ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចៀសវាង​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​បាន​លឿន​ក្នុង​រយៈពេល​ខ្លី ដោយសារ​ថ្នាំ​ទាំងនោះ​អាច​បង្ក​គ្រោះថ្នាក់​ធ្វើឱ្យ​ស្លាប់ និង​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នកលក់​ថ្នាំ​ដែល​គ្មាន​ចុះ​បញ្ជិកា​ទាំងនេះ​។

នៅក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល​បញ្ជាក់ថា តាម​ការពិនិត្យ​គុណភាព​ផលិតផល​សម្រក​ទម្ងន់​កន្លងមក គឺ​បាន​រកឃើញ​ថា ផលិតផល​ទាំងនោះ​អាច​សម្រក​ទម្ងន់​បាន​លឿន ដោយសារ​ថ្នាំ​ទាំងនោះ​មាន​ដាក់​សារធាតុ Sibutramine ដែល​ជា​សារធាតុ​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថ​។

ក្រសួង​បញ្ជាក់ថា​៖ «​សារធាតុ​នេះ​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដូចជា​ធ្វើឱ្យ​អ្នកប្រើប្រាស់​ប្រឈម​នឹង​ហានិភ័យ​នៃ​ការគាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​»​។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​ ខណៈ​ក្រសួង​សុខាភិបាល​បាន​ពិនិត្យ​ឃើញ​ថា ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Tey Loner កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រក​ទម្ងន់​ឈ្មោះ SlimMe គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង ហើយ​បាន​ផ្សព្វផ្សាយ​ភូត កុហក បោកប្រាស់ និង​បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ​។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នេះ​បាន​សរសេរ​បង្ហោះ​ដើម្បី​លក់​ផលិតផល​សម្រក​ទម្ងន់​ថា​៖ «​ទោះ​ធាត់​បែបណា​ក៏ SlimMe អាច​ជួយ​បានដែរ​។ ស្រក​ពិតៗ​ក្នុង​រយៈពេល​ខ្លី​ប្រើ​តែ​ ១ ​កំប៉ុង​ប៉ុណ្ណោះ​បាន​លទ្ធផល​តែម្ដង​។ និយាយថា​ល្អ​នោះ​ល្អ​ញ៉ាំ​តែ​ ១ ​កំប៉ុង ស្រក​ពី​ ២ ​ទៅ​ ៥ ​គីឡូក្រាម​។ ធានា​មិន​ធ្វើទុក្ខ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព ញ៉ាំ​ហើយ​ដឹង​តែ​ស្រក ១០០%»​។

ប៉ុន្តែ​ក្រសួង​បញ្ជាក់ថា ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​សុខភាព ឬ​ឈានដល់​ការបាត់បង់​អាយុជីវិត​អ្នកប្រើប្រាស់​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​សម្រក​ទម្ងន់​នេះ​ជាបន្ទាន់​។ ក្រសួង​សុខាភិបាល​បាន​បន្ថែមថា ក្រសួង​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ​ដែល​នាំចូល និង​ផ្សព្វផ្សាយ​លក់​ផលិតផល​ដោយ​គ្មាន​លេខ​ចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​។

កាលពី​ថ្ងៃទី​ ២០ ខែមេសា ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទាក់ទង​ទៅ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Tey Loner ប៉ុន្តែ​អ្នកទទួល​ទូរស័ព្ទ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​អំពី​ការលក់​ផលិតផល​របស់ខ្លួន​។

ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ​បាន​និយាយថា​៖ «​ចាស​បង​! ឥឡូវនេះ​ខ្ញុំ​ផ្អាក​លក់​សិន​ដោយសារ​ខ្ញុំ​នៅ​ខេត្ត​។ ខ្ញុំ​អត់​ទាន់​ដឹងថា ពេលណា​លក់​វិញ​ទេ ចាំមើល​ទាល់តែ​ខ្ញុំ​ទៅ​ (​ភ្នំពេញ​) ​វិញ​។ សុវត្ថិភាព​ផលិតផល​ហ្នឹង​អត់​អី​ទេ​បង​។ បើ​បង​ចង់​ទិញ និង​ចង់ដឹង​បន្ថែម​ពី​ផលិតផល បងអាច​ឆាត​សួរ​ក្នុង​ផេច​ហ្វេសប៊ុក​ខ្ញុំ​មក​»៕

វីដេអូ៖