ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​។ នេះ​បើ​តាម​លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក រស់ សុវាចា បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​នៅក្នុង​ផែនការ​ឆ្លើយតប​សម្រាប់​ឆ្នាំ​ ២០១៩-២០២០ ក្រសួង​អប់រំ​គ្រោង​នឹង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព សេចក្ដី​ណែនាំ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​។

លោក​បាន​បន្ដ​ថា​៖ «​ក្រសួង​អប់រំ​នឹង​រៀបចំ​បញ្ចូល​ការងារ​ពាក់ព័ន្ធ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​ទៅក្នុង​កម្មវិធីសិក្សា​មុខវិជ្ជា​អប់រំ​សុខភាព​។ ក្រសួង​អប់រំ​នឹង​រៀបចំ​បញ្ចប់​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​ដែល​យើង​បាន​និង​កំពុង​រៀបចំ​សេចក្ដី​ព្រាង ហើយ​យើង​នឹង​ព្យាយាម​ឲ្យ​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​នេះ​បាន​ចេញ​ជា​លទ្ធផល​នៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​»​។

លោក​បន្ថែម​ថា​ក្រសួង​អប់រំ​នឹង​បន្ដ​បណ្ដុះបណ្ដាល លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក៏​ដូចជា​ឪពុកម្ដាយ និង​អ្នក​ពាក់ព័ន្ធ​នៅក្នុង​គ្រឹះស្ថាន​សិក្សា​ឲ្យ​រៀន​ក្នុង​ការ​ចម្អិន​អាហារ ដើម្បី​ឲ្យ​អ្នក​ចម្អិន​អាហារ និង​អ្នកលក់​ចំណី​អាហារ នៅក្នុង​បរិវេណ​សាលា​យល់​កាន់តែ​ច្បាស់​ពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​គ្រប់​កម្រិត​ថ្នាក់​ទាំងអស់​។

លោក សុវាចា ឲ្យ​ដឹង​ថា​៖ «​ក្រសួង​អប់រំ​មាន​គោលការណ៍​មួយ​ចំនួន ហើយ​ក្នុង​គោលការណ៍​នោះ​កន្លង​មក​យើង​មាន និង​បាន​ធ្វើ​រួច​ហើយ ហើយ​យើង​នឹង​បន្ដ​ពង្រឹង​គោលការណ៍​មួយ​ចំនួន​ដែល​ជា​គោលការណ៍​ថ្មី ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍ ដែល​ក្រសួង​យើង​បាន​សិក្សា​ចំពោះ​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​»​។

បើ​តាម​លោក សុវាចា ក្រសួង​អប់រំ​មាន​ផែនការ​បង្កើត​ក្រុម​ការងារ​អន្ដរក្រសួង​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​ដែល​មាន​ការចូលរួម​ពី​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​មាន​ដូចជា​ក្រសួង​សុខាភិបាល កាំកុងត្រូល នាយកដ្ឋាន​សុខភាព​សិក្សា នាយកដ្ឋាន​បឋមសិក្សា និង​នាយកដ្ឋាន​មធ្យមសិក្សា​របស់​ក្រសួង​អប់រំ រួមទាំង​អង្គការ​ស្បៀងអាហារ​ពិភពលោក​នៅក្នុង​ការរៀបចំ​បង្កើត​គោលការណ៍​សេចក្ដី​ណែនាំ​មួយ​ចំនួន​សម្រាប់​អប់រំ​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​។

បើ​តាម​លោក សុវាចា ក្រសួង​អប់រំ​នឹង​សិក្សា​ទៅ​លើ​បទពិសោធ​ពី​ប្រទេស​នានា ដូចជា​ប្រទេស​សិង្ហបុរី​ដើម្បី​បង្កើត​ជា​ក្រុម​ការងារ​អធិការកិច្ច ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សម្រាប់​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ហើយ​ក្រុម​ការងារ​ខាង​លើ​នេះ​នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ នៅ​តាម​គ្រឹះស្ថាន​សិក្សា​ដោយ​បិទ​ស្លាក​សញ្ញា​ទទួល​ស្គាល់​នៅ​លើ​ចំណី​អាហារ​នៅតាម​គ្រឹះស្ថានសិក្សា​។

លោក​បញ្ជាក់​ថា​៖ «​ក្រសួង​អប់រំ​នឹង​បន្ដ​ពង្រឹង ការពិនិត្យ​តាមដាន និង​ការចុះ​វាយតម្លៃ ផលប៉ះពាល់​នៃ​ការ​អនុវត្ដ​កន្លង​មក​ឲ្យ​បាន​ទៀងទាត់​»​។

លោក ឡៅ ម៉ូលីណា នាយក​វិទ្យាល័យ ជាស៊ីម​សន្ធរម៉ុក​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា សាលារៀន​របស់​លោក​ដោយ​ទទួល​បាន​ការណែនាំ​ពី​ក្រសួង​អបរំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​សុវត្ថិភាព​ចំណីអាហារ ក៏​បាន​ផ្សព្វផ្សាយ​នឹង​បញ្ជ្រាប​ចំណេះដឹង​ពី​សុវត្ថិភាព​ចំណីអាហារ​នេះ​ជាច្រើន​លើក​ទៅ​ដល់​សិស្សានុសិស្ស និង​លោកគ្រូ-អ្នកគ្រូ​ផង​ដែរ​។

