ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់សាជីចរាចរណ៍ចំនួន ៦០០ និងរនាំងសុវត្ថិភាពចំនួន ៥០០ ផ្ទាំង ដល់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ដើម្បីប្រើតាមគោលដៅត្រួតពិនិត្យអ្នកដំណើរក្នុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២២ មេសានេះថា ការផ្ដល់ជូននូវសាជីចរាចរណ៍ និងរនាំងសុវត្ថិភាពដល់សមត្ថកិច្ចនគរបាលជាតិនាពេលនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចបណ្តាខេត្ត-ក្រុងមួយចំនួនទៀត។
លោកថ្លែងថា៖ «សាជីចរាចរណ៍ និងរនាំងសុវត្ថិភាព នឹងជួយសម្រួលដល់ការងាររបស់កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងការអនុវត្តវិធានការបិទខ្ទប់
លំហូរចរាចរណ៍ចេញ-ចូលក្នុងតំបន់ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ពិសេសនៅក្នុងតំបន់ក្រហម»។
ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តា ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចអនុវត្តរយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ទាក់ទងនឹងបញ្ហានេះ លោក សុទ្ធាយុត្តិ បានលើកឡើងថា ដើម្បីឲ្យជីវភាពប្រចាំថ្ងៃវិលត្រឡប់មករកប្រក្រតីភាពឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗ គឺតម្រូវឲ្យគ្រប់ពលរដ្ឋទាំងអស់ចូលរួមគោរពអនុវត្តតាមឲ្យបានពេញលេញតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលខាងលើនេះនិងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោកដោយស្តាប់តាមការណែនាំរបស់មន្ត្រីនគរបាលចរាចរណ៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។
ទាក់ទិនការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅសៀលថ្ងៃនេះថា ក្នុងរយៈពេល ១១២ ថ្ងៃ គិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើត ឡើង ៨៨១ លើក បណ្តាលឲ្យមនុស្ស ៥០០ នាក់ស្លាប់ និង ១ ២៥៣ នាក់ទៀតរងរបួសធ្ងន់ និងស្រាល។
លោកថ្លែងថា៖ «គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្ដាលមកពីអ្នកបើកបរធ្វេសប្រហែសបើកក្នុងល្បឿនលឿន និងបំពានភ្លើង និងស្លាកគំនូសចរាចរណ៍។ សូម្បីតែនៅពេលនេះ មានការបិទខ្ទប់ការធ្វើចរាចរណ៍ចេញចូលក្នុងតំបន់ដែលមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក៏នៅតែមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែរ»។
លោកបានឲ្យដឹងទៀតថា នៅក្នុងយន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក្នុងរយៈពេល ១១២ ថ្ងៃ ដើមឆ្នាំនេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញបានឃាត់យានយន្តដែលល្មើសច្បាប់ចរាចរណ៍សរុបចំនួន ៧៣ ៨៥៦ គ្រឿង ក្នុងនោះម៉ូតូ ចំនួន ៥៣ ៩៩០ គ្រឿង និងរថយន្តចំនួន ១៩ ៨៦៧ គ្រឿង ក្នុងនោះរថយន្តតូចចំនួន ១៥ ៤៩៥ គ្រឿង និងរថយន្តធំចំនួន ៤ ៣៧២ គ្រឿង៕