ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​រៀបចំ​ចាត់ចែង​ការធ្វើ​ផែនការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ នៅពេល​ដែល​វ៉ាក់សាំង​នេះ​មាន​ការទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ហើយ​ក្រុមការងារ​នេះ​ក៏​កំពុងតែ​រៀបចំ​នូវ​កន្លែង​សម្រាប់​រក្សាទុក​វ៉ាក់សាំង​ផងដែរ​។

លោកស្រី យ៉ក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ ទី​ ២៤ ខែវិច្ឆិកា​ ថា ក្រសួង​សុខាភិបាល​បាន​ធ្វើការ​ជាច្រើន​ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ដៃគូ​ដែល​កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រជុំ​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ដែល​ប្រទេស​នេះ​បាន​ប្រកាស​ជួយ​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ជូន​ដល់​ប្រទេស​កម្ពុជា ជាមួយ​នឹង​ដៃគូ​ដទៃទៀត​។

លោកស្រី​មាន​ប្រសាសន៍​​ថា​៖ «​ក្រសួងសុខាភិបាល​បាន​បង្កើត​នូវ​ក្រុមការងារ​ពិសេស​មួយ​ក្នុង​ការរៀបចំ​ចាត់ចែង​ការធ្វើ​ផែនការ​វ៉ាក់សាំង​នេះ​ក៏​ដូចជា​ការផ្តល់​វ៉ាក់សាំង​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រជាជន ដែល​ត្រូវ​ទទួល​បាន​នូវ​វ៉ាក់សាំង​មុនគេ ហើយ​នឹង​បន្តបន្ទាប់​»​។

នៅពេល​នេះ​ក្រសួង​សុខាភិបាល​កំពុងតែ​រៀបចំ​នូវ​ទីតាំង​មួយ​ស្ថិត​នៅ​ឃ្លាំង​ចោមចៅ​ដោយ​ទីតាំង​សម្រាប់​ស្តុក​វ៉ាក់សាំង​នោះ​ត្រូវ​រក្សា​នូវ​សីតុណ្ហភាព​ដែល​ជួយ​សម្រួល​នូវ​ការរក្សាទុក​វ៉ាក់សាំង​នៅពេល​ដែល​វ៉ាក់សាំង​ត្រូវបាន​វាយតម្លៃ​នូវ​គុណភាព និង​ទទួលស្គាល់​ពី​អង្គការ WHO​។

លោកស្រី​បញ្ជាក់ថា ដូចនេះ​ក្រសួង​នឹង​មាន​ឃ្លាំង​មាន​ទីតាំង​រួចជាស្រេច​ដើម្បី​រក្សាទុក​វ៉ាក់សាំង​ដើម្បី​ចែកចាយ និង​ចាក់​ជូន​ប្រជាពលរដ្ឋ​។

ទាក់ទង​នឹង​វ៉ាក់សាំង​កូវីដ ១៩​ នេះ​ដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅពេល​ដែល​វ៉ាក់សាំង​នេះ​ត្រូវ​បាន​វាយតម្លៃ​រួចរាល់​ជា​ស្ថាពរ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ក្រសួង​សុខាភិបាល​កម្ពុជា​ក៏​នឹង​អាច​ទទួល​បាន​នូវ​វ៉ាក់សាំង​ណាមួយ​ដែល​គេ​វាយតម្លៃ​ហើយ ដើម្បី​យក​មក​ប្រើប្រាស់​នៅ​កម្ពុជា​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​ក្រសួង​សុខាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក សម្ព័ន្ធភាព​អន្តរជាតិ​សម្រាប់​ការចាក់​ថ្នាំ​បង្ការ​ និង​វ៉ាក់សាំង (​អង្គការ GAVI) ហើយនឹង COVAX Facility ព្រមទាំង​ដៃគូ​របស់​យើង​មួយ​ចំនួន​»​។

លោកស្រី​បញ្ជាក់ថា នៅពេល​នេះ​ក្រសួង​កំពុងតែ​ពិភាក្សា​គ្នា​ឱ្យបាន​ច្បាស់លាស់​នូវ​ការងារ​គ្រប់គ្រង ក៏ដូចជា​ការបែងចែក​នូវ​វ៉ាក់សាំង​វីរុស​កូរ៉ូណា នៅពេល​ដែល​កម្ពុជា​អាច​ទទួល​យក​មកប្រើប្រាស់​នៅក្នុង​ប្រទេស​។

