
ស្ត្រីម្នាក់មកទិញផ្កានៅទីតាំង ១ កន្លែងក្នុងក្រុងភ្នំពេញនាថ្ងៃទី ១៣ កុម្ភៈ ២០១៧ សម្រាប់ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងវប្បធម៌បានអំពាវនាវពីម្សិលមិញឲ្យពលរដ្ឋជាពិសេសយុវជនឈ្វេងយល់ពីឥទ្ធិពលនៃវប្បធម៌ពីខាងក្រៅឲ្យបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធទិវានៃក្តីស្រឡាញ់ថ្ងៃ ១៤ កុម្ភៈ ខណៈក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ឱ្យមានវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នេះនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសិក្សា និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពីថ្ងៃទី ១១ កុម្ភៈឱ្យដឹងថា ថ្ងៃទី ១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រឹសាសនិកជនបានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្នទិវានេះបាននិងកំពុងជ្រៀតចូលមកសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាន់ច្រឡំនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រណីជាតិទៀតផង។
ក្រសួងវប្បធម៌បញ្ជាក់ថា៖ «ក្នុងបរិការណ៍នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យប្រជាជន ជាពិសេសេយុវជនកម្ពុជាត្រូវសិក្សាឈ្វេងយល់ឱ្យស៊ីជម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើងព្រមទាំងត្រូវសិក្សាឈ្វេងយល់ឱ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្សីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួនក្នុងគោលដៅរក្សាឱ្យបាននូវអាទិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ»។
យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យដឹងថា សេចក្តីណែនាំនេះរួមមានការផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់។ ជាពិសេសលើការគ្រប់គ្រងសីលធម៌ជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀនតាមរយៈសកម្មភាព «មិត្តអប់រំមិត្ត» អប់រំណែនាំដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃវិធានការសុវត្ថិភាពសិក្សាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
ក្រសួងអប់រំក៏បានប្រាប់ឱ្យគណៈគ្រប់គ្រងនៅតាមបណ្តាគ្រឹះស្ថានសិក្សា ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានាដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាលោក រស់ សុវាចា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅក្រសួងតែងតែចេញសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
បើតាមលោក រស់ សុវាចា ក្រសួងអប់រំលើកទឹកចិត្តគ្រឹះស្ថានសិក្សាឲ្យប្រារព្ធកម្មវិធីមនុស្សធម៌ និងកម្មវិធី សង្គមទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីរៀបចំការណែនាំដល់សិស្សនិស្សិត។ ក្នុងបរិបទកូវីដ១៩នេះគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាព។ ជាក់ស្តែងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងរៀបចំកិច្ចពិភាក្សាអនឡាញស្តីពី «សេចក្តីស្រឡាញ់ និងការបារម្ភ»។
លោក រស់ សុវាចា ថ្លែងថា៖ «យើងសង្កេតឃើញថា សិស្សានុសិស្សភាគច្រើនបានយល់ច្បាស់ពីអត្ថន័យថ្ងៃ ១៤ កុម្ភ:ថាពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ។ នាថ្ងៃ ១៤ កុម្ភ: ប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សានុសិស្សគ្រប់កម្រិតសិក្សាបានមករៀនជាធម្មតា និងបានឆ្លៀតម៉ោងសម្រាកចូលរួមសកម្មភាពសង្គម ដូចជាការបរិច្ចាគឈាមកិច្ចការសប្បុរសធម៌ និងការរក្សាសុខភាពផ្លូវចិត្តតាមលំនាំព្រះពុទ្ធសាសនាជាដើម»។
លោកបន្តថា៖ «ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងស់រួមមាន សិស្សានុសិស្ស និងមាតាបិតា ជាពិសេសពីសំណាក់បណ្តាញសារព័ត៌មានទាំងអស់ ក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថា ការយល់ច្រឡំពីអត្ថន័យរបស់ថ្ងៃ ១៤ កុម្ភ:នេះមានការថយចុះ»។
លោកក៏បានអំពាវនាវដល់យុវជនគួរចាត់ទុកថ្ងៃ ១៤ កុម្ភ: ជាថ្ងៃមួយដូចធម្មតាសម្រាប់បំពេញការសិក្សា និងការងារ។ បើឆ្លៀតឱកាសបានយុវជនគួរធ្វើការងារសង្គមដែលមានប្រយោជន៍វិជ្ជមានដល់ខ្លួនឯង និងអ្នកដទៃ។ សិស្ស និស្សិត និងយុវជនគួរចាំថា អនាគតរបស់គាត់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់គាត់ផ្ទាល់។ ដូចនេះគាត់ត្រូវសម្រេចចិត្តប្រកបដោយការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវខ្ពស់មុននឹងធ្វើអ្វីមួយ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ជាធម្មតាក្រសួងតែងតែចេញនូវសេចក្តីអំពាវនាវមួយដល់យុវជនកម្ពុជា កុំឱ្យយកថ្ងៃនេះជាថ្ងៃភ្លើតភ្លើន។ ប៉ុន្តែវាគ្រាន់តែការរួមចំណែកមួយរបស់ក្រសួងប៉ុណ្ណោះមិនមែនជាកាតព្វកិច្ចដូចទិវាវប្បធម៌នោះទេ។
លោកបន្តថា បន្ទាប់ពីមានការអំពាវនាវឱ្យមានការចូលរួមអប់រំ និងផ្សព្វផ្សាយកន្លងមកនេះឃើញថា សកម្មភាពនៃការភ្លើតភ្លើនរបស់យុវជនកម្ពុជាហាក់មានស្ថានភាពស្រាកស្រាន្ត និងថមថយដោយសារយុវជនបានចាប់ផ្តើមយល់ពីទិវានេះ។
លោកថ្លែងថា៖ «បើយើងមើលទិដ្ឋភាពខាងក្រៅ ដែលឃើញនឹងភ្នែករបស់យើង ឃើញថាតាមរយៈការអំពាវនាវគួបផ្សំជាមួយនឹងយុវជនឥឡូវគេចាប់ផ្តើមយល់ពីវប្បធម៌ដោយគេយល់ថាវាគ្រាន់តែ ជាបុណ្យនៃក្តីស្រឡាញ់ទេ។ យើងឃើញថាវាមានការថមថយ និង[មិន] គគ្រឹកគគ្រេងពេកដូចពីពេលដែលមិនទាន់មានការអំពាវនាវ»។
ទោះជាយ៉ាងណាលោកថា សម្រាប់ឆ្នាំនេះលោកមិនទាន់ដឹងថា ក្រសួងនឹងចេញសេចក្តីអំពាវនាវដែរ ឬអត់ទេ ឬមួយជិតដល់ថ្ងៃ ទើបលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ឱ្យចេញ ប៉ុន្តែពេលនេះ មិនទាន់មានឃើញចេញនៅឡើយទេ៕
វីដេអូ៖