ភ្នំពេញៈ ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ក្រសួង​កំពុង​វិវត្ត​ខ្លួន​ឲ្យ​ទំនើប​តាម​កម្មវិធី​សេដ្ឋកិច្ច​ឌីជីថល​ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​យុត្តិធម៌​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ជា​អ្វីដែល​សង្គម​ស៊ីវិល​ក៏បាន​ចាត់ទុក​ថា ល្អ​ដែល​អាចជួយ​ដល់​​វិស័យ​យុត្តិធម៌​ឲ្យ​ប្រសើរ​ឡើង​។

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​បាន​អះអាង​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការធ្វើឲ្យ​ប្រសើរ​​ឡើង​នៃ​ប្រព័ន្ធ​យុត្តិធម៌​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​ផ្តោតលើ​បច្ចេកវិទ្យា​ទំនើប និង​បញ្ហា​ប្រឈម​ថ្មីៗ​នៃ​ការអនុវត្ត​ដោយ​បង្ខំ​។

លោក​បាន​ថ្លែងថា​៖ «​គោលនយោបាយ​​របស់​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​ឲ្យ​មាន​កម្មវិធី​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​ឆ្លើយតប​នឹង​សកល​ភារូបនីយកម្ម​ពិភពលោក​។ ក្នុងនោះ​ក៏​រួមមាន​ទាំង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធយុត្តិធម៌​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផងដែរ ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​»​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា សិក្ខាសាលា​ស្តីពី​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធយុត្តិធម៌​បាន​ផ្តោតលើ​បច្ចេកវិទ្យា​ទំនើប និង​បញ្ហា​ប្រឈម​ថ្មីៗ​នៃ​ការអនុវត្ត​ដោយ​បង្ខំ​ដោយ​បាន​បណ្តុះបណ្តាល​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស រួមទាំង​មន្ត្រី​អនុវត្តន៍​ច្បាប់​ប្រមាណ​ ៧០ ​នាក់​។

នៅក្នុង​សិក្ខាសាលា​នោះ​សិក្ខាកាម​ទាំងអស់​បាន​ពិភាក្សា​លើ​ទិដ្ឋភាព​ទូទៅ​នៃ​ប្រព័ន្ធ​ផ្សេងៗ​ក្នុងការ​អនុវត្ត​ដោយ​បង្ខំ​នៅលើ​ពិភពលោក ដំណើរការ​អនុវត្ត​ដោយ​បង្ខំ​តាម​ប្រព័ន្ធ​ឌីជីថល ប្លុកឆេន កិច្ចសន្យា​វៃឆ្លាត និង​បញ្ញា​សិប្បនិមិ្មត ទ្រព្យសម្បត្តិ​ឌីជីថល​ព្រមទាំង​បញ្ហា​នានា​ដែល​កើត​មាន​លើ​ផ្នែក​បច្ចេកវិទ្យា​ក្នុងការ​អនុវត្ត​ដោយ​បង្ខំ​នេះ​។ ​នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ដដែល​របស់​ក្រសួង​។

ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់ថា​៖ «​គោលបំណង​សិក្ខាសាលា​នេះ គឺ​បណ្តុះ​គំនិត​ថ្មី​ដល់​ចៅក្រម ព្រះរាជអាជ្ញា​ឲ្យ​យល់​ដឹង​ពី​ប្រព័ន្ធយុត្តិធម៌​ទំនើប​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-justice), block chains, smart contracts យុត្តិធម៌​ដែល​អាច​បាន​មកពី​ការព្យាករ​បាន​ផ្អែកលើ​វិធី​ដោះស្រាយ ការយល់ដឹង​ពី​ម៉ាស៊ីន​ (machine learning) ​និង​បញ្ញា​សិប្បនិម្មិត លើ​សេវា និង​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រមទាំង​ពិភាក្សា​អំពី​ការវិវឌ្ឍ​ដែល​កំពុង​ប្រែ​ក្លាយ​ទៅជា​បដិវត្តន៍​ជាមួយ​ល្បឿន​លឿន ដូច​ផ្លេកបន្ទោរ​» ។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​កណ្តាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ពិតជា​ធ្វើ​ទំនើបកម្ម​បាន​មែន​នោះ​នឹង​ធ្វើឲ្យ​ប្រសិទ្ធភាព​ការងារ​ទូទាំង​ប្រទេស​មាន​ភាពល្អប្រសើរ ជាពិសេស​ដំណើរការ​រឿងក្តី និង​ការផ្តល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​។

