទេចចោល។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា បច្ចុប្បន្ន ភ្លុកដំរី ដែលអាជ្ញាធរកម្ពុជាចាប់បាន ខ្លះកំពុងជាប់សំណុំរឿងនៅតុលាការ ហើយភ្លុកដំរីដែលចាប់បានត្រូវបានរក្សាទុកនៅកន្លែងមានសុវត្ថិភាព។
លោកបានបន្ដថា ក្រោយពីមានការសម្រេចពីតុលាការ អាជ្ញាធរពាក់ព័ន្ធនឹងពិនិត្យលទ្ធភាពបន្ថែមទៀត។ គោលដៅរបស់រដ្ឋាភិបាល គឺរក្សាទុកភ្លុកដំរី កុយរមាសឬសំណាកសត្វកម្រផ្សេងទៀត ដើម្បីដាក់តាំងពិព័រណ៍ឱ្យសាធារណជនទស្សនា ក៏ដូចជា សម្រាប់ធ្វើការសិក្សាស្រាវជ្រាវពីប្រភេទសត្វទាំងនោះ។
លោក ភក្រ្តា បានបញ្ជាក់ថា៖ «យើងនឹងគិតគូរពិចារណាថា តើត្រូវរៀបចំកន្លែងទុកដាក់ របៀបណាដែលមានសុវត្ថិភាពផង និងអាចអនុញ្ញាតឱ្យសាធារណជន ឬអ្នកសិក្សាស្រាវជ្រាវ អាចចូលមើល និងសិក្សាផង»។
លោក បានឱ្យដឹងថា សំណាកសត្វកម្រដែលត្រូវរក្សាទុកនោះរួមមាន ភ្លុកដំរី កុយរមាស ស្រកាពង្រូលជាដើម។ ប៉ុន្ដែចំពោះផែនការរក្សាទុកភ្លុកដំរីនេះ ក្រសួងបរិស្ថាននៅមិនទាន់កំណត់ពេលវេលាថា អាចនឹងបញ្ចប់នៅពេលណានៅឡើយទេ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ធ្លាប់បានជំទាស់នឹងសំណើរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងទូតបរទេសមួយ ដែលបានស្នើឱ្យបំផ្លាញភ្លុកដំរីជាង ១ តោន ដែលសមត្ថកិច្ចកម្ពុជាចាប់បាន កាលពីចុងឆ្នាំ ២០១៦ ដើម្បីរក្សាទុកតាំងពិព័រណ៍។
ពេលនោះលោក ហ៊ុន សែន ថ្លែងថា៖ «រឿងអីវាត្រូវកម្ទេចចោល? ដូចបំបាត់ភ័ស្តុតាងចោលអ៊ីចឹង។ អ៊ីចឹងយើងដាក់តាំងពិព័រណ៍មួយអំពីសារធាតុពីអាហ្នឹងមានគ្រប់ប្រភេទភ្លុកដំរី កុយរមាស»។
លោក ចាន់ វិចិត្រ ប្រធានកម្មវិធីអង្គការសង្គ្រោះសត្វព្រៃ (Save Cambodia Wildlife) បានឲ្យដឹងថា សំណាកសត្វកម្រដូចជាសត្វដំរីជាដើមនេះ គួរតែត្រូវរក្សាទុក សម្រាប់កូនចៅជំនាន់ក្រោយបានដឹង និងសិក្សាស្រាវជ្រាវ ដូចជាបរទេស គេរក្សាទុកសំណាកសត្វដាយណូស័រជាដើម។
លោក វិចិត្រ បានបដិសេធចំពោះគំនិតដែលចង់បំផ្លាញសំណាកសត្វកម្រនេះ ដោយបានបញ្ជាក់ថា សំណាកសត្វកម្រដែលប្រទេស កម្ពុជា មាន ជារបស់ដែលចាប់បានពីជនល្មើស មិនមែនជាអ្វីដែលកម្ពុជាបំផ្លាញនោះទេ។
លោក វិចិត្រ បានបញ្ជាក់ថា៖ «អ្វីដែលយើងរក្សាទុកនេះ ជារបស់ដែលយើងចាប់បានពីជនល្មើសមិនមែនយើងទៅចូលរួមបំផ្លាញទេ។ ដូចជាអន្ទាក់ និងឧបករណ៍សម្លាប់សត្វព្រៃជាដើម ពេលយើងចាប់បាន ក្រសួងបរិស្ថានបានយកទៅទុកតាំងពិព័រណ៍ ប្រាប់ដល់សាធារណជនពីប្រភេទអន្ទាក់ទាំងនោះ ដើម្បីឱ្យមនុស្សទាំងអស់ដឹងថា មនុស្សខ្លះកាចសាហាវណាស់ បង្កើតសម្ភារសម្លាប់សត្វគ្រប់ប្រភេទ។ បើយើងយកអន្ទាក់ទាំងនោះទៅបំផ្លាញចោលនឹងលែងមានភ័ស្ថុតាង និងសំណាកអ្វីទុកឱ្យក្មេងជំនាន់ក្រោយដឹងទៀតហើយ»។
កញ្ញា Suwanna Gauntlett នាយកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលជាអង្គការមួយធ្លាប់បានស្នើរដ្ឋាភិបាលបំផ្លាញភ្លុកដំរី និងសំណាកសត្វកម្រមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ។
គួររំឭកថា កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ សមត្ថកិច្ចកម្ពុជាបានរកឃើញ ភ្លុកដំរី កន្ទុយ ឆ្អឹងខ្លា និងស្រកាពង្រូល នៅក្នុងទីតាំងផែស្ងួតភ្នំពេញ ដែលបង្កប់ជាមួយឈើក្នុងកុងតឺន័រចំនួន ២ ដឹកមកពីក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញភ្លុកដំរី ៦៤០ ដុំ ទម្ងន់ ១,៣ តោន ស្រកាពង្រូលជាង ១៣៧,៦ គីឡូក្រាម ឆ្អឹងខ្លាជាង ៨២ គីឡូក្រាម និងកន្ទុយដំរី ទម្ងន់ជិត ៥ គីឡូក្រាម ផងដែរ៕