
ទីតាំងមជ្ឈមណ្ឌលបើកបររថយន្តធុនធ្ងន់ដែលទើបសាងសង់នៅច្រាំងចំរេះ ភ្នំពេញ។ រូប សហការី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយក្រុមហ៊ុនឯកជនមួយបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ និងទីលានប្រឡងថ្មីមួយស្ថិតនៅតំបន់ច្រាំងចំរេះ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥ នៃរាជធានីភ្នំពេញនៅលើផ្ទៃដី ១ ហិកតា ដើម្បីឆ្លើយតបទៅនឹងកង្វះខាតអ្នកជំនាញបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធ្ងន់នៅក្នុងប្រទេស។
លោក ឈួន វន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា កន្លងមកក្រសួងក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះដែរ ប៉ុន្តែត្រូវបានបិទទៅវិញជាច្រើនឆ្នាំមកហើយ។ បន្ទាប់មកក្រសួងក៏បានសម្រេចបង្កើតឱ្យមានមជ្ឈមណ្ឌលនេះឡើងវិញស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានផ្លូវគោក ប៉ុន្តែវាតូចពេក។
លោកបន្តថា ដោយមើលឃើញពីស្ថានភាពបែបនេះក្រសួងក៏សហការជាមួយក្រុមហ៊ុនឯកជនឈ្មោះក្រុមហ៊ុនកាំត្រង់ស៊ីបមួយដែលជាក្រុមហ៊ុនសហការក្នុងការធ្វើស្លាកលេខរថយន្ត និងម៉ូតូ ដើម្បីបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះឡើងវិញ ដែលជាមជ្ឈមណ្ឌលរបស់រដ្ឋ ហើយមានតែ ១ គត់នៅកម្ពុជា។
លោកថ្លែងថា៖ «មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ដើម្បីឱ្យមានស្តង់ដាមួយច្បាស់លាស់ ស្របតាមស្តង់ដាអន្តរជាតិ ដែលមានទីលានត្រឹមត្រូវ និងបណ្តុះបណ្តាលឱ្យមានគុណភាព និងជំនាញច្បាស់លាស់»។
បើតាមលោក ឈួន វន់ គឺនាពេលបច្ចុប្បន្ននេះកម្ពុជាកំពុងមានការខ្វះខាតអ្នកបើកបររថយន្តធុនធ្ងន់ច្រើន ខណៈដែលរថយន្តធុនធ្ងន់បានចុះបញ្ជីនៅក្រសួងមានចំនួនជាង ៣០ ម៉ឺនគ្រឿង ហើយអ្នកដែលមានបណ្ណបើកបររថយន្តធុនធ្ងន់នេះមានត្រឹមតែ ១៨ ម៉ឺនបណ្ណ។ បើធៀបនឹងអ្នកកាន់បណ្ណបើកបររថយន្តធុនតូចមានប្រមាណជា ៧០ ទៅ ៨០ ម៉ឺនគ្រឿង ខណៈអ្នកមានបណ្ណបើកបរចំនួនជាង ១ លានបណ្ណ។
លោកថា ជាធម្មតាបណ្ណបើកបរគួរតែមានច្រើនជាងចំនួនរថយន្ត ដែលត្រូវចុះបញ្ជី។ តែផ្ទុយទៅវិញឡានធំមានចំនួនតិចជាងទៅវិញ ខណៈសាលាសម្រាប់បង្រៀនបើកបររថយន្តធុនធំមិនសូវមានទៀត ទើបត្រូវបង្កើតសាលាឱ្យមានឡើង។
ការសាងសង់មជ្ឈមណ្ឌលនេះបើតាមលោក ឈួន វន់ គឺ មកដល់ពេលនេះ សម្រេចបានប្រមាណ ៩០ ភាគរយហើយដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅដើមឆ្នាំក្រោយនេះ។ ក្រសួងរំពឹងថាមជ្ឈមណ្ឌលនេះនឹងចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពីអ្នកបើកបររថយន្តធុនធ្ងន់ អ្នកដែលបើកបរទាំងអស់មានបណ្ណ និងជំនាញច្បាស់លាស់ ដែលអាចផ្តល់សុវត្ថិភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា។
លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា គាំទ្រចំពោះក្រសួងដែលបង្កើតឱ្យមានមជ្ឈមណ្ឌលជំនាញបើកបរនេះឡើង និងតបតាមសំណើរបស់សមាគមដែលចង់ឱ្យមានមជ្ឈមណ្ឌលប្រភេទនេះតាំងពីយូរឆ្នាំមកហើយ។ ព្រោះក្រុមហ៊ុនត្រូវការអ្នកបើកបរដែលមានជំនាញច្បាស់ និងយល់ដឹងពីច្បាប់ចរាចរណ៍។ ព្រោះកន្លងមកអ្នកបើកបរស្ទើរតែទាំងអស់ចេះបើកបរតាមគ្នា ដែលជាបញ្ហាធំបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងមិនមានការគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖ «អ្នកបើកបររថយន្តធុនធំភាគច្រើន គឺមិនចេះ និងមិនយល់ដឹង ពីច្បាប់ ហើយពួកគាត់បានពែកមី [បណ្ណបើកបរ] មកក្នុងរូបភាពមិនប្រក្រតី និងរៀនតពីគ្នា ហើយអ្វីដែលសំខាន់មួយទៀត គឺកម្ពុជាមានការខ្វះខាតអ្នកបើកបរ។ ដូច្នេះហើយបានជាខាងក្រុមហ៊ុនចេះតែយកមកធ្វើការឱ្យតែមានបណ្ណបើកបរស្របទៅតាមអ្វីដែលរដ្ឋមានតម្រូវការ»។
បើតាមលោក ឆឹម ចំណាន ក្រសួងបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញបើកបររថយន្តធុនធ្ងន់នេះឡើង ស្របតាមគោលដៅឱ្យតែអ្នកបើកបរចេញពីមជ្ឈមណ្ឌលនេះ ទាំងសមាគម និងក្រុមហ៊ុនលែងខ្វាយខ្វល់ហើយ និងទាន់ពេលវេលា។ ព្រោះតម្រូវការអ្នកបើកបរនៅក្នុងប្រទេសកាន់តែមានកំណើនខ្ពស់ពី ១ ឆ្នាំទៅ ១ ឆ្នាំ។
ចំណែកលោក សុខ ឈាង ប្រធានសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជាក៏គាំទ្រ ចំពោះការបង្កើតឱ្យមានមជ្ឈមណ្ឌលនេះ។ ព្រោះសមាគមរបស់លោកបានស្នើសុំជាច្រើនឆ្នាំមកហើយ ខណៈកម្ពុជាកំពុងខ្វះខាតអ្នកបើកបររថយន្តធុនធ្ងន់នេះ។
លោកថ្លែងថា៖ «អ្នកបើកបររថយន្តមានច្រើនណាស់ ប៉ុន្តែសម្រាប់អ្នកដែលមានជំនាញបើកបរ និងយល់ដឹងពីច្បាប់ចរាចរណ៍តាមប្រភេទបណ្ណបើកបរមិនសូវមាននោះទេ។ បើទោះបីមានក៏មានតែអ្នកទទួលបានបណ្ណបើកបរក្លែងក្លាយ ដោយមិនបានឆ្លងកាត់សាលាបើកបរច្បាស់លាស់ និងត្រឹមត្រូវ»៕