ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ៥៣៨ នាក់ក្នុងនោះមាន ១ ករណី ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៥៣៧ ទៀតជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ខណៈក៏មានអ្នកព្យាបាលជាសះស្បើយចំនួន ៤៥៦ នាក់ផងដែរ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាក្រៅពីករណី រកឃើញអ្នកឆ្លងថ្មី ៥៣៨ នាក់ និងអ្នកព្យាបាលជាសះស្បើយ ៤៥៦ នាក់ ហើយក្នុងថ្ងៃនេះដែរ ពុំមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ។
បើតាមក្រសួងសុខាភិបាលគិតត្រឹមព្រឹកម៉ោង ៧ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៨ ៧១៧ នាក់ អ្នកជាសះស្បើយសរុបចំនួន ៧ ៣៤០ នាក់ និងអ្នកស្លាប់ ដោយសារជំងឺនេះសរុប ១១៤ នាក់។