ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មេសា​នេះ​ថា អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ ដែល​ទើប​រក​ឃើញ​ថ្មី​បន្ថែម​ទៀត​ មាន​រហូត​ដល់ ៦១៨ នាក់ ក្នុង​រយៈពេល​ត្រឹមតែ ១ ថ្ងៃ​ប៉ុណ្ណោះ​ ក្នុង​នោះ​តួលេខ​ឆ្លង​ច្រើន​ជាង​គេ​ គឺ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​រហូត​ដល់ ៤៩៣ នាក់ ខណៈ​អ្នក​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៦០ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ នេះ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤៩៣ នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៧៥ នាក់ ខេត្ត​កណ្ដាល​ចំនួន ៣១ នាក់ ខេត្ត​ស្វាយរៀង​ចំនួន ៨ នាក់ ខេត្ត​ព្រៃវែង​ចំនួន ៥ នាក់ ខេត្ត​កំពង់ស្ពឺ​ចំនួន ៣ នាក់ ខេត្ត​តាកែវ​ចំនួន ២ នាក់ និង​ខេត្ត​កំពង់ចាម​ចំនួន ១ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៨ ខែ​មេសា​នេះ កម្ពុជា​មាន​អ្នក​វិជ្ជមាន​កូវីដ ១៩ សរុប​ចំនួន ៦ ៣៨៩ នាក់ ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន​ ៥ ៨៤៦ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ២ ៤៧៦ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ៣ ៨៦៥ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ចំនួន ៤៣ នាក់។

នៅ​ថ្ងៃ​នេះ​ដែរ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន ២ នាក់ ក្នុង​នោះ​មាន​បុរស​អាយុ ៨២ ឆ្នាំ និង​ស្ត្រី អាយុ ៤១ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ ១៩។

យោង​តាម​របាយការណ៍​​ពី​មន្ទីរពេទ្យ​ហ្លួងម៉ែ បាន​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ អាយុ ៨២ ឆ្នាំ ដែល​រស់នៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ នៅ​ថ្ងៃទី ១៥ ខែ​ មេសា ឆ្នាំ ២០២១ វេលា​ម៉ោង ១៤:០០ នាទី បន្ទាប់​ពី​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ស្ថានភាព​ជំងឺ​មាន​ការ​វិវត្ត​ចេះ​តែ​ធ្ងន់ធ្ងរ​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ថ្ងៃទី ១៧ អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហត់​ដង្ហក់​ខ្លាំង ដែល​តម្រូវ​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស រួម​ទាំង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​បាន បណ្តាល​ឱ្យ​គាត់​ស្លាប់​នៅ​ថ្ងៃទី ១៧ វេលា​ម៉ោង ១៦:៤៥ នាទី។

ចំណែក​ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៤១ ឆ្នាំ រស់នៅ​សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន​នៅ​ថ្ងៃទី ១៥ ខែ​មេសា វេលា​ម៉ោង ១៧:៤០ នាទី បន្ទាប់​ពី​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩។

ដោយ​ស្ថានភាព​ជំងឺ​មិន​បាន​ធូរស្រាល ហត់​ខ្លាំង គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ​នៅ​ថ្ងៃទី ១៦ វេលា​ម៉ោង ១៥:០០ នាទី។ រហូត​ដល់​ថ្ងៃទី ១៧ មេសា អ្នក​ជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើងៗ ហត់​ដង្ហក់​ខ្លាំង ដែល​ត្រូវ​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស រួម​ទាំង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​បាន។

តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ជនជាតិ​ខ្មែរ​ទាំង ២ រូប​នេះ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​វិបត្តិ​ផ្លូវ​ដង្ហើម​ស្រួចស្រាល់​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំង​សង​ខាង​ដោយសារ​វីរុស​កូវីដ ១៩៕