ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ជំរុញឲ្យសិល្បករ សិល្បការិនី ចូលរួមសម្តែងសិល្បៈ និងផ្សព្វផ្សាយសារអប់រំពីមេរោគអេដស៍ក្នុងកម្មវិធីផ្សេងៗ នាឱកាសព្រះរាជពិធីបុណ្យអុំទូកដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ ខណៈពិភពលោកក៏នឹងប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៩។
លិខិតមួយច្បាប់ចុះថ្ងៃទី ៥ វិច្ឆិកា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងន័យជម្រាបជូនលោក លោកស្រីប្រធានអង្គភាព និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត លោកស្រីប្រាប់ប្រធានអង្គភាពទាំងនោះឱ្យធ្វើយ៉ាងណាជំរុញដល់សិល្បករ សិល្បការិនីបញ្ចូលសារអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងកម្មវិធីផ្សេងៗនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលប្រារព្ធនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា។
លោកស្រី ភឿង សកុណា លើកឡើងក្នុងលិខិតនោះថា៖ «សូមជម្រាបមកលោក-លោកស្រីប្រធានអង្គភាព និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ជ្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសមាជិកគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ដែលមានថ្នាក់ដឹកនាំម្នាក់ទទួលបន្ទុកកិច្ចការនេះ»។
លោកស្រីបន្តថា ក្នុងន័យចូលរួមជាពហុវិស័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានតួនាទីជួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដោយចូលរួមផ្សព្វផ្សាយអប់រំពីមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងគ្រប់កម្មវិធីផ្សេងៗដល់សាធារណជនដើម្បីផ្សព្វផ្សាយជាពហុវិស័យ។ ស្របពេលជាមួយគ្នានេះដែរនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាពេលដ៏ខ្លីខាងមុខ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៩ ក៏នឹងប្រារព្ធឡើងដែរ ។
លោកស្រីបញ្ជាក់ថា៖ «សូមលោក លោកស្រីប្រធានអង្គភាពណែនាំដល់សិល្បករ សិល្បការិនីចូលរួមសម្តែងសិល្បៈ និងផ្សព្វផ្សាយ។ ពិសេសលោក លោកស្រីប្រធាននៅតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត លើកខ្លឹមសារចំនួន ២ គឺ ១ បង្ការខ្លួន និងគ្រួសារពីការឆ្លងមេរោគអេដស៍ ខ្ញុំសន្យា និង ២ ចូលរួមបញ្ចប់អេដស៍ផ្តើមចេញពីយើងទាំងអស់គ្នា»។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជាទូទៅការរីករាលដាល និងការឆ្លងជំងឺអេដស៍នៅកម្ពុជាអាចគ្រប់គ្រងបាន។ ការផ្សព្វផ្សាយអំពីការការពារមេរោគអេដស៍ និងជំងឺអេដស៍ត្រូវធ្វើជាប្រចាំ។
លោកថ្លែងថា៖« ប៉ុន្តែដោយសារព្រះរាជពិធីអុំទូកយើងហ្នឹងមានប្រជាពលរដ្ឋយើងមកច្រើន ហើយអ្នកអុំទូកក៏ច្រើន ក៏យើងត្រូវតែរៀបចំ ដោយសហការជាមួយដៃគូផ្សេងៗផ្សព្វផ្សាយនៅពេលហ្នឹងក៏មានចែកជាស្រោមអនាម័យ ដើម្បីឲ្យពួកគាត់មានការប្រុងប្រយ័ត្នខ្លួន ដោយសារតែពេលហ្នឹង គាត់អាចចេញឆ្ងាយពីគ្រួសារ»។
