ភ្នំពេញ៖ បុរស​ពីរ​នាក់​ទៀត​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ប្រទេស​កម្ពុជា កើន​រហូត​ដល់ ៧ នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​បាន​បន្ត​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ថ្ងៃ​នេះ មាន​ម្នាក់​ជា​ជនជាតិ​ខ្មែរ អាយុ ៣៨ ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន អាយុ ៤៣ ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​យ៉ុងយ័ន ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ដែល​ពួក​គាត់​ទាំង ២ នាក់​នេះ បាន​ឆ្លង​វីរុស​កូវីដ ១៩ កាល​ពី​ថ្ងៃទី ១៦ និងទី ១១ ខែ មីនា ឆ្នាំ ២០២១ កន្លង​មក។

យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​ជា​ជនជាតិ​ខ្មែរ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ Great Duke បន្ទាប់​ពី​តេស្ត​វិជ្ជមាន​កូវីដ ១៩ ហើយ​រហូត​ដល់​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ ដោយសារ​មាន​អាការៈ​ហត់ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព និង​ធ្វើ​ការ​ថត​សួត​របស់​គាត់ បង្ហាញ​ថា គាត់​មាន​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ​ខ្លាំង និង​ខ្សោយ​សួត​ខ្លាំង និង​បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​នៅ​ថ្ងៃ​ដដែល​នោះ​ រហូត​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ដោយសារ​ការ​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ​ខ្លាំង​ទៅៗ ​ និង​ខ្សោយ​សួត​ខ្លាំង​ទៅៗ​ អ្នក​ជំងឺ​បាន​បាត់បង់​ជីវិត ទោះ​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ។

ចំណែក​បុរស​ជនជាតិ​ចិន ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យជ័​យជំនះ​ បន្ទាប់​ពី​តេស្ត​វិជ្ជមាន​កូវីដ ១៩ រហូត​ដល់​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ អាការៈ​បុរស​នេះ​មាន​សភាព​ហត់​ខ្លាំង​ជាមួយ​នឹង​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ ពិនិត្យ​ឃើញ​ថា មាន​ការ​ថយ​ចុះ​នូវ​អុកស៊ីហ្សែន​សម្រាប់​ការ​ដក​ដង្ហើម​ខ្លាំង ក៏​បាន​បញ្ជូន​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ ប៉ុន្តែ​ស្ថានភាព​របស់​គាត់​ធ្ងន់ធ្ងរ​ដូច​នឹង​អាការៈ​របស់​អ្នក​ជំងឺ​ជនជាតិ​ខ្មែរ​ខាង​លើ​ដែរ។

ក្រសួង​សុខាភិបាល​បន្ត​ថា៖ «ជា​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ បុរស​ទាំង ២ ខាង​លើ គឺ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ ១៩ វៃ​លុក​លឿន ធ្វើ​ឱ្យ​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ និង​ខ្សោយ​សួត​ខ្លាំង​ពេក»៕