ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្នើសុំ​កិច្ចសហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា ចំពោះ​ការចុះពិនិត្យ​សំណើសុំ​សាងសង់​ព្រះវិហារ​ថ្មី ឬ​រុះរើ​ព្រះវិហារ​ចាស់ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ពិនិត្យ និង​វាយតម្លៃ​លើ​ទីតាំង​ដែល​ត្រូវ​សាងសង់​ចៀសវាង​ការសាងសង់​លើ​ទីតាំង​ប្រវត្តិសាស្ត្រ និង​ប៉ះពាល់​ដល់​សំណង់​ព្រះវិហារ​ចាស់​ដែល​ជា​បេតិកភណ្ឌ​ជាតិ​។

លិខិត​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃទី​ ៤ កុម្ភះ ឆ្នាំ​ ២០២១ ​ផ្ញើជូន​លោក​ ឈិត សុខុន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ឱ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានចេញ​សារាចរ​ណែនាំ​ស្តីពី​ «​បម្រាម​ធ្វើ​អាជីវកម្ម​ជីក​រុករក​ និង​បំផ្លាញ​វត្ថុ​បុរាណ​»​។ បម្រាម​នេះ​មាន​ក្រសួង​វប្បធម៌ ក្រសួង​ការពារ​ជាតិ ក្រសួងមហាផ្ទៃ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​ការសាងសង់​លើ​ទីតាំង​ដែលមាន​សំណល់​បុរាណវត្ថុ និង​ទីតាំង​ប្រវត្តិសាស្ត្រ​។

លោកស្រី​ ភឿង សកុណា ថ្លែងថា ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​ធ្លាប់​ចេញ​សារាចរ​អន្តរក្រសួង​ស្តីពី​ «​ការហាមឃាត់​ដាច់ខាត​រាល់​សកម្មភាព​វាយកម្ទេច​បំផ្លិចបំផ្លាញ​ធ្វើឱ្យ​បាត់បង់ ឬ​ធ្វើឱ្យ​ខូចខាត និង​ការប្តូរ​រូបរាង​នូវ​សំណង់​បុរាណ​គំនូរ​បុរាណ និង​វត្ថុ​បុរាណ​នៅតាម​វត្តអារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» ​និង​បាន​អនុលោម​ ៤ ​ចំណុច​ក្នុង​ការចូលរួម​ការពារ​សំណង់​ព្រះវិហារ​បុរាណ​។

ប៉ុន្តែ​បច្ចុប្បន្ន​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​តែងតែ​ទទួល​បាន​នូវ​សេចក្តី​ប្រកាស​របស់​ក្រសួង​ធម្មការ និង​សាសនា​ស្តីពី​ការអនុញ្ញាត​ឱ្យ​សាងសង់​ព្រះវិហារ​ថ្មី ឬ​អនុញ្ញាត​ឱ្យ​រុះរើ​ព្រះវិហារ​ចាស់ ដើម្បី​កសាង​ព្រះវិហារ​ថ្មី ដោយ​ពុំបាន​ផ្តល់​ដំណឹង​មក​មន្ត្រី​ជំនាញ​របស់​ក្រសួង​ ឬ​មន្ទីរ​ចូលរួម​ចុះ​ពិនិត្យ​ទីតាំង​មុនពេល​អនុញ្ញាត​ឱ្យ​សាងសង់​នោះឡើយ​។

លោកស្រី​ ភឿង សកុណា ស្នើសុំ​លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ផ្តល់​ការណែនាំ​ឱ្យមាន​កិច្ចសហការ​រវាង​មន្ទីរ​ធម្មការ និង​សាសនា​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​តាម​រាជធានី​ខេត្ត​ចុះ​ពិនិត្យ​ការសាងសង់​ព្រះវិហារ​ថ្មី ឬ​រុះរើ​ព្រះវិហារ​ចាស់ ដើម្បី​មន្ទីរ​វប្បធម៌​ខេត្ត ឬ​ក្រសួង​ចាត់​មន្ត្រី​ជំនាញ​ពិនិត្យ និង​វាយតម្លៃ​លើ​ទីតាំង​ដែល​ត្រូវ​សាងសង់​ចៀសវាង​ការសាងសង់​លើ​ទីតាំង​ប្រវត្តិសាស្ត្រ និង​ប៉ះពាល់​ដល់​សំណង់​ព្រះវិហារ​ចាស់​ដែលជា​បេតិកភណ្ឌ​ជាតិ​។

