ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ព្រឹក​ថ្ងៃពុធ​ ទី​២៤​ ខែ​កុម្ភៈ​ នេះ ​ដោយ​​រកឃើញ​អ្នក​វិជ្ជមានកូវីដ ១៩​ ចំនួន​ ៤០ ​នាក់​ទៀត​ ក្នុង​នោះ​​មាន​ ៣៨​ នាក់ ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​​ ​ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជាជន​ជាតិចិ​ន និង​​ជនជាតិ​វៀត​ណាម​​ ២ ​នាក់ រួម​នឹង​ជន​ជាតិ​ខ្មែរ​ចំនួន​ ០១​ នាក់​ផង​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺកូវីដ​១៩​ ដែល​​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ បាន​កើន​ឡើង​រហូត​ដល់​ ១៣៧​ នាក់​ហើយ ​ត្រឹម​តែ​រយៈ​ពេល ​៤ ​ថ្ងៃ​ ដែល​ភាគ​ច្រើនជាជនជាតិ​ចិន។

ជាមួយ​គ្នានេះដែរ ក្រុម​ការងារនៃក្រសួង​សុខាភិបាលបាននិង​​កំពុង​តែ​ធ្វើ​ការ​ចាត់​ចែង​​ចំពោះ​ទំនាក់​ទំនង​រក​អ្នកជំងឺ​ចំនួន ​១៥​ នាក់ ​ដែល​​ក្រសួង​ទទួល​បាន​លទ្ធផល​តេស្តវិជ្ជមាន​កូវីដ ១៩ ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ នៅ​វេលាម៉ោង ​៣​ ទៀបភ្លឺ​​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​​សុខាភិបាល​បាន​បញ្ជាក់​ថា៖ «ក្រុម​ការងារ​កំពុង​ទាក់ទង​ទៅ​ពួក​គាត់ ហើយ​នៅពេល​មានព័ត៌មាន​ជាក់​លាក់​លើ​ករណី​អ្នក​ជំងឺ​ទាំង​ ១៥ នាក់​នេះ​ ក្រសួង​នឹង​រាយ​ការណ៍​​ជាបន្ត​ទៀត​»។

ជាមួយ​គ្នានេះដែរ ស្រ្តី​ជន​ជាតិ​ចិន​ចំនួន​ ២ នាក់​ នៅ​ខេត្ត​ព្រះ​សីហនុ​ ដែលជា​អ្នក​ដំណើរ​ចូលមក​កម្ពុជា ហើយ​មាន​បំណង​វិល​ត្រលប់​ទៅកាន់​ប្រទេស​ពួក​គេ​វិញ បាន​ធ្វើ​តេស្ត​​វិជ្ជមានកូវីដ១៩​ និង​បានដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ។

យោង​តាម​តួលេខ​សរុប​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ កម្ពុជា​មាន​អ្នក​មាន​វិជ្ជមាន​កូវីដ១៩​ ចំនួន​​ ៦៣៣​ នាក់ ក្នុង​នោះ​​អ្នក​ដែល​បាន​ព្យាបាល​ជា​សះ​ស្បើយ​ មាន​ចំនួន​ ៤៧៦​ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ចំនួន​ ៨ ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល​ ខេត្ត​កំព​ង់​ស្ពឺ និង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ ១៤២ នាក់​៕