លោក​បន្ដ​ថា​៖ «​ក្នុង​ ១ ​ឆ្នាំ​មាន​ ២ ​ទៅ​ ៣ ​លើក​ដែល​ក្រសួង​បាន​ចុះ​មក​ណែនាំ និង​បង្ហាញ​ពី​ផលប៉ះពាល់ សុវត្ថិភាព​ចំណី​អាហារ ពិសេស​ផលប៉ះពាល់​ចំពោះ​ចំណី​អាហារ និង​ភេសជ្ជៈ​ដែល​សិស្ស​មិន​បាន​ដឹង​»​។

លោក​បន្ថែម​​ថា​៖ «​បន្ទាប់ពី​ការផ្សព្វផ្សាយ​ក្រសួង​បាន​ចុះ​ទៅ​ឆែក​នៅ​តាម​តូប​របស់​អ្នកលក់ដូរ​នៅក្នុង​សាលា ហើយ​តូប​ណា​ដែល​លក់​ចំណីអាហារ​ដែល​គ្មាន​អនាម័យ ឬ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​សិស្ស​គឺ​ក្រសួង​បាន​តម្រូវ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្សា និង​បាន​ណែនាំ​ដល់​ពួកគាត់ តែ​ឥឡូវ​នេះ​គឺ​គ្មាន​អ្នក​លក់ដូរ​ដែល​មាន​ផលិតផល​ខូច​គុណភាព​ទៀត​ទេ ហើយ​សិស្ស​ក៏​គាត់​យល់​ដឹង​ខ្លួន​គាត់​ក្នុង​ការទិញ​ចំណី​ញ៉ាំ​ដែរ​»​។

យុវសិស្ស ស៊ុម សុគន្ធដា សិស្ស​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ចុះ​ទៅ​ណែនាំ​ដល់​សិស្សានុសិស្ស​ពី​សុវត្ថិភាព​ចំណីអាហារ​ដែល​មាន​ផលប៉ះពាល់​ដល់​សុខភាព ពិសេស​ចំណី​អាហារ​ដែល​មាន​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ច្រើន​។

យុវសិស្ស​រូប​នេះ​និយាយ​ថា​៖ «​ពួកគាត់​បាន​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ពួកខ្ញុំ​ច្រើន ពិសេស​ចំពោះ​ចំណីអាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ខ្ពស់ និង​ចំណី​អាហារ​ដែល​ផុត​កាលកំណត់ (​កាលបរិច្ឆេទ​) គឺ​ពួកគាត់​ណែនាំ​មិន​ឲ្យ​ពួកខ្ញុំ​ទិញ​ទេ​»​។

សុគន្ធដា បញ្ជាក់​ថា​៖ «​កាលពី​មុនៗ​មក​ខ្ញុំ​មិន​សូវ​យល់ដឹង​ចំពោះ​សុវត្ថិភាព​ចំណីអាហារ​អី​ទេ ដល់​ពេល​មាន​ការ​ណែនាំ​ពី​ក្រសួង និង​ខាង​កាំកុងត្រូល​ចំពោះ​រឿង​សុវត្ថិភាព​ចំណី​អាហារ​នេះ ពួកខ្ញុំ​មាន​ការ​ប្រុងប្រយ័ត្ន​ច្រើន សូម្បី​តែ​ទឹក​ក៏​ពួកខ្ញុំ​ដាក់​បំពង់​ទឹក​ក្ដៅ​យក​មកពី​ផ្ទះ​ដែរ​»​។

លោក លីវ សុផាណារិទ្ធ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​កាំកុងត្រូល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​លេខាធិការដ្ឋាន​របស់​លោក​បាន​ចូលរួម​ពិគ្រោះ​យោបល់ និង​ចុះ​អនុវត្ដ​ការងារ​ជាមួយ​ក្រសួង​អប់រំ​ជាច្រើន​លើក​នៅ​តាម​គ្រឹះស្ថានសិក្សា​នាពេល​កន្លងមក​។

លោក​ថ្លែង​ថា​៖ «​ការប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ និង​ចំណីអាហារ​គ្មាន​សុវត្ថិភាព​សម្រាប់​សិស្ស​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​យើង​បញ្ជ្រាប​​ចំណេះដឹង​នេះ​ទៅក្នុង​កម្មវិធីសិក្សា​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​»​។

លោក​ សុផាណារិទ្ធ បន្ថែម​​ថា​៖ «​សិស្សានុសិស្ស​នៅ​ទីក្រុង​ពួកគាត់​មាន​ការ​យល់ដឹង​ច្រើន ចំពោះ​សុវត្ថិភាព​ចំណី​អាហារ​នេះ ប៉ុន្ដែ​សិស្សានុសិស្ស​នៅតាម​សាលារៀន​ឯ​ទីជនបទ ពួកគាត់​នៅ​មិន​ទាន់​មាន​ការស្វែងយល់​ចំពោះ​សុវត្ថិភាព​ចំណី​អាហារ​នេះ​ទេ ដែល​តម្រូវ​ឲ្យ​ក្រសួង និង​ក្រុម​ការងារ​យើង​ត្រូវ​ចុះ​ទៅ​ពង្រឹង និង​ណែនាំ​ដល់​ពួកគាត់​ច្រើន​ថែម​ទៀត​»៕