ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​ចុះ​កិច្ចព្រមព្រៀង​ (MoU) ​ជាមួយ​អង្គការ​ចំនួន​ ១៣ មាន​ថវិកា​សរុប​ជាង​ ១៤ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៩ ​នេះ​តទៅ​ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​សុខុមាលភាព​កុមារ និង​កុមារ​អនាថា​នៅ​កម្ពុជា​។

លោក​ តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែល​បាន​ដឹកនាំ​ការចុះ​កិច្ចព្រមព្រៀង​នេះ​កាលពី​ថ្ងៃទី​ ១៤ ខែ​តុលា​ ជាមួយ​តំណាង​អង្គការ​ទាំងនេះ​បាន​ថ្លែងថា កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ទាំង​ ១៣ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប ១៤ ២៨៣ ៨៣៦ ​ដុល្លារ​អាមេរិក​ សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​។ ទិសដៅ​នៃ​កិច្ចសហការ​នេះ​គឺ​ដើម្បី​ជួយ​ក្នុង​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

លោក​ថ្លែង​ថា​៖ «​ការចូល​រួមសហការ​របស់​អង្គការ​ដៃគូ​ពិតជា​សំខាន់​ណាស់​ក្នុង​ការលើក​កម្ពស់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​។ ការចុះ​កិច្ចព្រមព្រៀង​នេះ​បាន​ផ្ដោត​លើ​ការងារ​សំខាន់​ចំពោះ​សុខុមាលភាព​កុមារ​បម្រើ​ផលប្រយោជន៍​ដល់​កុមារ​ដែល​ជា​ជនរងគ្រោះ និង​សមស្រប​ទៅតាម​គោលនយោបាយ​របស់​ក្រសួង​ផងដែរ​»​។

លោក តូច ចាន់នី បាន​បន្ថែម​ថា​ការងារ​របស់​អង្គការ​ទាំង ១៣ ដោយ​ផ្ដោត​ការជួយ​សុខុមាលភាព​កុមារ​នេះ​មាន​ដូចជា​ការជួយសង្គ្រោះ​កុមារ​អនាថា​ដែល​គ្មាន​ទីលំនៅ​ច្បាស់លាស់​នៅ​តាម​ទីសាធារណៈ​ជាដើម​។

មន្ត្រី​នាំពាក្យ​រូបនេះ​បាន​ស្នើឲ្យ​ក្រុម​ការងារ​ក្រសួង និង​អង្គការ​ដែល​សហការ​នាពេល​នេះ​រួមគ្នា ដើម្បី​ធ្វើ​ការងារ​ដោយ​យកចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ សម្រាប់​ក្រសួង​សង្គមកិច្ច​វិញ​នៅ​តែ​ស្វាគមន៍​ជានិច្ច​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ងាយ​រងគ្រោះ​នៅ​កម្ពុជា​ឲ្យ​មាន​ជីវភាព និង​ជីវិត​រស់នៅ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​។

លោក​បន្ថែមថា​៖ «​រាល់​អង្គការ​ដៃគូ​ទាំងអស់​ដែល​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រសួង សូម​ធ្វើ​ប្រតិបត្តិការ​ទៅ​តាម​លក្ខខណ្ឌ ហើយ​សុំ​ធ្វើ​តែ​កិច្ចការ​សង្គម​តែ​ប៉ុណ្ណោះ មិន​ត្រូវ​ធ្វើការងារ​នយោបាយ​ឡើយ​។ ប្រសិនបើ​ក្រសួង​រកឃើញ​ថា អង្គការ​ណាមួយ​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង យក​ការងារ​សង្គម​មក​ធ្វើ​ជា​ការងារ​នយោបាយ ក្រសួង​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ភ្លាម និង​ឈាន​ដល់​បញ្ឈប់​សកម្មភាព​»​។

លោក​ ដួង សុភា ប្រធាន​រដ្ឋបាល​នៃ​អង្គការ​ជំរំ​កុមារ​ដែល​ម៉ុន​កម្ពុជា​ (FOYER INFANT DEL MON CAMBODGE) ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ទាំង​ ១៣ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា អង្គការ​ជំរំ​កុមារ​ដែល​ម៉ុន​កម្ពុជា​មាន​មូលដ្ឋាន​នៅ​ខេត្ដ​បន្ទាយមានជ័យ​។ តាមរយៈ​គម្រោង​ ៣ ​ឆ្នាំ​នេះ​អង្គការ​នឹង​ប្រើប្រាស់​ថវិកា​ជាង​ ៣០ ​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​លើ​សុខុមាលភាព​កុមារ​។

លោក​បញ្ជាក់ថា​៖ «​កិច្ចសហការ​ថ្មី​ជាមួយ​ក្រសួង​នេះ អង្គការ​យើង​នឹងធ្វើ​ការងារ​មួយ​ចំនួន​លើ​ការថែទាំ​សុខុមាលភាព​កុមារ​ដូចជា​ការចិញ្ចឹម​ក្មេងៗ​អនាថា​នៅក្នុង​មណ្ឌល​របស់​យើង​ដោយ​មាន​រយៈពេល​វែង​។ យើង​ក៏មាន​ការចូលរួម​ជួយ​ដល់​ការ​បំប៉ន​សិស្ស​នៅក្នុង​សហគមន៍​ផងដែរ​»​។

លោក​ សុភា ​ឲ្យ​ដឹងថា កិច្ចសហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​គឺជា​កិច្ចសហការ​លើក​ទី​ ៣ ​ហើយ​ដែល​អង្គការ​របស់​លោក​បាន​ចូលរួម​ការងារ​លើ​សុខុមាលភាព​កុមារ​។ ​ជួយ​សង្គ្រោះ​ដល់​កុមារ​ក្រីក្រ កុមារកំព្រា​ឲ្យ​ទទួល​បាន​ការស្នាក់នៅ ផ្គត់ផ្គង់​អាហារ សម្លៀកបំពាក់ និង​ការអប់រំ​ដល់​ពួកគេ​ជាដើម​។

តាម​ការប្រកាស​របស់​ក្រសួង​សង្គមកិច្ច អង្គការ​ទាំង​ ១៣ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច​នោះ​រួមមាន​ ១. ​អង្គការ​សាកលវិទ្យាល័យ​អន្តរជាតិ​សម្រាប់​ប្រជាជាតិ ២. ​អង្គការ មិត្តសំឡាញ់ ៣. អង្គការ​ថែរក្សា និង​អប់រំ​មនុស្ស​សម្រាប់​កម្ពុជា ៤. អង្គការ អភិវឌ្ឍន៍​ចំរូត​នៃ​ជាតិខ្មែរ ៥. អង្គការ Friends International ៦. អង្គការ ហូលថ៍​អន្តរជាតិ ៧. អង្គការ​សង្គ្រោះ និង​អភិវឌ្ឍន៍​កុមារកំព្រា ស្ត្រី​មេម៉ាយ ៨. អង្គការ​ជម្រក​គ្មាន​ទីពឹង ៩. អង្គការ​កុមារ​កូន​កសិករ ១០. អង្គការ​មូលនិធិ​អឺរ៉ុប​សម្រាប់​កុមារ​កម្ពុជា ១១. អង្គការ ជំរំ​កុមារ​ដែល​ម៉ុន​កម្ពុជា ១២. អង្គការ Safe Place Mission និង​ទី​ ១៣. អង្គការ Cambodia Neighbor៕