ភ្នំពេញៈ ក្រសួង​សុខាភិបាល​ដាក់​ចេញ​វិធាន​ថ្មី​បន្ថែម​ទៀត ដើម្បី​បន្ត​ការតាមដាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដោយ​បង្កើត​ក្រុមការងារ​ក្នុង​ការតាមដាន ស្វែងរក និង​ការពង្រឹង​យន្ដការ​នៃ​ការឆ្លើយតប​ទៅ​នឹង​ការរីករាលដាល​នៃ​ជំងឺ​ថ្មី​នេះ បើទោះ​ជា​មិនទាន់​រកឃើញ​មាន​ករណី​ថ្មី​នៅក្នុង​​ប្រទេស​កម្ពុជា​ក៏ដោយ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា ក្រសួង​សុខាភិបាល​បាន​បង្កើត​ក្រុមការងារ​ថ្មី​មួយ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​បទពិសោធ​នៃ​យន្ដការ​គ្រប់គ្រង ពិភាក្សាគ្នា​រិះរក​នីតិវិធី​ប្រទាក់ក្រឡា និង​ដើម្បី​ពង្រឹង​យន្ដការ​នៃ​ការឆ្លើយតប ការស្រាវជ្រាវ និង​ទប់ស្កាត់ ការចម្លង​វីរុស​កូរ៉ូណា​ថ្មី​នៅ​កម្ពុជា​។

លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា​៖ «​ក្រសួង​សុខាភិបាល​នៅ​តែ​បន្ដ​ពង្រឹង​ទៅលើ​ប្រព័ន្ធ​តាមដាន​ជំងឺឆ្លង​ដែល​មាន​ស្រាប់ និង​អង្កេត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​ករណី​សង្ស័យ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព ទិន្នន័យ​អេពីដេមីសាស្ដ្រ​ទាក់ទង​នឹង​ការឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ទាំង​ក្នុង និង​ក្រៅប្រទេស​បន្ថែមទៀត​ដែរ​»​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើ​ទោះ​គ្មាន​ករណី​ឆ្លង​ថ្មី​យ៉ាងណាក្តី ប៉ុន្តែ​ក្រសួង​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​ណែនាំ ប្រតិបត្ដិ ពិធីសារ​សម្រាប់​ការគ្រប់គ្រង​អ្នកជំងឺ និង​រៀបចំ​ផែនការ​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​សុខាភិបាល​បន្ដ​ទៀត​ទាំង​ ២៥ ​ខេត្ដ-ក្រុង​។

លោកស្រី​បន្តថា ក្រសួង​បាន​ត្រៀម​រួចជាស្រេច ប្រសិន​បើ​មាន​ការកើតឡើង​នូវ​ការរកឃើញ និង​ការឆ្លង​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ ខណៈ​ដែល​​ករណី​ដែល​បានកើត​ឡើង​ ១ ​ករណី​នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក​ត្រូវ​បាន​ទប់ស្កាត់ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ទាន់​ពេលវេលា និង​បាន​ជាសះស្បើយ​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការដែល​យើង​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​នេះ ដើម្បី​ឲ្យ​មាន​យន្តការ​កាន់តែ​គត់មត់​ថែម​ទៀត ព្រោះ​មិនមែន​បាន​ន័យថា យើង​មិនទាន់​រកឃើញ​វីរុស​កូរ៉ូណា​ថ្មី ហើយ​លែង​ខ្វល់​អ្វី​ទាំងអស់​នោះទេ​។ ដោយសារ​តែ​ការរាតត្បាត​នៃ​វីរុស​នេះ វា​នៅតែ​មាន​បន្ត​ដែល​បានដឹង​ស្រាប់​ហើយ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ដល់​ទៅ ២៤ ​ប្រទេស​ហើយ​ដែល​បាន​រកឃើញ​។ ដើម្បី​ជា​វិធានការ​បន្តទៀត​ក្នុង​ការឆ្លើយតប​ឲ្យ​កាន់តែ​មាន​សក្តានុពល​ក៏ដូចជា​មាន​ភាពគត់មត់​ខ្លាំង​ថែមទៀត​ដែល​ការចាត់ចែង​របស់​រដ្ឋមន្ត្រី​ក្នុង​ការបង្កើត​ឡើង​នូវ​ក្រុមការងារ​ថ្មី​នេះ ចាំបាច់​ដើម្បី​យើង​ពិភាក្សា​គ្នា​»​។

មក​ដល់ពេល​នេះ​ក្រសួងសុខាភិបាល​នៅតែ​មិនទាន់​រកឃើញ​មាន​ប្រជាពលរដ្ឋ​កម្ពុជា ឬ​ជនបរទេស​ណា​ម្នាក់​នៅ​កម្ពុជា​មាន​វីរុស​កូរ៉ូណា​ថ្មី​នេះ​នៅឡើយ​នោះ​ទេ ក្រៅតែពី​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ហើយ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ​។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា ក្រសួង​បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដូចជា​បន្ត​ពង្រឹង​ទៅលើ​ប្រព័ន្ធ​តាមដាន​ជំងឺ​ដែល​មាន​ស្រាប់​បន្ត​ការអប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ ការចុះពិនិត្យ និង​បន្ត​ពង្រឹង​ការងារ​ចត្តាឡីស័ក​នៅ​តាម​ច្រកចេញចូល​ទូទាំង​ប្រទេស​។ ​ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ផ្គត់ផ្គង់​ឱសថ សម្ភារ​បរិក្ខារ​ពេទ្យ និង​សម្ភារ​ការពារ​ខ្លួន​ចាំបាច់​ឲ្យ​បាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​ផងដែរ ដោយ​ត្រូវ​រាយការណ៍​ព័ត៌មាន​ឲ្យ​បាន​ទាន់ពេលវេលា​ពី​ករណី​សង្ស័យ​ណាមួយ​ចៀសវាង​ការរីករាលដាន​នៃ​ជំងឺ​នេះ​នៅក្នុង​ប្រទេស​។ វីរុស​នេះ​បាន​សម្លាប់​មនុស្ស​នៅ​ចិន​ ១ ១១០ ​នាក់​នៅ​ត្រឹម​ថ្ងៃទី​ ១២ កុម្ភៈ​៕