លោក​ ឡុង ប៉ុណ្ណាស៊ីរី អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​ថា កន្លងមក​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​ក្រសួង​ធម្មការ និង សាសនា​សហការគ្នា​យ៉ាង​ល្អ​។ ជាពិសេស​សម្តេច​ព្រះសង្ឃ​នាយក​បាន​ចេញ​សេចក្តី​បង្គាប់ការ ដល់​គ្រប់​វត្ត​អារាម​ឱ្យមាន​កិច្ចសហការ មិនមែន​តែ​ត្រឹម​វិហារ​នោះទេ រាល់​វត្ថុ​ទាំងអស់​ក្នុង​វត្ត​ក៏ត្រូវ​បាន​ចុះបញ្ជី​ការពារ​បេតិកភណ្ឌ​ជាតិ​ដែរ​។

លោក​ថា​៖ «​ជាធម្មតា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​គ្រាន់តែ​ចេញ​លិខិត​ទៅ​ដើម្បី​ជា​ការក្រើនរំឭក​ឱ្យ​មាន​កិច្ចសហការ ប៉ុន្តែ​កន្លងមក​នេះ​ក្រសួង​ធម្មការ និង​សាសនា​តែងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​រហូត​មក​។ ​ណាមួយ​ទៀត អ្នក​រដ្ឋបាល​ថ្មី​ដែល​បាន​កាន់​កិច្ចការ​នេះ ប្រហែល​ជា​ភ្លេច​ចម្លង​ជូន​មក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​»​។

លោក​ ឡុង ប៉ុណ្ណាស៊ីរី ក៏បាន​ប្រាប់​ឱ្យ​សួរ​មន្ត្រី​ជំនាញ លោក​ ប្រាក់ សុវណ្ណារ៉ា ចំពោះ​កិច្ចការ​អ្វីខ្លះ​ដែល​ក្រសួង​ធម្មការ និង​សាសនា​មិន​បាន​សហការ​កន្លង​មកនេះ​។ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​លោក​ ប្រាក់ សុវណ្ណារ៉ា ដោយ​ទូរស័ព្ទ​ហៅចូល​ជាច្រើន​លើក​ច្រើនសា ប៉ុន្តែ​មិនមាន​អ្នក​លើក​។

បើតាម​លោក​ ប៉ុណ្ណាស៊ីរី កន្លងមក​មាន​ករណី​វាយ​ព្រះវិហារ​កើតឡើង​កាលពី​ ៣-៤ ​ឆ្នាំ​មុន​នៅ​ខេត្តកំពង់ធំ​ដែល​មិនបាន​ជូនដំណឹង​មក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

លោក​ សេង សុមុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​ឱ្យដឹងពី​ម្សិលមិញ​ថា ក្រសួង​បាន​ទទួល​រួចហើយ​លិខិត​របស់​ក្រសួង​វប្បធម៌​ស្នើសុំ​កិច្ចសហការ​។ សំណង់​សាសនា​ក្តី សំណង់​ផ្សេងៗ​ឱ្យ​តែ​មាន​អាយុកាល​លើសពី​ ៥០ ​ឆ្នាំ​ឡើង​ទៅ ១០០ ​ឆ្នាំ​ក្រសួង​វប្បធម៌​មាន​កាតព្វកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សំណង់​ទាំងអស់​នេះ​។

លោក​ថា​៖ «​លិខិត​ដែល​ក្រសួង​វប្បធម៌​ផ្ញើ​ឱ្យមក​ក្រសួង​ធម្មការ និង សាសនា​នេះ​មិនមាន​អ្វី​ជា​បញ្ហា​នោះ​ទេ​។​វា​គ្រាន់តែ​ជា​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​មិនមែន​តែ​ស្ថាប័ន​សាសនា​ទេ​»៕