ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​ផែនការ​សកម្មភាព​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​គម្រោង​នានា​ទាក់ទង​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ឲ្យ​រក្សា​បាន​នូវ​សោភណភាព​ទីក្រុង និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ កម្ពុជា​។

ការដាក់ចេញ​ផែនការ​សកម្មភាព​នេះ​ឡើង​ក្នុងពេល​លោក ស៊ុន ចាន់ថុល ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​នានា​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ២៧ ខែមេសា នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

យោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​លើ​គម្រោង​​នានា​ដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​និង​ពេលអនាគត ព្រមទាំង​រៀបចំ​រចនាសម្ព័ន្ធ​មន្ត្រី​គ្រប់គ្រង និង​មន្ត្រី​អនុវត្ត​គម្រោង​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​កម្ពុជា​​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​ខ្ពស់​។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​នៅ​​ក្នុង​សម្រង់​ប្រសាសន៍​ក្នុង​ហ្វេសប៊ុក​នោះ​ថា​៖ «​ផែនការ​សកម្មភាព​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​គឺជា​ការងារ​មួយ​ដ៏ធំ និង​សំខាន់​បំផុត​ដែល​យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​បាន​នូវ​សោភណភាព សុខុមាលភាព និង​កំណើន​សេដ្ឋកិច្ចជាតិ​»​។

លោក​បាន​បន្តថា បច្ចុប្បន្ន​ក្រសួង​មាន​គម្រោង​ជាច្រើន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​ពិភពលោក​ដែល​ត្រូវ​ពន្លឿន​ការអនុវត្ត​ឲ្យ​ស្របតាម​ផែនការ​សកម្មភាព​របស់​ក្រសួង និង​ផែនការ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សោភណភាព​ទីក្រុង​ (​ទីក្រុង​បៃតង​) និង​ភាព​ទាក់ទាញ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ផែនការ​មេ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​រៀបចំ​រួចហើយ ហើយ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំង​ ៣ ដែល​បាន​សិក្សា​រួច រួមទាំង​ការស្ដារ​អូរប្រឡាយ​នានា​ត្រូវ​ពន្លឿន​ការសាងសង់ និង​ស្ដារ​ឲ្យ​បាន​លឿន​បំផុត​ដើម្បី​រក្សា​នូវ​កំណើន​ទេសចរ​ថែមទៀត​ចូលទៅ​ទស្សនា​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​»​។

ជាមួយ​គ្នា​នេះ​លោក ស៊ុន ចាន់ថុល បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ថ្មី​នេះ ជួបពិភាក្សា​គ្នា​ឲ្យ​បាន​ញឹកញាប់ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​បច្ចេកទេស​ថ្មីៗ បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ រៀបចំ​ក្រុម​ការងារ​គ្រប់គ្រង ក្រុមការងារ​អនុវត្ត​ផ្ទាល់ និង​សហការគ្នា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​រក្សា​សោភណភាព សុខុមាលភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​។

លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានបញ្ជាក់​បន្ថែម​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ថ្មី​នេះ រៀបចំ​ចងក្រង​លិខិតបទដ្ឋាន​ច្បាប់ និង​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​បន្ត​អនុវត្ដ​ការងារ​លើ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​គម្រោង​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​មួយចំនួន​ដែល​ពីមុន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្ទាល់​នឹង​ត្រូវ​បង្វែរ​គម្រោង​នោះ​មក​ឲ្យ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​បន្ត​អនុវត្ដ​វិញ​»​។

លោក វិមាន បាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​កម្ពុជា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ផ្ដោត​អនុវត្ដ​ការងារ​ទៅ​​លើ​បណ្ដា​រាជធានី-ខេត្ដ​ធំៗ និង​ខេត្ដ​មួយចំនួន​ទៀត​នៅ​ជុំវិញ​បឹង​ទន្លេសាប​។

ដោយឡែក​ចំពោះ​ការកសាង​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​កខ្វក់​នៅក្នុង​ខេត្ដ​ព្រះសីហនុ​កំពុង​អនុវត្ដ​ដោយ​រលូន និង​សម្រេចបាន​ជិត ៧០ ​ភាគរយ​ហើយ​៕