ចំពោះ​ថា តើ​កម្ពុជា​នឹង​អាច​ទទួលបាន​វ៉ាក់សាំង​ចំនួន​ប៉ុន្មាន​នោះ​លោកស្រី​ ឱ វណ្ណឌីន ថ្លែង​ថា មិនទាន់​មាន​ការកំណត់​ជាក់លាក់​នៅ​ឡើយ​ទេ អាស្រ័យ​ទៅ​លើ​លទ្ធភាព​ និង​សមត្ថភាព​នៃ​ការផលិត​វ៉ាក់សាំង​។ ដូច្នេះ​ការកំណត់​ចំនួន​នេះ​គឺ​ត្រូវមាន​ការពិភាក្សា​គ្នា​ជាពិសេស​ពី​ស្ថាប័ន​ចាត់ចែង​គ្រប់គ្រង​ និង​វាយតម្លៃ​វ៉ាក់សាំង​។

ទោះយ៉ាងណា​លោកស្រី​ ឱ វណ្ណឌីន ​ធ្លាប់បាន​បញ្ជាក់​កាលពី​ខែ​មុន​ថា​ប្រទេស​កម្ពុជា​ប្រហែល​ជា​អាច​ត្រូវបាន​នូវ​ការផ្តល់​វ៉ាក់សាំង​ក្នុង​រង្វង់​ ៣ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​អាច​បាន​ក្នុង​ខ្ទង់​ប្រមាណ​ជាជាង​ ៣ ​លាន​នាក់​។

កាលពី​ម្សិលមិញ​នេះដែរ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ចំនួន​ ១ ​នាក់​ ដែល​ជា​ជនជាតិ​នេប៉ាល់​អាយុ​ ៣៧ ​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​នេប៉ាល់​ទៅ​ដូហា និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០២០​។

ក្រសួង​បាន​បញ្ជាក់ថា អ្នកជំងឺ​រូបនេះ​ធ្លាប់មាន​វិជ្ជមាន​វីរុស​កូរ៉ូណា​កាលពី​នៅ​ប្រទេស​នេប៉ាល់​នៅ​ថ្ងៃទី​ ១៩ ខែតុលា និង​បានធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ នៅ​ទីនោះ​។

បុរស​រូបនេះ​នៅ​ថ្ងៃទី​ ២ និង​ទី​ ៨ ខែវិច្ឆិកា គាត់​បាន​ធ្វើ​តេស្ត​ឡើងវិញ​ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន វីរុស​កូរ៉ូណា​ទាំង​ ២ ​លើក​។ នៅ​ថ្ងៃ​ដែល​បាន​មកដល់​កម្ពុជា គាត់​បាន​ធ្វើ​តេស្ត​ដោយ​ទទួលបាន​លទ្ធផល​នៅ​ថ្ងៃទី​ ១២ ខែវិច្ឆិកា អវិជ្ជមាន ហើយ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទៅធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​។ បុរស​រូបនេះ​គឺជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ​។

ក្រសួង​សុខាភិបាល​បាន​បន្តថា លទ្ធផល​ធ្វើតេស្ត​នៅ​ថ្ងៃទី​ ១៣ នៃ​ការធ្វើ​ចត្តាឡីស័ក​របស់​គាត់​ត្រូវ​នឹង​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា គឺ​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូរ៉ូណា ហើយ​ត្រូវ​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​។

ជាមួយ​គ្នា​នេះដែរ ក៏មាន​ករណី​ជាសះស្បើយ​ ២ ​នាក់​ផងដែរ​កាលពី​ថ្ងៃ​ម្សិលមិញ ​ក្នុង​នោះ​មាន​ជនជាតិខ្មែរ អាយុ​ ៣៤ ​ឆ្នាំ​ម្នាក់​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល និង​បុរស​ជនជាតិ​អាមេរិកាំង​អាយុ​ ៦៩ ​ឆ្នាំ​ម្នាក់ ​ស្នាក់នៅ​អាផាតមិន​ ១ ​ក្នុង​រាជធានី​ភ្នំពេញ​។

ក្រសួង​សុខាភិបាល​បន្ត​ថា​គិត​មកដល់​ថ្ងៃ​ម្សិលមិញ ប្រទេស​កម្ពុជា​ មាន​អ្នក​កើត​ជំងឺ​កូវីដ​ ១៩ ​សរុប​ចំនួន ៣០៧ ​នាក់ (​ស្ត្រី​ ៦២ ​នាក់​) ក្នុងនោះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ២៩៨ ​នាក់ (​ស្ត្រី​ ៦០ ​នាក់​) ​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៩ ​នាក់​៕

វីដេអូ៖