ភ្នំពេញៈ មន្ត្រី​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា ក្រសួង​កំពុង​តាមដាន​អំពី​ករណី​នាំចូល​ជំងឺឆ្លង​កូវីដ​ ១៩ ​តាម​ជើងហោះហើរ​មកពី​ប្រទេស​មួយចំនួន​ទៀត ក្រោយពី​មាន​ការបិទ​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី បន្ទាប់ពី​ជើងហោះហើរ​មកពី​ប្រទេស​ទាំង​ ២ ​នេះ​បាន​នាំចូល​ជំងឺ​កូវីដ​ ១៩​ យ៉ាង​គំហុក​មកកាន់​កម្ពុជា​។

លោកស្រី ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃ​ម្សិលមិញ​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស ដូចជា​សហរដ្ឋអាមេរិក បារាំង ហ្វីលីពីន អារ៉ាប៊ី សាអ៊ូឌីត រុស្ស៊ី អេហ្ស៊ីប និង​ម៉ាលី​ជាដើម គឺ​ភាគច្រើន​បាន​តជើង​ហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ហើយ​ការផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ទាំង​ ២ ​នេះ​គឺ​ដើម្បី​​ទប់ស្កាត់​ការដឹកជញ្ជូន​ជំងឺ​កូវីដ​ ១៩​ បន្ថែមទៀត​មក​កម្ពុជា និង​ជា​វិធានការ​សុខាភិបាល ដែល​ប្រទេស​ភាគច្រើន​តែង​ធ្វើឡើង​ដូចៗ​គ្នា​។

លោកស្រី​ថា​៖ «​ដោយសារ​បច្ចុប្បន្ននេះ​ការរាតត្បាត​នៅលើ​សកលលោក​នេះ អត់​ទាន់​ធូរ​ថយ​នៅ​ឡើយ​ទេ ហើយ​យើង​សង្កេតឃើញថា បណ្ដា​ប្រទេស​មួយចំនួន​ធំ​ដែល​មិនបាន​អនុវត្ត​វិធានការ​ធ្វើតេស្ដ​អ្នកដំណើរ​មុន​នឹង​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​ឡើង​យន្តហោះ​ទេ​។ អ៊ីចឹង​! នេះ​គឺជា​ហានិភ័យ​មួយ នៅពេល​ដែល​អ្នកដំណើរ​មាន​ផ្ទុក​វីរុស គឺ​យន្តហោះ​ហ្នឹង​ដូចជា​ដឹក​វីរុស ហើយ​អាចធ្វើឱ្យ​ឆ្លង​ពី​បុគ្គល​ ១ ​ទៅ​បុគ្គល​ ១ នៅលើ​យន្តហោះ​ផង ហើយ​ម្យ៉ាងទៀត វា​អាច​ចម្លង​ពី​ប្រទេស​ ១ ​ទៅ​ប្រទេស​ ១ និង​ពី​​តំបន់​ ១ ​ទៅ​តំបន់​ ១»​។

លោកស្រី​ថ្លែង​ថា ការផ្អាក​ជើងហោះហើរ​ជា​បណ្តោះអាសន្ន​មកពី​​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​ចូលក្នុង​ប្រទេស​កម្ពុជា និង​លទ្ធភាព​នៃ​ការចម្លង​ចូលក្នុង​សហគមន៍​។ ពិតជា​មានការ​លំបាក​សម្រាប់​បុគ្គល ក៏ប៉ុន្តែ​ទាំងអស់​គ្នា​រឹតតែ​មាន​ការលំបាក​ច្រើន​ជាង​នេះ និង​ខ្លាំង​ជាង​នេះ ប្រសិន​បើ​ករណី​ចម្លង​ចូលក្នុង​ប្រទេស​កាន់តែ​កើន​ច្រើន​ឡើងៗ ដែល​ជា​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។

រយៈពេល​កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ចំនួន​ ៦ ​មួយរយៈ​ពេល ដូចជា​មកពី​សហរដ្ឋ​អាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង​អ៊ីរ៉ង់​ជាដើម​។

ទោះជា​យ៉ាងណា​លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា សម្រាប់​ជើងហោះហើរ​ផ្សេងទៀត ក្រសួង​សុខាភិបាល​កំពុង​តាមដាន​យ៉ាង​ចិត្ត​ទុកដាក់​ជាទីបំផុត​។

លោកស្រី​ថា​៖ «​តាម​ស្ថានភាព​ជាក់ស្ដែង​គឺ​នៅពេល​ណា​ការតាមដាន​សង្កេត​ឃើញ​ថា ស្ថានភាព​នៃ​ការចម្លង​មាន​កំណើន​កាន់តែ​ខ្ពស់​ទៅៗ​។ ក្រសួង​សុខាភិបាល​នឹងមាន​ការពិភាក្សា​ជាថ្មី ហើយ​លើក​សំណើ​ទៅ​ប្រមុខ​​រដ្ឋាភិបាល​ដើម្បី​សម្រេច​»​។

នៅ​ថ្ងៃ​ម្សិលមិញ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា មាន​អ្នកជា​សះស្បើយ​ចំនួន​ ៤ ​នាក់​ទៀត ដែល​បាន​ធ្វើឱ្យ​អ្នកជំងឺ​ជាសះស្បើយ​ទាំងអស់​កើន​ដល់​ ១៤៧ ​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ ២២៥ ​នាក់​។ លោកស្រី ឱ វណ្ណឌីន ថ្លែងថា គិត​ចាប់​តាំងពី​ថ្ងៃទី​ ២៧ ​មករា​ដល់​ថ្ងៃទី​ ១៦ ​ឧសភា ​ដែល​កម្ពុជា​ព្យាបាល​អ្នកជំងឺ​ជាសះស្បើយ​ ១០០% ​ក្នុង​ចំណោម​ករណី​ឆ្លង​បាន​រកឃើញ​ទាំង​ ១២២ ​នាក់ ហើយ​បាន​ធ្វើឱ្យ​កម្ពុជា​គ្មាន​ជំងឺ​ថ្មី​មួយរយៈ​នេះ​៕