បើតាមលោក ឈឹម ឃិនដារ៉េត បើទោះជាកម្ពុជាសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ ដែលបង្ហាញថា កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃជំងឺអេដស៍យ៉ាងណាក៏ដោយ ប៉ុន្តែបញ្ហាប្រឈមសម្រាប់ ក្រុមគោលដៅ បុរសរួមភេទជាមួយបុរស និងនារីបម្រើសេវាកម្សាន្ត នៅតែមានការព្រួយបារម្ភ ខណៈអត្រាចម្លងសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងឆ្នាំ ២០១៩ ការប៉ាន់ប្រមាណអាចថយចុះ ០,៥ ភាគរយ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍កាលពីខែសីហាឱ្យដឹងថាក្នុងឆ្នាំ ២០១៨ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីត្រូវបានរកឃើញថាមានជាង ៨០០ នាក់។ ភាគច្រើននៃអ្នកឆ្លងថ្មីទាំងនោះគឺកើតលើក្រុមបុរសរួមភេទជាមួយបុរស ខណៈរបាយការណ៍ក្រសួងសុខាភិបាលក៏បានបង្ហាញដែរថា អ្នកជំងឺជាង ៥០០ នាក់បានស្លាប់ដោយសារជំងឺអេដស៍។
តាមតួលេខនៃការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០១៨ របស់ក្រសួងដដែលបានឲ្យដឹងថា ចំនួនអ្នកផ្ទុកមេរោគអេដស៍មានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំ ក្នុងចំណោមប្រជាពលរដ្ឋទូទៅមានជាង ៧ ម៉ឺន ៦ ពាន់នាក់ ។
ជាមួយនឹងការប្រកាសផ្សព្វផ្សាយពីជំងឺអេដស៍នេះដែរកាលពីថ្ងៃទី ៥ វិច្ឆិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី ២ ឆ្នាំ ២០១៩ នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងគោលបំណង ពិនិត្យបច្ចុប្បន្នភាពនៃស្ថានភាពឆ្លងរាលដាលនៃមេរោគអេដស៍នៅក្នុងឆមាសទី ២ ឆ្នាំ ២០១៩។ កិច្ចប្រជុំក៏ដើម្បីពិនិត្យមើលនូវលទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីពិភាក្សា សម្រេចដាក់ចេញនូវទិសដៅគោលនយោបាយពហុវិស័យ ប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆមាសទី ១ នៅក្នុងឆ្នាំ ២០២០ ខាងមុខបន្តទៀត។
លោក អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកឡើងក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យ ៣ គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការរើសអើងចំពោះ អ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺអេដស៍» នៅត្រឹមឆ្នាំ ២០២០។
លោកបន្តថា មានតែការធ្វើដំណើររួមគ្នាប្រកបដោយទស្សនវិស័យច្បាស់លាស់ក្នុងក្តីសង្ឃឹមពិតប្រាកដទើបអាចឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍បាន។ លោកក៏បានបន្តអំពាវនាវដល់ជនរួមជាតិត្រូវចូលរួមការពារខ្លួន និងទទួលខុសត្រូវខ្លួនឯងជាចម្បង កុំឲ្យឆ្លងមេរោគអេដស៍ព្រមទាំងកាត់ផ្តាច់ការចម្លងមេរោគអេដស៍ទៅសមាជិកក្រុមគ្រួសារ ឬអ្នកដែលខ្លួនមានសម្ព័ន្ធភាពផ្លូវភេទ។
លោក មូលី បានបញ្ជាក់ថា៖ «ដោយប្រើប្រាស់ស្រោមអនាម័យឲ្យបានជាប់លាប់ និងត្រឹមត្រូវទៅពិនិត្យឈាមរកមេរោគអេដស៍ បើសិនសង្ស័យថាបានប្រឈមឆ្លងមេរោគ។ កុំបាក់ទឹកចិត្ត ប្រសិនលទ្ធផលពិនិត្យឈាមវិជ្ជមាន បញ្ជាក់ថាខ្លួនបានជ្រុលឆ្លងមេរោគអេដស៍។ សូមឆាប់ទៅទទួលសេវាព្យាបាលភ្លាមៗតាមការណែនាំរបស់គ្រូពេទ្យ»៕