លោក​បញ្ជាក់ថា​៖ «​ល្អ​មែនទែន​ព្រោះ​អាហ្នឹង​វា​អភិវឌ្ឈ​នៅតាម​បណ្តា​ប្រទេស​ដែល​កំពុង​រីកចម្រើន និង​ប្រទេស​ផ្សេងទៀត គេ​ធ្វើ​អ៊ីចឹង​ហើយតើ នៅតែ​យើង​។ កន្លង​មក​យើង​ក៏​​បាន​ទទួល​ការបណ្តុះបណ្តាល​នៅ​ក្រៅប្រទេស​ដែរ ឃើញ​ការរៀបចំ​នៃ​ការគ្រប់គ្រង​របស់​គេ​ល្អ​។ ប្រទេស​យើង​ក៏​កំពុង​ព្យាយាម​រៀបចំ​ឲ្យ​ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ដែរ ហើយ​មន្ត្រី​យើង​ម្នាក់ៗ សុទ្ធតែ​មាន​សមត្ថភាព​តើ​»​។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​បាន​ថ្លែងថា វា​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​ការប្រឹងប្រែង​របស់​ក្រសួង​យុត្តិធម៌​ដើម្បី​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការធ្វើឲ្យ​វិស័យ​យុត្តិធម៌​មាន​ភាពប្រសើរ​ឡើង ព្រោះ​​តែ​កន្លងមក ប្រព័ន្ធយុត្តិធម៌​នេះ​ត្រូវបាន​រង​នូវ​ការរិះគន់​ជាច្រើន​។

លោកស្រី សុភាព បាន​បង្ហាញ​ការជឿជាក់​ថា​៖ «​ផែនការ​របស់​រដ្ឋាភិបាល​របស់​សាមីក្រសួង​ពាក់ព័ន្ធ ប្រហែល​ជា​នឹង​អាច​ទៅ​រួច ដោយ​គ្រាន់តែ​ត្រូវ​ចំណាយ​ពេលវេលា​បន្តិច​។ ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង ការព្យាយាម​ធ្វើ​ទំនើបកម្ម គឺជា​វិធី​មួយ​ដែល​យើង​ទាញ​យក​នូវ​សក្តានុពល​បច្ចេកវិទ្យា ដើម្បី​បម្រើ​ផលប្រយោជន៍​»​។

យ៉ាងណាក្ដី​លោកស្រី​ចង់​ឃើញ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ត្រូវ​ធានា​ដល់​ពលរដ្ឋ​គ្រប់រូប​ឲ្យ​ទទួល​បាន​នូវ​ការជំនុំជម្រះ​ទោស​ដោយ​ត្រឹមត្រូវ​ផងដែរ​។ លោកស្រី​បញ្ជាក់ថា​៖ «​ការដែល​ត្រូវ​ព្យាយាម​ថែមទៀត​នោះ ការ​ធានាថា​យុត្តិធម៌​សម្រាប់​សង្គម​សម្រាប់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ត្រូវ​បាន​ទទួល​ហើយ​ត្រូវធ្វើ​យ៉ាងម៉េច ធានា​ថា​ពលរដ្ឋ​ទាំងអស់​នឹង​ទទួល​បាន​នូវ​សិទ្ធិ​ទទួល​បាន​នូវ​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។ កន្លងមក​បញ្ហា​ទាំងនេះ​នៅមាន​កង្វះ​ចន្លោះ​ជាច្រើន​ជាទូទៅ​តែងមាន​ការលើកឡើង​ពី​ការអនុវត្តមាន​ស្តង់ដា​ ២ ឬក៏​ច្រើន ដូច្នេះ​ដើម្បី​ធានា​នូវ​ទំនុកចិត្ត​ពី​ពលរដ្ឋ​គឺ​ត្រូវ​ធានាថា ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះ​មុខ​ច្បាប់ និង​ទទួលបាន​យុត្តិធម៌​»៕