ភ្នំពេញ៖ ក្រ​សួង​សុខា​ភិ​បាល បាន​ព្រមា​ន​ចាត់​វិធាន​ការ​​តាម​ផ្លូវ​ច្បាប់ ​ចំ​ពោះ​ជន​ណា​ ដែលផ្សព្វផ្សាយ ការ​ប្រើ​​ឧប​ករណ៍​សម្រាប់​ធ្វើ​តេស្ត​រហ័ស ​​រក​ជំងឺ​កូវីដ​ ១៩ ​ខណៈ​ដែល​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​​នេះ​ នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​នៅ​ឡើយ​។

ក្រ​សួង​សុខា​ភិ​បាល ​បាន​ចេញ​​សេចក្តី​ប្រកាស​ព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៩​ ខែមី​នា ឆ្នាំ​២០២០​នេះ ​ដោយ​បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ មិន​ត្រូវ​ប្រើ​ប្រាស់​ឧប​ករណ៍​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​​កូវី​ដ​១៩ ដោយ​ខ្លួន​ឯង​នោះ​ឡើយ​ ដោយ​បញ្ជាក់​ថា ​បច្ចុ​ប្បន្ន​មាន​ការ​ផលិត​ឧបក​រណ៍​ធ្វើ​តេស្ត​រហ័ស​ច្រើន តែ​រហូត​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ឧប​ករណ៍​ធ្វើ​តេស្តរ​ហ័ស​រកជំងឺ​​កូវី​ដ ១៩​ប្រ​ភេទ​ណា​មួយ ដែល​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​នូវ​ភាព​ត្រឹម​ត្រូវ និង​ប្រ​សិទ្ធ​ភាពនៃ​ឧប​ករណ៍​ទាំង​នោះ​នៅ​ឡើយ​ទេ។

បើ​តាម​ក្រ​សួង​សុខា​ភិ​បាល​ ប្រ​សិទ្ធ​ភាព​នៃ​ការ​ធ្វើ​តេស្ត​រហ័ស​បែប​នេះ គឺ​នៅ​ទាប​ណាស់ ហើយ​ក៏មាន​ការ​ចេញ​លទ្ធ​ផល​មក​មិន​ច្បាស់​លាស់​នោះ​ដែរ ដូច​ជា​អ្នក​ដែល​មិន​មាន​មេ​រោគ​ បែរ​ទៅ​ជា​មាន​លទ្ធ​ផល​វិជ្ជ​មាន​ រីឯ​អ្នក​មាន​មេ​រោគ បែរ​ទៅ​ជាមាន​លទ្ធ​ផល​អវិជ្ជ​មាន​ទៅ​វិញ។

​​ក្រៅ​ពី​​ព្រ​មាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជនណា​​ដែលផ្សព្វផ្សាយ​​ ការ​ប្រើ​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​រហ័ស​​រក​ជំងឺ​កូវីដ​១៩ ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​ក្រ​សួង​សុខា​ភិបាល ក្រ​សួង​ក៏​បាន​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​ពាក់​ព័ន្ធ ឲ្យ​ចូល​រួម​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរ​មាន​យ៉ាង​ម៉ឺង​ម៉ាត់​ជាទី​បំផុត ចំ​ពោះ​បុគ្គល​ ឬ​ក្រុម​ហ៊ុន​ណា ​ដែល​ផ្សព្វ​ផ្សាយ​ឧប​ករណ៍​ធ្វើ​តេស្ត​រហ័ស​រក​​កូវី​ដ​១៩ ដោយ​មិន​មាន​ការ​អនុ​ញ្ញាត​ពី​ក្រ​សួង​សុខា​ភិ​បាល​។

បើ​តាម​ក្រសួង​សុខា​ភិ​បាល​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ​ឆ្នាំ​២០២០​នេះ អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅ​កម្ពុជា ​មា​ន​ចំ​នួន​សរុប ១០៣​នាក់។ ក្នុង​នោះ​ព្យា​បាល​ជា ២១ នាក់​ហើយ នៅ​សល់ ៨២​នាក់​ទៀត កំពុង​សម្រាក​ព្យា​បាល​៕