ភ្នំពេញៈ ក្រសួងសុខាភិបាលបានបិទទីតាំងចំនួន ២៣ កន្លែង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងបានអំពាវនាវទៅដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលត្រូវទៅធ្វើតេស្តរកវីរុសកូវីដ ១៩ ខណៈមនុស្សដែលបានឆ្លងក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនដល់ ៧៦ នាក់ ក្នុងនោះស្រីចំនួន ៣៩ នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ក្រសួងបានប្រកាសពីឈ្មោះទីតាំងចំនួន ២៣ កន្លែង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយត្រូវបានបិទជាបណ្តោះអាសន្នរួចរាល់ហើយ។
ទីតាំងទាំង ២៣ នោះរួមមានក្លិប N8, Casa Bay Meridian, សណ្ឋាគារ Le Gong Guan Hotel, City Comfort, អគារ The Bridge, The Point Service Apartment, Mekong Street, Pent House Apartment, Skyline DUMEX, SometCondominium, Residence L Olympic, Prince Plaza Centre, Celeste Skybar, Diamond Twin, JinZun ខារ៉ាអូខេមុខព្រលាន, ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ, JuHao មុខហាងឆ្នេរមាស, ហាង The World, ហាងវ័នមែនសិន, ក្លិប ១៦៨ អតីតនគរសំរឹទ្ធិ, Love, វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS។
ក្រសួងក៏ប្រកាសឱ្យបុគ្គលដែលធ្លាប់បានចេញចូលនៅទីតាំងទាំង ២៣ នេះ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឬបុគ្គលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយនឹងអ្នកមានវីរុសកូវីដ ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ ១៩។
ក្រសួងបញ្ជាក់ថា៖ «តាមការរុករក ស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះមានលក្ខណៈធំជាង និងសាំញុំាជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានាបានដាក់ចេញជាបណ្តើរៗគឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ ១៩ នៅតាមទីតាំងនីមួយៗដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង»។
ក្រសួងសុខាភិបាលក៏បានអំពាវនាវ និងក្រើនរំឭកសារជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលត្រូវប្រកាន់យកនូវការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន។ គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៥៦៨ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមាន ៤៧៥ នាក់ និងអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥ មានសរុបចំនួន ៩៣ នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីសប្តាហ៍មុនដោយសុំឱ្យប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញទាំងអស់ប្រុងប្រយ័ត្នហើយសុំកុំចាកចេញពីផ្ទះ ប្រសិនបើមិនមានការចាំបាច់។
លោកបញ្ជាក់ថា៖ «ពិតមែនតែយើងដឹងចំណុច និងតំបន់មួយចំនួន ដែលផ្ទុះនូវជំងឺកូវីដ ១៩ នេះ ហើយយើងក៏បានបិទកន្លែងនោះរួចហើយផងដែរ ក៏ប៉ុន្តែចរាចរណ៍មនុស្សដែលចេញពីតំបន់នោះថាតើពួកគាត់បានទៅកន្លែងណាខ្លះ។ យើងកំពុងរុករក។ ដូចនេះហើយ បើសម្រាកនៅផ្ទះបាន គឺជាការល្អ។ ខ្ញុំសុំអង្វរករ សុំឱ្យអនុវត្តវិធានការ ៣ ការពារ និង ៣ កុំនេះ»។
ជាមួយគ្នានេះដែរ យោងតាមសារជាសំឡេងរបស់លោក ហ៊ុន សែន ដោយលោកបានឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រៀបចំពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យជោរៃភ្នំពេញសម្រាប់ត្រៀមដាក់អ្នកជំងឺកូវីដ ១៩ដែលមានការកើនឡើងច្រើន។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ចំនួនអ្នកជំងឺមានការកើនឡើងដែលធ្វើឱ្យមន្ទីរពេទ្យស៊ីវិលមានការលំបាកដែលត្រូវធ្វើការរៀបចំពេទ្យទាហាន និងពេទ្យណាផ្សេងទៀតដែលត្រូវធ្វើការដោះស្រាយបញ្ហានេះ។ អាចនឹងមានមន្ទីរពេទ្យជោរៃភ្នំពេញ ដែលយើងត្រូវពិនិត្យមើលឱ្យអស់លទ្ធភាព ព្រោះសភាពការណ៍មិនធម្មតាទេដែលធ្វើឱ្យយើងត្រូវប្រុងប្រៀបជាមុន គ្រប់គ្រងសភាពការណ៍នេះ»។
ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានឱ្យដឹងនៅថ្ងៃម្សិលមិញថា ខាងស្ថានទូតបានពិភាក្សាជាមួយនឹងលោក Ton ThanhTra នាយកមន្ទីរពេទ្យជោរៃភ្នំពេញ ដែលជាមន្ទីរពេទ្យសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងវៀតណាមដែលជាលទ្ធផលខាងមន្ទីរពេទ្យ មានកិត្តិយសយ៉ាងខ្លាំងដោយបានទទួលការវាយតម្លៃយ៉ាងខ្ពស់ និងភាពជឿជាក់លើកម្រិតជំនាញផ្នែកវេជ្ជសាស្ត្រ និងសមត្ថភាពព្យាបាល ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានទូតបញ្ជាក់ទៀតថា មន្ទីរពេទ្យនេះក៏ធានាឱ្យបានល្អនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ព្យាបាលនូវករណីវិជ្ជមាននឹង Covid-19 បើសិនជាមានដោយធ្វើចត្តាឡីស័ក ហើយមានសុវត្ថិភាពជាដាច់ខាត ដែលពុំប៉ះពាល់អ្វីដល់អ្នកជំងឺដទៃទៀត។
ដោយឡែក អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង ថ្លែងពីម្សិលមិញថា សន្តិសុខសណ្ឋាគារសុខាដែលបានលួចនាំស្ត្រីជនជាតិចិន ៤ នាក់ ចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីសប្តាហ៍មុនកំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងពុំទាន់មានការបញ្ជាក់ថា គាត់មានវីរុសកូវីដ ១៩ ឬអត់នៅឡើយទេ។ សន្តិសុខរូបនេះនឹងត្រូវដាក់ទោសទណ្ឌ និងការពិន័យតាមអនុក្រឹត្យដោយមិនអាចលើកលែងបាន៕